ការព្យាបាលជំងឺ

អ្នកជំនាញចាត់ទុកការចេញទៅព្យាបាលជំងឺនៅក្រៅស្រុករបស់ពលរដ្ឋ ជាសញ្ញាបរាជ័យមួយរបស់វិស័យសុខាភិបាល


អ្នកជំនាញ និងអ្នកតាមដានសង្គមសង្កេតឃើញថា បន្ទាប់ពីមានការរឹតបន្តឹង និងបិទច្រកទ្វារព្រំដែនគោកកម្ពុជា-ថៃកន្លងមក និន្នាការរបស់ពលរដ្ឋខ្មែរ ដែលនិយមទៅព្យាបាលជំងឺនៅប្រទេសថៃបានចាប់ផ្ដើមថយចុះ ប៉ុន្តែបែរជាងាកទៅរកសេវាសុខាភិបាលនៅប្រទេសវៀតណាម និងម៉ាឡេស៊ីជំនួសវិញ ដែលវាសញ្ញាមួយនៃភាពបរាជ័យរបស់វិស័យសុខាភិបាលក្នុងស្រុក។
ការព្យាបាលជំងឺ
ដោយ

ទាក់ទិននឹងបញ្ហានេះ អ្នកជំនាញយល់ឃើញថា កម្ពុជាគួរតែបង្កើនការយកចិត្តទុកដាក់ និងពង្រឹងគុណភាពវិស័យសុខាភិបាលក្នុងស្រុកឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងកាត់បន្ថយការហូរចេញលុយទៅក្រៅប្រទេស។ យ៉ាងណាមិញ ប្រធានសមាគមគ្រូពេទ្យបានអះអាងថា បច្ចុប្បន្ននៅកម្ពុជាមានធនធានវេជ្ជបណ្ឌិតពូកែៗច្រើន ប៉ុន្តែអ្វីដែលខ្វះខាត គឺឱកាស និងទំនុកចិត្តពីសំណាក់ពលរដ្ឋតែប៉ុណ្ណោះ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានចាត់ទុកនិន្នាការទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅស្រុករបស់លរដ្ឋខ្មែរមួយចំនួន វាជាការបង្ហាញពីការមិនទុកចិត្តរបស់ពលរដ្ឋ និងជាសញ្ញានៃភាពបរាជ័យមួយរបស់វិស័យសុខាភិបាលកម្ពុជា ដែលទាមទារឱ្យភាគីពាក់ព័ន្ធត្រូវខិតខំអភិវឌ្ឍន៍ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្នកជំនាញវេជ្ជសាស្ត្ររូបនេះបានចោទជាសំណួរថា ហេតុអ្វីកម្ពុជាមិនប្រើប្រាស់ឱកាសដែលពលរដ្ឋធ្វើពហិការមិនទៅព្យាបាលជំងឺនៅថៃ ដើម្បីពង្រឹងសេវាកម្មខ្លួនឯង ទាំងដែលកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់? អ្នកឧកញ៉ា យល់ថា អ្វីដែលខ្វះខាតពិតប្រាកដ គឺយន្តការនៃការដឹកនាំ និងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់តែប៉ុណ្ណោះ។

ជាមួយគ្នានេះលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមកត់សម្គាល់ឃើញថា ក្រោយមានការបិទច្រកទ្វារព្រំដែនគោករវាងកម្ពុជា និងថៃ ពលរដ្ឋខ្មែរមួយចំនួន ដែលធ្លាប់ធ្វើដំណើរទៅពិនិត្យ និងព្យបាលជំងឺនៅប្រទេសថៃ បានងាកទៅពិនិត្យ និងព្យាបាលជំងឺនៅម៉ាឡេស៊ី និងវៀតណាមជំនួសវិញ។ លោកបានសង្កត់ធ្ងន់ថា ឫសគល់នៃបញ្ហា គឺបណ្តាលមកពីកង្វះទំនុកចិត្តលើគុណភាពព្យាបាលនៅក្នុងស្រុក ដូច្នេះវាជាពេលវេលាចាំបាច់ដែលក្រសួងសុខាភិបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ និងពង្រីកសមត្ថភាពវិស័យសុខាភិបាលឱ្យកាន់តែស៊ីជម្រៅ ដើម្បីទប់ស្កាត់ការហូរចេញថវិកាទៅក្រៅប្រទេសតាមរយៈសេវាសុខាភិបាល។

ដោយឡែកលោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌បានលើកឡើងថា មូលហេតុដែលនាំឱ្យពលរដ្ឋមានទំនោរទៅព្យាបាលនៅក្រៅប្រទេសជួនកាលធ្វើតាមគ្នា ដែលធ្វើឱ្យបាត់ជំនឿលើវេជ្ជសាស្រ្តក្នុងស្រុក។ យ៉ាងណាមិញ លោក ហាក់បង្ហាញក្ដីបារម្ភចំពោះសុវត្ថិភាពតាមរយៈការចាក់សារធាតុមិនល្អ នៃការព្យាបាលនៅក្រៅប្រទេសមួយចំនួនផងដែរ។ លោកអះអាងថា វេជ្ជបណ្ឌិតជំនាន់ថ្មីរបស់កម្ពុជាមានសមត្ថភាពខ្ពស់ ប៉ុន្តែខ្វះឱកាសបង្ហាញស្នាដៃ។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍រាល់ករណីគ្រូពេទ្យ ដែលមានអាកប្បកិរិយាមិនសមរម្យទៅកាន់ក្រសួងសុខាភិបាល ដើម្បីកែលម្អ និងពង្រឹងទំនុកចិត្តរួមគ្នា។

ជុំវិញបញ្ហាពលរដ្ឋខ្មែរចេញទៅទទួលសេវាសុខាភិបាលនៅក្រៅប្រទេសនេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានដាក់ចេញនូវវិធានការណ៍ក្តៅជាបន្តបន្ទាប់ ដើម្បីស្តារទំនុកចិត្តរបស់ពលរដ្ឋលើវិស័យសុខាភិបាលក្នុងស្រុកឡើងវិញ។ វិធានការទាំងនោះរួមមានការពង្រឹងសមត្ថភាពមន្ត្រីរាជការ ជាពិសេសលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យសុខាភិបាល ការស្ដារហេដ្ឋារចនាសម្ព័ន្ធតាមខេត្តជាប់ព្រំដែន និងការរឹតបន្តឹងក្រមសីលធម៌វិជ្ជាជីវៈតាមបណ្តាញសង្គម។ បន្ថែមលើនេះ ក្រសួង ក៏កំពុងជំរុញការកែទម្រង់សេវាសាធារណៈ ការស្រាវជ្រាវឱសថបុរាណ និងការពង្រឹងគុណភាពរថយន្តសង្គ្រោះបន្ទាន់នៅតាមទីសាធារណៈឱ្យបានឆាប់រហ័ស ដើម្បីធានាថា សុខភាពពលរដ្ឋ គឺជាអាទិភាពចម្បងនៅគ្រប់មូលដ្ឋានសុខាភិបាលទាំងរដ្ឋ និងឯកជន៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានឹងរុញច្រាន ឬបង្អាក់ការនាំចេញអង្កររបស់កម្ពុជា?

ខ្សែច្រវាក់ផ្គត់ផ្គង់សកលកំពុងស្ថិតក្នុងភាពរង្គោះរង្គើ ក្រោយផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ា ដែលមិនត្រឹមតែធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡ…

អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាលបង្កើនស្តុកប្រេង ដើម្បីទប់ទល់នឹងព្យុះសង្គ្រាមនៅមជ្ឈិមបូព៌ា

សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលឆាបឆេះឡើងដោយសារការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់កំពុងធ្វើឱ្យទីផ្សារថាមពលពិភពលោកក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ