វិស័យ SME

មេ SME ស្នើឱ្យពលរដ្ឋបន្តពូនជ្រំស្មារតីគាំទ្រផលិតផលខ្មែរ ដើម្បីជួយជំរុញសេដ្ឋកិច្ច


ចលនាធ្វើពហិការទំនិញថៃ របស់ពលរដ្ឋកម្ពុជា បានក្លាយជាឱកាសមាសសម្រាប់ជំរុញការរីកចម្រើនរបស់វិស័យ SME កម្ពុជា នៅមួយរយៈចុងក្រោយនេះ។ តែទោះជាយ៉ាងណា មេ SME កម្ពុជា បានអះអាងថា វិស័យផលិតកម្មក្នុងស្រុកនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការជួយលើកទឹកចិត្តពីរាជរដ្ឋាភិបាលបន្ថែម និងស្នើឱ្យពលរដ្ឋបន្តស្មារតីគាំទ្រផលិតផលក្នុងស្រុកឱ្យបានផុសផុលបន្ថែមទៀត ដើម្បីជំរុញការរីកចម្រើនរបស់វិស័យ SME កម្ពុជា ក្នុងរយៈពេលវែង។
វិស័យ SME
ដោយ

ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈសម្ទុះគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ បានជំរុញឱ្យវិស័យ SME កម្ពុជា មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ។ ថ្នាក់ដឹកនាំ SME រូបនេះទទួលស្គាល់ថា ផលិតផលក្នុងស្រុកមួយចំនួននៅមិនទាន់អាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាននោះទេ ជាពិសេសលើសោភណភាពនៃការវេចខ្ចប់។ តែយ៉ាងណាលោកស្នើឱ្យពលរដ្ឋបន្តជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមគ្នាជំរុញការរីកចម្រើនរបស់វិស័យ​ SME កម្ពុជា ក្នុងរយៈពេលវែង។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនេះ ការចូលរួមផ្តល់ការលើកទឹកចិត្ត និងជួយគាំទ្របន្ថែមពីសំណាក់រាជរដ្ឋាភិបាលវាជារឿងចាំបាច់ក្នុងការជួយជំរុញការរីកចម្រើន និងការប្រកួតប្រជែងរបស់វិស័យ SME កម្ពុជា។

​​ពាក់ព័ន្ធបញ្ហានេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលមានគោលនយោបាយជំរុញលើកកម្ពស់វិស័យ SME ក៏ពិតមែន ប៉ុន្តែវិស័យនេះនៅតែជួបបញ្ហាប្រឈមច្រើនដូចជាការខ្វះកម្លាំងពលកម្មជំនាញ ខ្វះដើមទុន និងទំនុកចិត្តគាំទ្រពីអ្នកប្រើប្រាស់ជាដើម ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះ។ បើតាមអ្នកជំនាញរូបនេះ កត្តាថ្លៃដើមផលិតខ្ពស់ ក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វិស័យនេះក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូលផងដែរ បើទោះបីជាកម្ពុជា ជាប្រទេសមានវត្ថុដើមច្រើនសម្រាប់កែច្នៃក៏ដោយ។ អ្នកឧកញ៉ា ហ៊ុន ឡាក់ យល់ឃើញថា រាជរដ្ឋាភិបាលគួរបង្កើនកញ្ចប់ហិរញ្ញវត្ថុណាមួយបន្ថែមទៀតសម្រាប់ជួយជំរុញវិស័យនេះ ហើយការបង្កើនស្តង់ដាគុណភាព និងសោភណភាពវេចខ្ចប់ផលិតផលបន្ថែម ក៏ជាផ្នែកមួយសំខាន់ក្នុងការប្រកួតប្រជែងផងដែរ។

​បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយថៃ បញ្ឆេះសង្គ្រាមឈ្លានពានមកលើកម្ពុជា បានជំរុញឱ្យវិស័យ SME នៅកម្ពុជា មានការរីកច្រើនគួរឱ្យកត់សម្គាល់ ដោយមានរោងចក្រសហគ្រាសក្នុងស្រុកជាច្រើនបានពង្រីកខ្សែច្រវាក់ផលិតកម្ម និងមួយចំនួនបានធ្វើពិពិធកម្មផលិតផលបន្ថែម ខណៈរោងចក្របង្កើតថ្មី ក៏មានការកើនឡើងច្រើនផងដែរ។ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានរោងចក្រឧស្សាហកម្មធុនធំចំនួន៥៦២រោងចក្រ និងរោងចក្រសហគ្រាសធុនតូច និងធម្យមចំនួន១,០៩៩រោងចក្រ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


វេទិកាសេដ្ឋកិច្ចពិភពលោកព្រមានពីហានិភ័យមួយចំនួនដែលអាចគំរាមកំហែងដល់ស្ថិរភាពសកល

វេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញពីបញ្ហាប្រឈមធំៗចំនួន៥ ដែលអាចគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នៅមុនពេលមេដឹកនាំពិភពលោក …

បក្សប្រជាជនថៃ ដកបេក្ខជនឈរឈ្មោះបោះឆ្នោតយ៉ាងតក់ក្រហល់ ដោយសារជាប់ពាក់ព័ន្ធអាជីវកម្មល្បែងអនឡាញ

បក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំនៅថៃ បានដកបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពឈរឈ្មោះរបស់ខ្លួនសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ