ជុំវិញនឹងការថយចុះការនាំចេញគ្រាប់ស្វាយចន្ទីនេះដែរ ត្រូវបានប្រធានសមាគមស្វាយចន្ទី អះអាងថា គឺដោយសារតែបញ្ហាអាកាសធាតុបានធ្វើឲ្យទន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះ និងមិនអាចផលិតបាននូវគ្រាប់ស្វាយចន្ទី ដែលមានគុណភាពខ្ពស់បានច្រើនគ្រប់គ្រាន់ សម្រាប់តម្រូវការទីផ្សារ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ដំណាំស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលសម្រាប់នាំចំណូលចូលសេដ្ឋកិច្ចជាតិ ជាក់ស្ដែង ត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២នេះ សមាគមស្វាយចន្ទីកម្ពុជា សម្រេចបានការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិចំនួន ៦៦ម៉ឺនតោន ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ ថយចុះជាង៣៤%។
ការធ្លាក់ចុះនេះ បណ្ដាលមកពីឆ្នាំនេះ បញ្ហាអាកាសធាតុបានធ្វើឲ្យទិន្នផល និងគុណភាព គ្រាប់ស្វាយចន្ទីធ្លាក់ចុះ មិនអាចឆ្លើយតបតាមតម្រូវការទីផ្សារ។ នេះបើតាមការគូសបញ្ជាក់ របស់លោក អួន ស៊ីឡុត។
ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ អះអាងបន្ថែមថា ដំណាំគ្រាប់ស្វាយចន្ទី ជាដំណាំមានសក្ដានុពលខ្ពស់ក្នុងការនាំចេញ និងរកចំណូលចូលសេដ្ឋកិច្ចជាតិបានចំនួនច្រើនជាងការនាំចេញស្រូវអង្ករទៅទៀត។
ចំពោះតម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំ ២០២២នេះ ហាក់មានជួបនូវបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារតែកត្តាអាកាសធាតុប្រែប្រួល បានធ្វើឲ្យគ្រាប់ស្វាយចន្ទីខូចគុណភាព ដែលធ្វើឲ្យការលក់មិនបានតម្លៃខ្ពស់។ បើតាម លោក អួន ស៊ីឡុត បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួត អាចលក់បានតម្លៃចន្លោះពី ៤.២០០រៀល ទៅ៧.២០០រៀល ក្នុងមួយគីឡូក្រាម។ ក្រៅតែពីបញ្ហាអាកាសធាតុដែលប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីហើយនោះ ការខ្វះខាតនូវរោងចក្រសហគ្រាសសម្រាប់កែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ក៏ជាបញ្ហាប្រឈមមួយនាំឲ្យតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះផងដែរ។
ប្រធានសមាគមស្វាយចន្ទីអះអាងថា នៅកម្ពុជាបច្ចុប្បន្នមានរោងចក្រចំនួន៤ និងសហគ្រាសតូចៗប្រមាណ ២០ ប៉ុណ្ណោះ ដូច្នោះហើយមិនអាចស្រូបទិញកសិផលគ្រាប់ស្វាយចន្ទីបានទាន់ពេលវេលានោះទេ ដែលជាហេតុធ្វើឲ្យឈ្មួញដែលបញ្ជាទិញពីក្រៅប្រទេស ធ្វើការទម្លាក់តម្លៃគ្រាប់ស្វាយចន្ទី ទាំងគ្រាប់សើម និងគ្រាប់ស្ងួត បានតាមតែចិត្តរបស់ពួកគេតែម្តង។
សូមបញ្ជាក់ថា ទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួន ១លាន១សែនតោន ដែលអាចរកចំណូលបានចំនួន ១ពាន់៦រយលានដុល្លារ៕