បុណ្យចូលឆ្នាំថ្មី

អ្នកជំនាញវាយតម្លៃថា អំណាចនៃការចាយរបស់ពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនឹងខ្ពស់ជាងឆ្នាំមុន


ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខិតជិតចូលមកដល់ប្រជាពលរដ្ឋភាគច្រើនបានត្រៀមកញ្ចប់ថវិកាមួយចំនួនសម្រាប់ចំណាយទៅលើការទិញរបស់របរ និងធ្វើដំណើរកម្សាន្តទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។ បើតាមការវាយតម្លៃរបស់ក្រុមជំនាញសេដ្ឋកិច្ច លទ្ធភាពចំណាយរបស់ពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះទំនងជាមានការកើនឡើង បើធៀបនឹងឆ្នាំមុន។ តើមានកត្តាអ្វីជំរុញឱ្យការចំណាយរបស់ពលរដ្ឋនៅឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ហើយតាមរយៈការចំណាយរបស់ពលរដ្ឋរួមចំណែកយ៉ាងណាក្នុងការជំរុញចរន្តសាច់ប្រាក់ក្នុងសេដ្ឋកិច្ច?
បុណ្យចូលឆ្នាំថ្មី
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ លទ្ធភាពចំណាយរបស់ប្រជាពលរដ្ឋទំនងជាមានការកើនឡើងច្រើន បើធៀបនឹងឆ្នាំមុន។ ការវាយតម្លៃបែបនេះ ក៏ដោយសារលោកកត់សម្គាល់ឃើញថា បច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ច និងការប្រកបអាជីវកម្មរបស់ពលរដ្ឋហាក់មានស្ថិរភាព និងស្ថានភាពល្អប្រសើរជាងមុន។ ម្យ៉ាងទៀតតាមរយៈការរៀបចំព្រឹត្តិកាណ៍អង្គរសង្រ្កាន្តយ៉ាងធំនៅទឹកដីខេត្តសៀមរាប ក៏នឹងជំរុញឱ្យពលរដ្ឋមួយចំនួនបង្កើនការចំណាយលើការដើរកម្សាន្តនាព្រឹត្តការណ៍នោះផងដែរ។ អ្នកជំនាញរូបនេះបានចាត់ទុកការចំណាយរបស់ពលរដ្ឋនៅប៉ុន្មានថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញចរន្តសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច និងវិស័យទេសចរណ៍។ តែយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា តាមរយៈការបញ្ចេញរថយន្តក្រុងសាធារណៈដឹកពលរដ្ឋដោយឥតគិតថ្លៃនាឱកាសពិធីបុណ្យចូលឆ្នាំបានជួយសម្រួលដល់ការចាយវាយរបស់ពលរដ្ឋបានមួយកម្រិត។

​ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា រៀងរាល់ពិធីបុណ្យទានម្តងៗ តម្លៃទំនិញ និងសេវាកម្មភាគច្រើននឹងមានការកើនឡើង ដូច្នេះវានឹងជំរុញឱ្យការចាយវាយរបស់ប្រជាពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ នឹងមានការកើនឡើងទ្វេដង បើធៀបនឹងថ្ងៃធម្មតា ដ្បិតពួកគេត្រូវចំណាយទាំងទៅលើការធ្វើដំណើរ និងការទិញរបស់របរផ្សេងៗ។ បើតាមអ្នកជំនាញរូបនេះ ទោះមិនទាន់មានការស្រាវជ្រាវលើការចំណាយរបស់ពលរដ្ឋនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរក៏ពិតមែន ប៉ុន្តែលោកបានប៉ាន់ប្រមាណថា ពលរដ្ឋក្នុងមួយគ្រួសារអាចនឹងចំណាយមិនក្រោម៣០០ដុល្លារនោះទេ នៅក្នុងអំឡុងពិធីបុណ្យនេះ។ លោក យង់ គិមអេង បានគូសបញ្ជាក់ដែរថា តាមរយៈការចាយវាយរបស់ពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ ប្រាកដណាស់ វានឹងជំរុញឱ្យចរន្តសេដ្ឋកិច្ចមានចលនា ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានកំណើន ដោយសាររដ្ឋនឹងទទួលចំណូលមកវិញតាមរយៈការប្រមូលពន្ធ។

​គួរជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


ចិញ្ចើមផ្លូវមួយចំនួននៅរាជធានីភ្នំពេញ នៅតែត្រូវបានពលរដ្ឋ និងអាជីករមួយចំនួនរំលោភយកធ្វើជាទីតាំងសម្រាប់ប្រកបអាជីវកម្ម

អ្នកជំនាញសង្កេតឃើញថា ចិញ្ចើមផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅតែត្រូវបានប្រជាពលរដ្ឋ និងអាជីករមួយចំនួនរំលោភយកទៅធ្វើជាទីតាំងសម្រាប់លក់…

កម្ពុជា គ្រោងនាំចេញក្រពើរស់ប្រមាណ២ពាន់ក្បាលទៅកាន់ទីផ្សារចិន ជាលើកទី២ ក្រោយជោគជ័យលើការនាំចេញលើកដំបូង

កម្ពុជា គ្រោងនាំចេញសត្វក្រពើរស់ប្រមាណ២ពាន់ក្បាលបន្ថែមទៀតទៅកាន់ទីផ្សារចិន បន្ទាប់ពីទទួលបានជោគជ័យលើការនាំចេញលើកដំបូងប្រមាណ១ពាន់ក្បាល។ បើត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ