សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅថ្ងៃទី២០ធ្នូនេះ វាជាលើកដំបូងហើយ ក្នុងរយៈពេល១០ខែ កន្លងមកនេះ ចាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈអត្រាឆ្លងថ្មីប្រចាំថ្ងៃមានត្រឹម ៧នាក់ ប៉ុណ្ណោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប្រជាជនកម្ពុជា ប្រមាណ ១២ម៉ឺននាក់ ឆ្លងកូវីដ-១៩ និងមានអ្នកស្លាប់រហូតប្រមាណ ៣ពាន់នាក់។ សម្ដេចហ៊ុន សែន បានបន្តថា ការចាប់ផ្ដើមរបស់កម្ពុជា ដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសាកលមួយនេះ បានធ្វើឱ្យប្រជាជនកម្ពុជា ឆ្លងកូវីដ-១៩ រាប់រយនាក់ និងមានអ្នកស្លាប់រាប់សិបនាក់ ក្នុងមួយថ្ងៃ និងករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតធ្លាប់មានកើនដល់ចំនួនជាងមួយពាន់នាក់ផងដែរ។ ទោះយ៉ាងណា នៅរយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅកម្ពុជា ហាក់បានថយចុះ គួរឱ្យកត់សម្គាល់ ដោយធ្លាក់នៅត្រឹម ក្រោម១០នាក់ ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ការថយចុះអត្រានៃការឆ្លងកូវីដ-១៩ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជាភាពជោគជ័យមួយ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឱ្យកម្ពុជា ធ្លាក់ក្នុងជ្រោះមរណៈ។ វិបត្តិកូវីដ-១៩ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩ ពីបណ្ដាប្រទេសដទៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋសរុបជិត ៨៩ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការបិទបញ្ចប់នូវ«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» មិនមែនមានន័យថា កម្ពុជា ត្រូវបិទបញ្ចប់នូវការប្រយុទ្ធប្រឆាំងកូវីដ-១៩ នោះទេ ដោយសម្ដេច នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជាន់តាមគោលការណ៍របស់ក្រសួងសុខាភិបាល។ សម្ដេចសង្ឃឹមថា កម្ពុជា នឹងអាចរក្សាបាននូវអត្រាឆ្លងកូវីដ-១៩ កម្រិតទាប និងគ្មានអ្នកស្លាប់ដោយសារជំងឺនេះបន្ថែមទៀត។
បើទោះបី បច្ចុប្បន្ន ប្រជាជនកម្ពុជាស្ទើរ១០០ភាគរយទៅហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅតែបន្តជំរុញបន្ថែមទៀតឱ្យប្រជាជនកម្ពុជា ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ពិសេសការជំរុញការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។ បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃ ទី២០ ខែធ្នូ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបប្រមាណ ១២ម៉ឺននាក់ និងមានអ្នកស្លាប់ ប្រមាណ៣ពាន់នាក់៕