ដំណាំស្រូវ

អភិបាលខេត្តពោធិ៍សាត់ ប្រាប់ឱ្យកសិករផ្អាកធ្វើស្រូវប្រាំងលើកទី២ ដើម្បីទប់ស្កាត់ការខ្វះទឹក និងខាតបង់ថវិកា


រដ្ឋបាលខេត្តពោធិ៍សាត់ បានណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២របស់ខ្លួន ដើម្បីទល់ស្តាត់កុំឱ្យខ្វះទឹកសម្រាប់ប្រើប្រាស់ និងបញ្ចៀសការខាតបង់។ តែយ៉ាងណា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់អះអាងថា ការផ្អាកធ្វើស្រូវប្រាំងលើកទី២នេះ មិនបានប៉ះពាល់ដល់ការប្រមូលផលស្រូវសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ខេត្តពោធិ៍សាត់នោះទេ ដ្បិតថា ការធ្វើស្រូវប្រាំងលើកទី១មានចំនួនច្រើនលើសលប់ និងទទួលបានទិន្នផលច្រើនរួចទៅហើយ។
ដំណាំស្រូវ
ដោយ

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ​តាមផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រពលើការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣-២០២៤ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុងឆ្នាំ២០២៤នេះ គឺបានត្រឹមតែប្រមាណ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្ដែងកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករបានកើនរហូតដល់ជាង៤ម៉ឺន៦ពាន់ហិកតា ដែលលើសផែនការប្រើប្រាស់ទឹកជាង២ម៉ឺន៦ពាន់ហិកតាឯណោះ។

កត្តានេះបានជំរុញឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ណែនាំដល់កសិករដែលកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤នេះ ត្រូវផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

រដ្ឋបាលខេត្តពោធិ៍សាត់នឹងមិនទទួលខុសត្រូវលើការខ្វះទឹកសម្រាប់ស្រោចស្រពផលដំណាំនៅរដូវប្រាំងឡើយ ប្រសិនបើកសិករមិនធ្វើតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត។ ជាមួយគ្នានេះ លិខិតដែលចុះហត្ថលេខាដោយឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ណែនាំឱ្យប្រជាពលរដ្ឋទូទាំងខេត្តត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។

តែយ៉ាងណាជុំវិញបញ្ហានេះ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការឱ្យផ្អាកការធ្វើស្រែប្រាំងលើកទីពីរនេះ វាមិនបានធ្វើឱ្យប៉ះពាល់ដល់ផែនការនាំចេញស្រូវរបស់ខេត្តនោះទេ ដ្បិតថា ការធ្វើស្រូវប្រាំងរបស់កសិករមកទល់ពេលនេះហាក់មានបរិមាណច្រើនលើសលប់ ខណៈការប្រមូលផលស្រូវរបស់ពួកគាត់កន្លងមក ក៏មានបរិមាណច្រើនសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងខេត្តក៏ដូចជាការនាំចេញផងដែរ។

បើតាមប្រធានមន្ទីរកសិកម្មរូបនេះ ការបង្កើនការដាំដុះស្រូវប្រាំងច្រើនលើសលប់របស់ប្រជាកសិករនេះ គឺបន្ទាប់ពីតម្លៃស្រូវទទួលបានតម្លៃល្អនាពេលកន្លងមក។

​សូមជម្រាបថា ការប្រមូលផលស្រូវប្រាំងសរុបនៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំមុនសម្រេចបានប្រមាណជាង១៨០ពាន់តោន។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាផលិតមាសបានជាង៩តោន និងរកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបាន៥០លានដុល្លារ

ព័ត៌មាន
ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា មានការរីកចម្រើនយ៉ាងផុសផុលនាពេលបច្ចុប្បន្ននេះ ខណៈដែលប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុង…

រដ្ឋមន្ត្រីកសិកម្មបញ្ជាឲ្យសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហាចាក់ស្រែះជុំវិញទីផ្សារសត្វ និងសាច់សត្វ

ព័ត៌មាន
ស្របពេលដែល ទីផ្សារសត្វ និងសាច់សត្វកំពុងជួបបញ្ហាកាន់តែក្ដៅគគុកនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ