

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា សមិទ្ធផលថ្មីនៃមហាវិថីសំរោងនេះនឹងជួយសម្រួលដល់ចរាចរណ៍បានមួយភាគធំ ដោយសាធារណជនអាចធ្វើដំណើរតាមមហាវិថីសំរោងនេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon 2 នៅតំបន់សែនសុខ និង ជិះពីAeon 2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ5វិញនៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានប្រវែងសរុបប្រមាណ5.2គីឡូម៉ែត្រ និងទទឹង 30ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ5 ទៅដល់ផ្លូវលេខ 130 អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។


ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងពេញទំហឹងដល់ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង ដែលបានផ្ដូចផ្ដើមស្ថាបនាមហាវិថីមួយខ្សែនេះ និងបញ្ចប់ការសាងសង់ប្រកបដោយភាពជោគជ័យ ក្នុងគោលដៅជម្រុញការអភិវឌ្ឍនៅភាគខាងជើងរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព៕
