ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនដែលរំពឹងនឹងចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងបណ្ណបំណុលនៅផ្សារមូលបត្រកម្ពុជា នាចុងឆ្នាំនេះត្រូវបានពន្យារពេលដោយសារតែមានការផ្លាស់ប្ដូរមួយចំនួន។ តែទោះជាយ៉ាងណាក៏ដោយថ្នាក់ដឹកនាំរូបនេះរំពឹងថា ប្រសិនបើនៅឆ្នាំ២០២៥ ខាងមុខ ស្ថានភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស មានភាពល្អប្រសើរនោះនឹងមានក្រុមហ៊ុនមកចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា កាន់តែជាច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ បានលើកឡើងថា ការជួញដូរភាគហ៊ុននៅក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ មានទំហំទាបជាងអ្វីដែល ឯកឧត្តម បានរំពឹងកាលពីដើមឆ្នាំ ប៉ុន្តែថ្នាក់ដឹកនាំរូបនេះ រំពឹងថា ទំហំជួញដូរពេញមួយឆ្នាំ២០២៤នេះ នឹងមានបម្រែបម្រួលជាមធ្យមចន្លោះពី១៥ម៉ឺនទៅ២០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈការបើកគណនីជួញដូរតូចៗមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការកើនឡើងនៃការបើកគណនីជួញដូរតូចៗត្រូវបានអ្នកជំនាញរូបនេះ អះអាងថា ដោយសារតែមានភាគហ៊ុនមួយចំនួនបានធ្លាក់ចុះច្រើន ជាហេតុធ្វើឱ្យភាគហ៊ុនធូរថ្លៃជាងមុន ស្របពេលសកម្មភាពផ្សព្វផ្សាយ និងការជំរុញការបើកគណនីជួញដូរមានច្រើនជាងមុន។
គួររំលឹកថា ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានរំពឹងថា នៅក្នុងឆ្នាំ២០២៤ នេះ នឹងមានក្រុមហ៊ុនថ្មីចំនួន៥ នឹងមកចុះបញ្ជី ដោយក្នុងនោះមាន២ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៣ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនបោះផ្សាយភាគហ៊ុនចំនួន១១ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ឬបណ្ណបំណុលចំនួន១២ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណជិត៤០០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា