ប្រទេសជប៉ុន ព្រួយបារម្ភយ៉ាងខ្លាំងអំពីការផ្គត់ផ្គង់ថាមពលរបស់ខ្លួន បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នសម្រាប់ផ្គត់ផ្គង់ទូទាំងពិភពលោក។
ក្រុមមន្ត្រីជប៉ុន និយាយថា វិបត្តិនេះបង្ហាញថា ប្រទេសជប៉ុន ពឹងផ្អែកខ្លាំងពេកលើផ្លូវដឹកជញ្ជូនតាមកប៉ាល់ឆ្លងកាត់សមុទ្រចិនខាងត្បូង ជាកន្លែងដែលថាមពលរហូតដល់ទៅប្រមាណ ៨០% របស់ខ្លួនត្រូវដឹកឆ្លងកាត់សមុទ្រនេះ។ ប្រសិនបើផ្លូវសមុទ្រចិនខាងត្បូង ក៏ត្រូវបានរាំងស្ទះ ឬ បិទដូចច្រកសមុទ្រHormuz ដែរនៅថ្ងៃអនាគត វាអាចបង្កើតហានិភ័យធំមួយទៀត។
ដោយសារតែបញ្ហានេះ ប្រទេសជប៉ុន កំពុងជំរុញឱ្យក្រុមហ៊ុននានាស្វែងរកផ្លូវពាណិជ្ជកម្មជំនួស និងធ្វើពិពិធកម្មប្រភពថាមពល។ ជាក់ស្ដែង ប្រទេសជប៉ុន បានចាប់ផ្តើមទិញថាមពលបន្ថែមទៀតពីកន្លែងផ្សេងៗដូចជាសហរដ្ឋអាម៉េរិក និងកាណាដា ជាដើម។
ការបិទច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់ បានប៉ះពាល់ដល់អាស៊ី យ៉ាងខ្លាំង ដោយសារប្រទេសជាច្រើនពឹងផ្អែកលើប្រេង និងឧស្ម័នដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។ វិបត្តិកង្វះថាមពលកំពុងលេចឡើងរួចទៅហើយ បើទោះបីជាពិភពលោកបានបញ្ចេញប្រេងបម្រុងបន្ទាន់ដើម្បីរក្សាស្ថិរភាពទីផ្សារយាងណាក៏ដោយ។
ក្រុមអ្នកជំនាញព្រមានថា វិបត្តិនេះអាចអូសបន្លាយពេលយូរ ទោះបីជាច្រកសមុទ្រ Hormuz បើកឡើងវិញក៏ដោយ ព្រោះវានឹងត្រូវការពេលវេលាដើម្បីកសាងឡើងវិញនូវការផ្គត់ផ្គង់ថាមពលសកល៕
ដោយ: តែម សុខុម