ស្ថិតិបានបង្ហាញថា អត្រាអតិផរណានៅក្នុងប្រទេសឡាវបានថមថយបន្តិចប៉ុណ្ណោះ ពោលគឺពីថយចុះពីជិត២៩% នៅខែមិថុនា មកនៅជិត២៨% នៅខែកក្កដា ប៉ុន្តែតម្លៃនៃទំនិញប្រើប្រាស់ទូទៅដោយរួមទាំងស្បៀងអាហារ និង ភេសជ្ជៈមិនមែនជាគ្រឿងស្រវឹង គឺនៅតែមានខ្ពស់ គឺមានរហូតដល់ទៅជិត ៣៨ ភាគរយ ។
ការិយាល័យស្ថិតិឡាវបានអះអាងថា អស្ថិរភាពនៃលុយគីប ដែលជារូបិយវត្ថុជាតិឡាវ គឺជាកត្តាមួយនៅក្នុងចំណោមកត្តាសំខាន់ៗ ដែលបង្កឲ្យមានអតិផរណា ខណៈដែល១ភាគ៣នៃតម្លៃទំនិញប្រើប្រាស់ គឺត្រូវបានគេដឹងថា មានការទូទាត់ជាលុយគីប នៅពេលដែលនាំចូល ។
ពាក់ព័ន្ធនឹងបញ្ហានេះអាជីវករលក់អាហារមួយរូបនៅទីក្រុង វាង វៀន ដែលជាគោលដៅទេសចរណ៍មួយនៅឡាវបានអះអាងប្រាប់អ្នកសារព័ត៌មានថា អាហារដែលនាងលក់គឺកំពុងតែឡើងថ្លៃ ដោយសារតែតម្លៃគ្រឿងផ្សំ និង ម្ហូបអាហារឡើងថ្លៃ ។
ដោយឡែក ដើម្បីរក្សាស្ថិរភាពលុយគីប លោក ប៊ុនលឺ ស៊ីនសាយវូរ៉ាវង្ស (Bounleua Sinxayvoravong)អគ្គទេសាភិបាល ធនាគារកណ្តាលឡាវបានអះអាងថា ធនាគារកណ្តាលនឹងបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អតិផរណា និងកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាជន ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំខែកក្កដា លោក ស៊ុនសៃ ស៊ីផាន់ដន ( Sonexay Siphandone ) នាយករដ្ឋមន្ត្រីឡាវ បានណែនាំដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ទប់ស្កាត់អតិផរណាដែលកើនឡើងខ្ពស់ និងដោះស្រាយបញ្ហាបំណុលសាធារណៈកម្រិតខ្ពស់។
នៅពេលនេះ ប្រទេសឡាវកំពុងតស៊ូ ដើម្បីជម្នះការលំបាកផ្នែកសេដ្ឋកិច្ច និងហានិភ័យនៃហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ខណៈដែលបរិយាកាសសកលលោកនៅតែមិនទាន់បង្កលក្ខណៈ អំណោយផល។
ការធ្លាក់ចុះនៃប្រាក់គីប របស់ឡាវ និងអតិផរណាកើនខ្ពស់ ក៏ជាការជំរុញឲ្យប្រជាពលរដ្ឋឡាវចេញស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើនដែរ ដែលបញ្ហានេះ បានបណ្ដាលឲ្យមានការខ្វះខាតកម្លាំងពលកម្មនៅក្នុងស្រុក។
តាមសេចក្ដីរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍ បញ្ហាការចំំណាយលើការរស់នៅកើនឡើង និងប្រាក់ឈ្នួលទាប បានបង្ខំឲ្យជនជាតិឡាវរាប់ពាន់នាក់ ស្វែងរកការងារនៅប្រទេសផ្សេងៗ ដោយភាគច្រើន នៅប្រទេសថៃ និងកូរ៉េខាងត្បូងជាដើម៕
ដោយៈ សរ សុជាតិ