តាមរយៈកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនេះ ហាងទំនិញតេលាម៉ាត នាពេលបច្ចុប្បន្ន ក៏នឹងត្រូវជំនួសវិញ ដោយហាងទំនិញរបស់ ឌី អេហ្វ អាយ ឡាក់គី នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈតេលាទូទាំងប្រទេសផងដែរ ។ ហាងឡាក់គីមីនី នឹងផ្តល់ជូននូវផលិតផលក្នុងស្រុក និងក្រៅស្រុកដ៏សម្បូរបែបជាច្រើនប្រភេទ ដែលរួមមាន អាហារសម្រន់ ភេសជ្ជៈ គ្រឿងទេស និងផលិតផលផ្សេងៗទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកសេវាកម្មឆាប់រហ័ស ផលិតផលប្រកបដោយគុណភាពខ្ពស់ និងភាពងាយស្រួល។
អ្នកឧកញ៉ា ឈុន អូន អគ្គនាយក នៃក្រុមហ៊ុន កម្ពុជា តេលា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន កម្ពុជា តេលា និងផ្សារទំនើប ឡាក់គី គឺជាក្រុមហ៊ុន ដែលបង្កើតទ្បើងដោយកូនខ្មែរ និងបានឈរជើងបម្រើប្រជាជនខ្មែរក្នុងទីផ្សាររយៈពេល ៣០ឆ្នាំជាងមកហើយ។”
អ្នកឧកញ៉ា មានប្រសាសន៍បន្ថែមថា "ខ្ញុំមានសេចក្តីរំភើបត្រេកអរចំពោះកិច្ចសហការមួយនេះ ដែលនឹងផ្ដល់ផលប្រយោជន៍ជូនក្រុមហ៊ុនទាំងពីរ ក៏ដូចជាប្រជាជនខ្មែរយើង ឱ្យបានប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹងសេវាកម្មរហ័សប្រកបដោយទំនុកចិត្ត ថែមទាំងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខ្មែរគាំទ្រខ្មែរ ដើម្បីការរីកចម្រើនទាំងអស់គ្នា។”
លោកស្រី ហេង ផេតធី នាយិកាជាន់ខ្ពស់ផ្នែកប្រតិបត្តិ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីតធីត បានបញ្ជាក់បន្ថែមថា ជាមួយនឹងស្មារតីរួមគ្នាក្នុងការជំរុញ «គាំទ្រផលិតផលខ្មែរ, ខ្មែរជួយខ្មែរ» ផ្សារទំនើប ឡាក់គី នឹងពន្លឿនការងារ ពង្រីកសាខាហាងឡាក់គីមីនី នៅគ្រប់សាខាស្ថានីយប្រេងឥន្ធនៈតេលានៅទូទាំងប្រទេស ខណៈ បច្ចុប្បន្ន ហាងឡាក់គីមីនីទើបតែ មាននៅតាមស្ថានីយប្រេងឥន្ធនៈតេលា ចំនួន ០៤ ទីតាំងប៉ុណ្ណោះ គឺ ០២ទីតាំងនៅភ្នំពេញ, ០១ទីតាំងនៅខេត្តកំពត និង០១ទីតាំងទៀត នៅខេត្តកំពង់ឆ្នាំង។
លោក JOSE CARLOS REIS BETTENCOURT អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានបង្ហាញនូវចំណាប់អារម្មណ៍ថា៖ “ យើងខ្ញុំពិតជាមានអារម្មណ៍រីករាយជាខ្លាំងក្នុងការចូលរួមកិច្ចសហការ ជាមួយក្រុមហ៊ុនដ៏មានកេរ្តិ៍ឈ្មោះដូច កម្ពុជា តេលា ដើម្បីពង្រីកវត្តមានរបស់យើងខ្ញុំក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្ដល់ភាពងាយស្រួល និងសេវាកម្មល្អសម្រាប់អតិថិជនខ្មែរទាំងអស់។ កិច្ចសហការនេះ ពិតជាស្របជាមួយនឹងការប្ដេជ្ញាចិត្តរបស់យើងខ្ញុំដើម្បីបង្កភាពងាយស្រួលនិងបំពេញតម្រូវការដល់អតិថិជនទាំងអស់គ្នា។”
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន កម្ពុជា តេលា កិច្ចសហការអាជីវកម្មលក់រាយរវាងក្រុមហ៊ុនទាំងពីរ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ហើយហាងទំនិញតេលាមួយចំនួន នឹងចាប់ផ្ដើមកែប្រែជាហាងទំនិញ ឡាក់គីមីនី ចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នំា២០២៤ ខាងមុខនេះផងដែរ។
ជាមួយនឹងការឈរជើងរឹងមាំមកអស់រយៈពេលជាង ៣ទសវត្សរមកនេះ បច្ចុប្បន្ន ផ្សារទំនើប ឡាក់គី មានហាងទំនិញប្រមាណជាង ១០០ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលផ្គត់ផ្គង់អាហារស្រស់ គ្រឿងទេស និងផលិតផលនាំចូលផ្ដាច់មុខដ៏សំបូរបែប។ដោយឡែក ក្រុមហ៊ុន កម្ពុជា តេលា វិញ ក៏ត្រូវបានបង្កើតឡើងអស់រយៈពេលជាង ៣ទស្សវត្សរ៍ដូចគ្នាដែរ ហើយបច្ចុប្បន្ន ជាក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ន ឈានមុខគេក្នុងនៅកម្ពុជា ។ ជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មល្អ តេលាដំណើរការបណ្តាញដេប៉ូប្រេងឥន្ធនៈ និងស្ថានីយ៍លក់រាយធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន បានផ្ដោតទៅលើ ការរួមគ្នាជាធ្នុងមួយ ឧត្តមភាព ការក្រេបយកចំណេះដឹង និងគណនេយ្យភាព ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលទទួលបានការគាំទ្រច្រើនជាងគេក្នុងនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន កម្ពុជា តេលា តែងតែបន្តអភិវឌ្ឍគ្រឿងបរិក្ខារផ្សេងៗ និងសេវាកម្ម ដើម្បីពាំនាំមកនូវអ្វីថ្មីៗ ដែលជួយដល់ជីវភាពរបស់ប្រជាជនកម្ពុជា។