វិស័យ SME

កម្ពុជា ចាប់ដៃជាមួយជប៉ុន ដើម្បីជំរុញលទ្ធភាពទទួលបានកម្ចីរបស់វិស័យ SME នៅកម្ពុជា


ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយនៃក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុន (PRI) និងស្ថាប័ន JFC-Micro របស់ជប៉ុន បានសហការរៀបចំវគ្គបណ្តុះបណ្តាលជូនបុគ្គលិកធនាគារ SME ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការវិភាគឥណទាន ដើម្បីធ្វើយ៉ាងណាអាចជួយគាំទ្រ និងផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីយកទៅប្រើប្រាស់បានកាន់តែប្រសើរ។
វិស័យ SME
ដោយ

នាសិក្ខាសាលាស្តីពី «ចំណុចនៃការវិភាគឥណទាន និងបច្ចេកទេសសម្ភាសន៍នៃការវិភាគឥណទាន» នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក TABATA Hidetaka នាយកផ្នែកសហប្រតិបត្តិការអន្តរជាតិ នៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយនៃក្រសួងហិរញ្ញវត្ថុជប៉ុន បានគូសបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងផ្តល់នូវចំណេះដឹងជាក់ស្តែងបន្ថែម ក្នុងការពង្រឹងសមត្ថភាពរបស់បុគ្គលិកធនាគារ SME កម្ពុជា ក្នុងការវិភាគឥណទានឱ្យកាន់តែប្រសើរ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានកម្ចីយកទៅប្រើប្រាស់ ជាពិសេសសម្រាប់សហគ្រាសទើបបង្កើតថ្មីតែម្តង។ លោកសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ជាពិសេសចំណេះដឹងក្នុងការវិភាគឥណទាន ក៏ដូចជាតិចនិចក្នុងការសម្ភាស​ជាមួយសហគ្រាសទទួលកម្ចី​។

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងធនាគារ SME ជាមួយស្ថានប័នជប៉ុននេះ គឺដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកបណ្ឌិតបានវាយតម្លៃថា ការផ្តល់នូវវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់របស់ភាគីជប៉ុន ជូនដល់បុគ្គលិកធនាគារ SME នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដ្បិតថា មិនត្រឹមតែផ្តល់នូវចំណេះដឹង និងបទពិសោធន៍នោះទេ ថែមទាំងអនុញ្ញាតិឱ្យបុគ្គលិកធនាគារ SME បានទៅទទួលការអនុវត្តផ្ទាល់នៅជប៉ុនផងដែរ។ ថ្នាក់ដឹកនាំធនាគារ SME ​ជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តការជាមួយស្ថានប័ន​ជប៉ុននេះដែរ នឹងជួយជំរុញឱ្យសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា កាន់តែមានលទ្ធភាពក្នុងការទទួលបានឥណទានកាន់តែមានភាពល្អប្រសើរជាងមុនផងដែរ។

​បើតាមលោកបណ្ឌិត លឹម អូន គិតមកទល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ជាង៥០០លានដុល្លារអាម៉េរិក ដល់សហគ្រាសជាង៣ពាន់សហគ្រាស តាមរយៈគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម។ ក្នុងនោះវិស័យអាទិភាពសំខាន់ គឺវិស័យដែលទាក់ទងនឹងការកែច្នៃ និងកម្មន្តសាល ដែលបានរួមចំណែករហូតដល់ជាង៥០% នៃទំហំទឹកប្រាក់ដែលបានផ្តល់ជូនសរុប៕




អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង ខេមបូឌា ដាក់ដំណើរការកម្មវិធី HERpower

ធនាគារ មេយប៊ែង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងតំបន់ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនសារជាថ្មី ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច …

តើមានកត្តាអ្វីជំរុញឱ្យក្រុមភ្នាក់ងារផ្តល់សេវាកម្មអចលនវត្ថុមួយចំនួនបន្តរកស៊ីដោយគ្មានច្បាប់អនុញ្ញាត?

បច្ចុប្បន្នក្រុមហ៊ុន និងក្រុមភ្នាក់ងារផ្តល់សេវាកម្មវាយតម្លៃ និងទិញលក់អចលនវត្ថុទាំងមានច្បាប់អនុញ្ញាត និងពុំមានច្បាប់អនុញ្ញាតកំពុងធ្វើអាជីកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ