ជាក់ស្ដែង គិតមកទល់បច្ចុប្បន្ននេះ អាជីវកម្មភាគច្រើនទាមទារឲ្យមានការប្រើប្រាស់នូវបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ទើបអាចមានប្រៀបនៅក្នុងការប្រកួតប្រជែង។ វាដូចទៅនឹងការលើកឡើងថា បច្ចុប្បន្ននេះ គឺជាសម័យបដិវត្តន៍ឧស្សហកម្មទី៤ ដែលផ្ដោតសំខាន់ទៅលើការដែលអាចទទួលបានព័ត៌មានមុនគេ អាចដឹងពីតម្រូវការមនុស្សមុនគេ អាចយកចិត្តមនុស្សបានខ្លាំងជាងគេ នោះនឹងអាចមានប្រៀបខ្លាំងនៅក្នុងការប្រកួតប្រជែងប្រកបទៅដោយជោគជ័យ។
ខេមបូណូមីស សូមលើកយកពីករណីមួយមកពិភាក្សា គឺទីផ្សារសេវាដឹកជញ្ជូនអ្នកដំណើរ ដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនៅកម្ពុជា។
បើយើងពិនិត្យទៅមើលអតីតកាល អាជីវកម្មផ្ដល់សេវាដឹកអ្នកដំណើរនៅកម្ពុជា ភាគច្រើនបំផុតមានតែការដឹកជញ្ជូនតាមស៊ីក្លូ ម៉ូតូឌុប ម៉ូតូកង់បី និងរថយន្ដតាក់ស៊ី ដែលជាការប្រតិបត្តិឡើងតាមបែបប្រពៃណី ពោលគឺចេញស្វែងរកអតិថិជន។ ប៉ុន្ដែ មកទល់ពេលនេះ សេវាកម្មនេះ ត្រូវបានធ្វើពិពិធកម្មខុសពីមុន ពោលគឺអតិថិជនជាអ្នកស្វែងរកសេវាកម្មវិញ ដោយសារតែមានការសម្រួល និងជំនួយបន្ថែមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា សម្រាប់ការទំនាក់ទំនងគ្នា ដែលនេះហើយ គេហៅថា ជាសេវាមួយដែលដឹងពីតម្រូវការមនុស្សមុនគេ។
ជាឧទាហរណ៍ជាក់ស្ដែង វត្តមានរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មកក់សេវាធ្វើដំណើរតាមទូរស័ព្ទស្មាតហ្វូនជាច្រើន បាននិងកំពុងធ្វើឲ្យអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបតាមបែបប្រពៃណី កំពុងបាត់បង់ចំណែកទីផ្សាររបស់ខ្លួនជាបណ្ដើរៗហើយ។ តួយ៉ាង ក្រុមហ៊ុនផ្ដល់សេវាកម្មកក់សេវាធ្វើដំណើរតាមទូរស័ព្ទស្មាតហ្វូនអន្តរជាតិធំៗចំនួន២ហើយ បានហក់ចូលក្នុងទីផ្សារកម្ពុជា ខណៈដែលក្រុមហ៊ុនក្នុងស្រុកដែលផ្ដល់សេវាកម្មនេះ ក៏មានមិនតិចដែរ។
Grab ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មកក់សេវាធ្វើដំណើរតាមទូរស័ព្ទស្មាតហ្វូនធំមួយ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានសម្រេចបើកដំណើរការផ្លូវការនៅកម្ពុជាហើយ ខណៈដែលគូប្រជែងដ៏ធំមួយទៀត គឺ UBER ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏ទើបតែបើកដំណើរការនៅកម្ពុជាកាលពីប្រមាណជាង ៣ខែមុននេះ។
បើគិតក្រៅពីក្រុមហ៊ុនអន្តរជាតិធំៗទាំងពីរខាងលើនេះ បច្ចុប្បន្ន ក៏មានក្រុមហ៊ុនក្នុងស្រុកមិនតិចនោះដែរ ដែលបាននិងកំពុងមានប្រតិបត្តិការផ្ដល់សេវាកក់សេវាធ្វើដំណើរតាមទូរស័ព្ទស្មាតហ្វូននេះ រួមមាន PassApp, Exnet Taxi, iTsumo, Ez Go, 711GO TAXI, Go-X Cambodia, និង We Go ជាដើម ។ល។
ដ្បិតថា បច្ចុប្បន្ននៅកម្ពុជា មិនទាន់មានភាពចម្រូងចម្រាសនៃការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំងអស់ក្នុងវិស័យនេះក៏ដោយចុះ ប៉ុន្ដែ បើយើងពិនិត្យទៅមើលបទពិសោធន៍នៅប្រទេសវៀតណាម ឃើញថា បញ្ហាចម្រូងចម្រាសរវាងក្រុមហ៊ុនផ្ដល់សេវាធ្វើដំណើរក្នុងស្រុក និងក្រុមហ៊ុន UBER បានកើតឡើងជាច្រើនគួរឲ្យកត់សម្គាល់ ដោយក្រុមហ៊ុនក្នុងស្រុកបានចោទថា មានការប្រកួតប្រជែងមិនស្មើភាពគ្នាជាមួយក្រុមហ៊ុន UBER។
មិនតែប៉ុណ្ណោះ ក៏មានព័ត៌មានចុះផ្សាយផងដែរ អំពីអ្នករត់ម៉ូតូឌុបនៅវៀតណាម បានបន្លំខ្លួនធ្វើជាសមាជិករបស់ Grab ដើម្បីទាក់ទាញអតិថិជនធ្វើដំណើរជាមួយ ដោយសារតែប្រជាពលរដ្ឋវៀតណាមហាក់និយមប្រើសេវាកម្មរបស់ Grab ច្រើនជាង អ្នកផ្ដល់សេវាតាមបែបប្រពៃណី។ មិនមែនតែវៀតណាមទេ នៅបណ្ដាប្រទេសផ្សេងទៀត ក៏ធ្លាប់មានបញ្ហាស្រដៀងៗគ្នានេះដែរ។
យ៉ាងណាក៏ដោយចុះ បើតាមការលើកឡើងពីអ្នកស្រី Tan Hooi Ling សហស្ថាបនិកក្រុមហ៊ុន Grab បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អ្នកប្រើប្រាស់របស់ Grab ក៏បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៧២លាននាក់ ក្នុងការទាញយកកម្មវិធីទូរស័ព្ទដៃ និង ៣លាន៥សែនដង នៃអ្នកជិះក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ កម្ពុជាជាប្រទេសទី៨ នៃការចាប់ផ្តើមអាជីវកម្ម បន្ទាប់ពីម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា។
ទោះបីជាការកើនឡើងនៃក្រុមហ៊ុនផ្ដល់សេវាសម្រាប់ការធ្វើដំណើរកំពុងមានការប្រកួតប្រជែងខ្លាំងក៏ដោយ ប៉ុន្ដែ បើគិតក្នុងន័យវិជ្ជមាន ប្រជាជននឹងមានជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់សេវាកម្ម ព្រមជាមួយនឹងការបង្កើតការងារក្នុងស្រុកផងដែរ។
ប៉ុន្ដែបើនិយាយមួយបែបទៀត អ្នកដែលកំពុងផ្ដល់សេវាកម្មតាមបែបប្រពៃណី ដូចជា ម៉ូតូឌុប និង ម៉ូតូកក់បី អាចនឹងត្រូវប្រឈមនឹងការបាត់បង់ចំណែកទីផ្សាររបស់ខ្លួនបន្តិចម្ដងៗ ប៉ុន្ដែ បើពួកគាត់អាចធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន ដោយងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា ឬសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកក់សេវាធ្វើដំណើរដោយបច្ចេកវិទ្យា ព័ត៌មានវិទ្យានេះ នោះពួកគាត់នឹងអាចរក្សាបាននូវមុខរបរនេះបាននាពេលអនាគត៕