
គណបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បានសម្រេចដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់របស់ខ្លួនចំនួនពីររូប រួមមានលោក ង្វៀន សួនភុក អតីតប្រធានាធិបតី និងជាអតីតនាយករដ្ឋមន្ត្រីវៀតណាម និងអតីតប្រធានាធិបតីលោក វ៉ូ វ៉ានធួង ក្រោមបទចោទពួកគេទាំងពីរបានល្មើសនឹងវិន័យបក្ស។ ការដាក់ទណ្ឌកម្មនេះ ត្រូវបានគេមើលថា ជាការខិតខំប្រឹងប្រែងរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) ដើម្បីរឹតបន្តឹងវិន័យនៅមុនសមាជជាតិរបស់បក្សកុម្មុយនីស្ត ដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០២៦។
លោក ភុក, លោក ធួង និងអតីតប្រធានរដ្ឋសភាលោក វួង ឌិញ ហួ (Vuong Dinh Hue) ត្រូវបានដកហូតតំណែងនៅក្នុងបក្ស ដែលជាទោសវិន័យដ៏ធ្ងន់បំផុតទីពីរនៅក្នុងក្របខណ្ឌវិន័យទាំង៤ របស់បក្សកុម្មុយនីស្តវៀតណាម ហើយទោសវិន័យធ្ងន់បំផុត គឺការបណ្តេញចេញពីសមាជិកបក្សតែម្ដង។
លោក ភុក និងមន្ត្រីថ្នាក់កំពូលផ្សេងៗទៀត ត្រូវបានបង្ខំឱ្យចុះចេញពីតំណែងរបស់ពួកគេនៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៤ ចំពេលមានវិធានការបង្ក្រាបអំពើពុករលួយដែលបង្កើតឡើងដោយអតីតអគ្គលេខាធិការបក្សលោក ង្វៀន ភូ ត្រុង (Nguyen Phu Trong) ដែលបានស្លាប់កាលពីខែកក្កដា ឆ្នាំ២០២៤។ លោក ភុក បានធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ចំណែកលោក ធួង បានក្លាយជាមេដឹកនាំថ្នាក់លេខ២របស់បក្សនេះក្នុងនាមជាប្រធានាធិបតីវៀតណាម នៅឆ្នាំ២០២៣ ហើយលោក ហួ ត្រូវបានគេចាត់ទុកថា ជាគូប្រជែងនឹងលោក តូ ឡឹម ដែលជាមេដឹកនាំកំពូលរបស់វៀតណាមបច្ចុប្បន្ននេះ។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបើកកិច្ចប្រជុំរបស់ខ្លួនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីត្រៀមរៀបចំសម្រាប់សមាជបក្សនៅដើមឆ្នាំក្រោយនេះ ខណៈសមាជបក្សនេះតែងតែរៀបចំឡើងនៅរៀងរាល់៥ឆ្នាំម្ដង។ នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំនេះ លោក តូ ឡឹម បាននិយាយថា ការសម្រេចរបស់អង្គប្រជុំ គឺមានសារសំខាន់ខ្លាំងណាស់ ព្រោះវានឹងផ្ដល់ផលប៉ះពាល់ដោយផ្ទាល់ដល់ភាពជោគជ័យ ឬបរាជ័យនៃអាណត្តិបន្ទាប់របស់បក្សទាំងមូល ដែលចាប់ផ្តើមនៅឆ្នាំ២០២៦។
ការផ្លាស់ប្តូរគោលនយោបាយយ៉ាងឆាប់រហ័សនេះ បានបង្កឱ្យមានប្រតិកម្មមួយចំនួន ខណៈការដាក់ទណ្ឌកម្មអតីតមន្ត្រីជាន់ខ្ពស់ទាំងនេះ ហាក់មានបំណងបង្រួមអំណាចនៅក្នុងជួរបក្សតែប៉ុណ្ណោះ។ បក្សនេះ ក៏បានបណ្តេញអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ង្វៀន ធីគីម ទៀន (Nguyen Thi Kim Tien) និងដកអតីតឧបនាយករដ្ឋមន្ត្រីលោក ឡេ មិញខៃ (Le Minh Khai) ចេញពីតំណែងរបស់បក្សទាំងអស់ផងដែរ៕
ដោយ៖ សុខ មង្គល