ថៃ ឈ្លានពានកម្ពុជា

តើកម្ពុជា គួរប្រើយន្តការណាដើម្បីអាចទាមទារដីដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ?


ក្រោយយោធាថៃ បានឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ទាំងខុសច្បាប់ ថ្មីៗនេះគេសង្កេតឃើញថា ថៃ បានសាងសង់សំណង់រឹងនៅទឹកដីខ្មែរជាច្រើនកន្លែង ដែលកំពុងក្លាយជារឿងដ៏គួរឱ្យព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ស្របពេលយន្តការទ្វេភាគីហាក់កំពុងស្ថិតក្នុងភាពជាប់គាំង ក្រុមអ្នកវិភាគបានលើកឡើងពីលទ្ធភាព នៃការប្រើយន្តការអន្តរជាតិ ឬសូម្បីតែការប្រើប្រាស់កម្លាំងទ័ព ដើម្បីការពារបូរណភាពទឹកដី។ តើកម្ពុជា មានជម្រើសអ្វីខ្លះក្នុងការដោះស្រាយបញ្ហាទឹកដីក្នុងស្ថានភាពដ៏ស្រួចស្រាល់នេះ?
ថៃ ឈ្លានពានកម្ពុជា
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម យល់ឃើញថា ការពឹងផ្អែកតែលើគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ហាក់មានសង្ឃឹមតិចតួចណាស់ក្នុងការទទួលបានដី​ដែលថៃ កំពុងកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញ។ ការវាយតម្លៃបែបនេះ ក៏ដោយសារលោកយល់ថា JBC គ្រាន់តែជាយន្តការបច្ចេកទេសសម្រាប់វាស់វែង និងកំណត់ព្រំដែន មិនមែនជាតុលាការដែលអាចកាត់សេចក្តីបាន។ ទន្ទឹមនឹងនេះ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា កម្ពុជា ចាំបាច់ត្រូវប្រើប្រាស់យន្តការកាទូតឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដាក់សម្ពាធឱ្យថៃ បញ្ឈប់ការសាងសង់សំណង់រឹងជាបន្ទាន់ និងត្រូវត្រៀមខ្លួនប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ទោះបីជាបច្ចុប្បន្នស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកកំពុងឡើងកម្ដៅក៏ដោយ។

​ដោយឡែកលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានលើកឡើងថា ប្រសិនបើថៃ មានឆន្ទៈដោះស្រាយតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឬគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ពិតប្រាកដ នោះថៃត្រូវតែគោរពតាមអនុស្សរណៈយោគយល់ (MoU) ឆ្នាំ២០០០ និង២០០១ ដែលកំណត់យកផែនទីបារាំង-ស្យាម ខ្នាត១/២០០.០០០ ជាមូលដ្ឋាន ដូចនេះតម្រូវឱ្យថៃ ប្រគល់ដីដែលដណ្តើម​បានមកឱ្យកម្ពុជាវិញ។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ថៃនឹងមិនព្រមចូលរួមប្រជុំដោះស្រាយបញ្ហានេះនោះទេ ពោលគឺថៃ ហាក់កំពុងប្រើល្បិចពន្យារពេល ដើម្បីគេចវេសពីការដោះស្រាយ។ ក្នុងករណីជាប់គាំងបែបនេះ កម្ពុជា អាចរុញបញ្ហានេះទៅកាន់ដោះស្រាយតាមយន្តការអាស៊ាន ឬអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ និងតុលាការអន្តរជាតិ ក្រុងឡាអេ (ICJ) ប៉ុន្តែយន្តការទាំងនេះទាមទារឱ្យមានយុទ្ធសាស្ត្របញ្ចុះបញ្ចូលកម្រិតខ្ពស់ទើបមានប្រសិទ្ធភាព។

ជាជម្រើសចុងក្រោយ អ្នកជំនាញបានលើកឡើងពីវិធីសាស្ត្រក្តៅ ដែលអាចផ្តល់លទ្ធផលរហ័ស ប៉ុន្តែមានហានិភ័យខ្ពស់ នោះគឺការប្រើប្រាស់កម្លាំងទ័ពដើម្បីវាយបក និងដណ្តើមយកទឹកដីមកវិញ ដូចទៅនឹងសេណារីយ៉ូ ដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន។ ទោះជាយ៉ាងណា ការប្រើប្រាស់កម្លាំងយោធាទាមទារឱ្យកម្ពុជា មានកញ្ចប់ថវិកាយ៉ាងមហាសាល ការពង្រឹងសព្វាវុធទំនើបៗ ដូចជាយន្តហោះចម្បាំង និងនាវាចម្បាំង រួមទាំងការត្រៀមលក្ខណៈយុទ្ធសាស្ត្ររយៈពេលវែង។ សរុបមកកម្ពុជា កំពុងស្ថិតក្នុងរបត់នយោបាយដ៏សំខាន់មួយ ដែលទាមទារឱ្យមានការសម្រេចចិត្តយ៉ាងហ្មត់ចត់ រវាងការអត់ធ្មត់តាមផ្លូវច្បាប់ និងការប្រើប្រាស់ធម៌ក្តៅ ដើម្បីការពារអធិបតេយ្យភាពជាតិ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើកម្ពុជា គួរចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដើម្បីផលប្រយោជន៍ ឬដកថយដើម្បីសុវត្ថិភាពថវិកា?

រហូតមកទល់ពេលនេះ កម្ពុជា ពុំទាន់បង្ហាញជំហរផ្លូវការណាមួយចំពោះលិខិតអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការចូលរួម…

ក្រុមហ៊ុនរបស់ជប៉ុន Suzuki សម្រេចលក់រោងចក្រផលិតរថយន្តនៅថៃ ហើយនឹងចាកចេញពីទីផ្សារនេះ

ក្រុមហ៊ុនជប៉ុន Suzuki Motor បានយល់ព្រមលក់រោងចក្រផលិតរថយន្តរបស់ខ្លួននៅខេត្ត Rayong ប្រទេសថៃ ឱ្យទៅក្រុមហ៊ុនអាម៉េរិក Ford Motor ក្រោយឈប់ផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ