អចលនទ្រព្យនៅប្រទេសជប៉ុន

តម្លៃខុនដូថ្មីនៅជប៉ុន ថ្លៃជាងប្រាក់ឈ្នួលប្រចាំឆ្នាំជាមធ្យម​របស់ពលរដ្ឋដល់ទៅ ១០ដង


តម្លៃលំនៅឋានថ្មីនៅក្នុងប្រទេសជប៉ុន បានកើនឡើងលឿនជាងប្រាក់ឈ្នួល ទៅទៀត កាលពីឆ្នាំ២០២៣ ពោលគឺថ្លៃជាងប្រាក់ឈ្នួលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋក្នុងប្រទេសនេះ ដល់ទៅ ១០ដងឯណោះ ខណៈតម្រូវការអចលនទ្រព្យសម្រាប់ការវិនិយោគ បាននាំឱ្យមានការរីកសាយនូវគម្រោងផ្ទះខុនដូប្រណីតៗ ប៉ុន្ដែ និងធ្វើឱ្យទីផ្សារខុនដូមានតម្លៃសមរម្យសម្រាប់អ្នកទិញជាក់ស្ដែងកាន់តែខ្សត់ខ្សោយទៅៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
រូបភាព៖ Tokyo Portfolio Real Estate
ដោយ

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Tokyo Kantei បាននិយាយថា តម្លៃជាមធ្យម​សម្រាប់ខុនដូទូទាំង​ប្រទេសជប៉ុន ដែលបានដាក់លក់នៅលើទីផ្សារក្នុងឆ្នាំ២០២៣​មានតម្លៃស្មើនឹងប្រាក់ចំណូល​ប្រចាំឆ្នាំ​ជាមធ្យមជាង១០ដង ពោលគឺបានកើនឡើង ០.៤៣%បើធៀបនឹងឆ្នាំ២០២២ ។ តម្លៃខុនដូរកើនខ្ពស់ដល់កម្រិតជាង ១០ដងនៃប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋនេះ គឺជាលើកដំបូងហើយ ចាប់តាំងពីក្រុមហ៊ុននេះបានចាប់ផ្តើមតាមដានទិន្នន័យ​តាំងពីឆ្នាំ​២០០៦មក។

បើគេមើលទៅលើទីផ្សារក្នុងទីក្រុងតូក្យូ បើធៀបនឹងតម្លៃនៅតាមទីប្រជុំជន​ក្នុងខេត្តផ្សេងៗទៀត ឃើញថា តម្លៃខុនដូរ​នៅក្នុងរាជធានីមួយនេះ បានកើនឡើងពីជាង​១៤%នៅ​ឆ្នាំ២០២២ ដល់ជាង១៧%នៅ​ឆ្នាំ២០២៣ ខណៈដែលប្រាក់ចំណូលពលរដ្ឋ​​បានកើនឡើងបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៣ ប៉ុន្តែតម្លៃផ្ទះខុនដូជាមធ្យម​បានហក់ឡើង​ពី​​តម្លៃជាង៥៦ម៉ឺនដុល្លារ ដល់ជិត៧០ម៉ឺនដុល្លារ​នៅឆ្នាំដដែលនោះ។

កត្តាដែលជំរុញឱ្យតម្លៃខុនដូកើនខ្ពស់បែបនេះ មួយផ្នែកគឺដោយសារតែតម្លៃដី​កើនឡើងគួបផ្សំ​តម្លៃ​សាងសង់​កាន់តែខ្ពស់ផងដែរ។ ទន្ទឹមនេះ​ វាក៏ដោយសារតែ អ្នកវិនិយោគក្នុងស្រុក និងបរទេសដែលសម្បូរទ្រព្យធន បានចាក់បញ្ចូលប្រាក់​កាន់តែច្រើន​ទៅក្នុងអចលនទ្រព្យ​ថ្លៃៗនៅកណ្តាល​ទីក្រុងតូក្យូ ក្នុងក្ដីសង្ឃឹមថា តម្លៃខុនដូនឹងបន្តកើនឡើង​ថែមទៀត​នាពេលអនាគត។

លោក ម៉ាសាយូគី តាកាហាស៊ី (Masayuki Takahashi) ប្រធានអ្នកវិភាគនៅក្រុមហ៊ុន Tokyo Kantei បាននិយាយថា គោលបំណងនៃការទិញខុនដូនៅទីក្រុងតូក្យូ​មានភាពខុសៗគ្នា គឺចាប់ពីការទិញដើម្បីរស់នៅរហូតដល់ទិញ ដើម្បីទុកលក់ចំណេញ ឬការវិនិយោគ។ ហើយក្រុមហ៊ុនរបស់លោកក៏បានមើលឃើញទំនោររបស់អ្នកអភិវឌ្ឍន៍កំពុងបង្កើនការសាងសង់​លំនៅឋានប្រណីតៗសម្រាប់អ្នកដែលមានទ្រព្យសម្បត្តិច្រើនផងដែរ៕




អត្ថបទបន្ទាប់


តម្លៃទំនិញប្រើប្រាស់នៅអាម៉េរិកកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែចុងក្រោយនេះ

តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាម៉េរិកបានកើនឡើង០,៣% កាលពីខែវិច្ឆិកាថ្មីៗនេះ ជាកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលប្រាំពីរខែចុងក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ