ការរីកចម្រើននៃការបើកអាជីវកម្មកាហ្វេនៅប្រទេសកម្ពុជា បានធ្វើឲ្យតម្រូវការប្រើប្រាស់គ្រាប់កាហ្វេកើនឡើងរាប់រយតោនក្នុង១ឆ្នាំៗ។ ហើយការផ្គត់ផ្គង់គ្រាប់កាហ្វេឆៅក្នុងស្រុកមិនអាចឆ្លើយតបទៅនឹងតម្រូវការកើនឡើងដ៏ខ្លាំងនេះទេ ជាហេតុធ្វើឲ្យកម្ពុជានាំចូលកាហេ្វពីក្រៅប្រទេស។
បើយោងតាមរបាយការណ៍គយរបស់ប្រទេសវៀតណាម បានបង្ហាញថា នៅក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាបាននាំចូលកាហ្វេពីប្រទេសវៀតណាមចំនួន១២២តោន ដែលគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ៥៣ម៉ឺនដុល្លារអាមេរិក។
របាយការណ៍បានបន្តថា ប្រទេសកម្ពុជាមិនមែននាំចូលតែកាហ្វេពីប្រទេសវៀតណាមតែមួយនោះទេ កម្ពុជាក៏បាននាំចូលកាហ្វេមកពីប្រទេសថៃ ឥណ្ឌូនេស៊ី និងអឺរ៉ុប ផងដែរ។
របាយការណ៍ពីក្រុមហ៊ុនរៀបចំពិព័រណ៍កាហ្វេជាលក្ខណៈអន្តរជាតិមួយ បានបង្ហាញឲ្យដឹងថា កម្ពុជាមានតម្រូវការកាហ្វេប្រមាណ ១២៥០តោនក្នុងមួយឆ្នាំ ខណៈដែលការផ្គត់ផ្គង់កាហ្វេក្នុងស្រុកមិនគ្រប់គ្រាន់ ពោលមានត្រឹមតែប្រមាណ ៨០តោនតែប៉ុណ្ណោះ។
អ្នកជំនាញក្នុងវិស័យកាហ្វេនេះ បានអះអាងថា ក្នុងមួយឆ្នាំៗ ទឹកប្រាក់ដែលអតិថិជនចំណាយក្នុងហាងកាហ្វេ មានប្រមាណ ៥០លានដុល្លារអាមេរិក។ នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កំណើនហាងកាហ្វេ និង ការធ្វើអាជ្ញាប័ណ្ណផ្លាកយីហោល្បីៗ មានការកើនឡើងគួរឲ្យកត់សម្គាល់។
សូមជម្រាបថា កាលពីឆ្នាំ២០១៦ មានហាងកាហ្វេស្តាបាក់ (Starbucks) ដ៏ល្បីល្បាញរបស់អាមេរិក បានឈានជើងចូលមកទីផ្សារកាហេ្វរបស់កម្ពុជា និងបានពង្រីកសាខាខ្លួនបានជាង ៤សាខាហើយ មកដល់ពេលបច្ចុប្បន្ននេះ។
ចំណែកក្នុងឆ្នាំ២០១៧នេះ ហាងកាហ្វេអាម៉ាហ្សូនរបស់ថៃ ហាក់បីដូចជាសម្តែងឫទ្ធិយ៉ាងខ្លាំង ក្នុងការពង្រីកខ្លួនយ៉ាងលឿនក្នុងប្រទេសកម្ពុជា ហើយគ្រោងនឹងពង្រីកសាខារបស់ខ្លួន ឲ្យបានដល់ទៅ ១២០កន្លែង នៅក្នុងឆ្នាំ២០២០ខាងមុខ។
ដោយឡែក ហាងកាហ្វេក្នុងស្រុកល្បីល្បាញមួយឈ្មោះថា Brown កាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈផាកកាហ្វេបានបោះជំហានទៅមុខដោយរលូនផងដែរ នៅក្នុងវិស័យកាហ្វេនេះ បើទោះបីជាមានការកើនឡើងនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់យ៉ាងណាក៏ដោយចុះ៕