សមាគមស្វាយចន្ទីកម្ពុជា ទម្លាក់ការព្យាករទិន្នផលស្វាយចន្ទី

កត្តាអ្វីខ្លះជំរុញឲ្យសមាគមស្វាយចន្ទីកម្ពុជា ទម្លាក់ការព្យាករទិន្នផលស្វាយចន្ទីមកនៅត្រឹម ៥០-៧០ម៉ឺនតោននៅឆ្នាំនេះ?


បញ្ហាការប្រែប្រួលអាកាសធាតុខ្លាំង នៅតែជាបញ្ហាប្រឈមនៅក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីនៅក្នុងឆ្នាំ២០២៣នេះ។ តួយ៉ាង បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា សមាគមស្វាយចន្ទីកម្ពុជា បានទម្លាក់ការព្យាករទិន្នផលស្វាយចន្ទីនៅឆ្នាំ២០២៣នេះ មកនៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០២២ កន្លងទៅ សមាគមស្វាយចន្ទីកម្ពុជាបានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ ១លានតោន។ តើទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះនេះ អាចនឹងបង្កផលប៉ះពាល់យ៉ាងណាខ្លះដល់ការនាំចេញនៅឆ្នាំនេះ?
សមាគមស្វាយចន្ទីកម្ពុជា ទម្លាក់ការព្យាករទិន្នផលស្វាយចន្ទីមកនៅត្រឹម ៥០-៧០ម៉ឺនតោននៅឆ្នាំនេះ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុបច្ចុប្បន្នមិនអំណាយផលបានធ្វើឱ្យទិន្នផលស្វាយចន្ទីនៅឆ្នាំនេះ ហាក់មិនសូវមានភាពល្អប្រសើរជាងឆ្នាំ២០២២ នោះទេ ដោយហេតុថា មេឃមិនអំណោយផល ភ្លៀងធ្លាក់ដោយអន្លើ បានធ្វើឲ្យស្វាយចន្ទីគាំងក្តឹប និងខូចផ្កាជាដើម។ ហើយកត្តានេះ ត្រូវបានសមាគមស្វាយចន្ទីកម្ពុជា ទម្លាក់ការព្យាករណ៍ទិន្នផលមកត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោនប៉ុណ្ណោះ នៅឆ្នាំ២០២៣នេះ ខណៈកាលពីចុងឆ្នាំ២០២២ កន្លងទៅ សមាគមស្វាយចន្ទីកម្ពុជាបានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ ១លានតោន ឯណោះ។

មិនត្រឹមតែបញ្ហាអាកាសធាតុមិនអំណោយផលនោះទេ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែបង្ហាញការព្រួយបារម្ភចំពោះបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទី ដូចជាការឡើងថ្លៃនៃតម្លៃប្រេង និងជីថ្នាំកសិកម្ម ជាដើម។ លើសពីនេះ បញ្ហាថយចុះនៃកម្លាំងពលកម្ម ក្នុងផលិតកម្មដំណាំស្វាយចន្ទី និងការបន្តកាប់ដើមស្វាយចន្ទីចោលបន្ថែមទៀត ក៏នៅតែជាក្ដីព្រួយបារម្ភផងដែរ ។

យ៉ាងណាក៏ដោយចុះ ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ អះអាងថា តម្លៃគ្រាប់ស្វាយចន្ទីសើមឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន ដោយហេតុថាគុណភាពគ្រាប់ល្អ ផលិតបានតិច និងមានក្រុមហ៊ុនចុះមកទិញផ្ទាល់ ដោយមិនឆ្លងកាត់ឈ្មួញកណ្តាលច្រើនដូចឆ្នាំកន្លងទៅ។ ជាក់ស្តែង នៅដើមឆ្នាំ ២០២៣នេះ តម្លៃគ្រាប់ស្វាយចន្ទីសើមអាចលក់បានចន្លោះពី ៥០០០៛ ទៅ ៦២០០៛ ក្នុងមួយគីឡូក្រាម។

ដោយឡែក បើតាម លោក វ៉ា រុតសាន រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាអ្នកជំនាញដាំដំណាំស្វាយចន្ទី បានឱ្យដឹងថា ទិន្នផលស្វាយចន្ទី គឺពឹងផ្អែកខ្លាំងទៅលើអាកាសធាតុ ពោលគឺកាលណាមានភ្លៀងធ្លាក់ជាប់ច្រើន ទិន្នផលនឹងធ្លាក់ទាបផងដែរ។ ទោះយ៉ាងណា សម្រាប់ទិន្នផលនៅឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំមុន លោក វ៉ា រុតសាន យល់ឃើញថា នឹងមានផលល្អជាងឆ្នាំមុន ដោយសារតែនៅឆ្នាំនេះ មានភ្លៀងធ្លាក់ដោយអន្លើ ប៉ុន្តែកាលពីឆ្នាំមុនមានភ្លៀងធ្លាក់ជាប់ច្រើន។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី ចំនួន ៦៧ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ថយចុះជិត ៣៥% បើធៀបនឹងឆ្នាំ២០២១ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ១ពាន់៧៧លានដុល្លារ។ ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសវៀតណាមវិញ មានចំនួន ៦៦ម៉ឺនតោន បានថយចុះ ៣៧% បើធៀបនឹងឆ្នាំ២០២១ ខណៈដែលគិតជាទឹកប្រាក់នាំចេញវិញមានប្រមាណ ១ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុន ចាន់ថុល៖ ថ្នាក់ដឹកនាំកំពូលៗរបស់ចិន គាំទ្រកម្ពុជាតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាមួយចិន ឡាវ និងថៃ

ព័ត៌មាន
ថ្នាក់ដឹកនាំកំពូលរបស់ចិន ថ្មីៗនេះ បានប្រកាសផ្តល់ថវិកាចំនួន៣០០លានយ៉ន់ ឬប្រមាណ៤៥លានដុល្លារដល់កម្ពុជា ដើម្បីចំណាយលើការសិក្សា និងដោះស្រាយផ…

ក្រសួងសេដ្ឋកិច្ចដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីជួយជំរុញឲ្យសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរឹងមាំ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ