តែយ៉ាងណាពាក់ព័ន្ធនឹងការចុះផ្សាយនេះ ក្រុមការងារសារព័ត៌មានខេមបូណូមីស មិនទាន់អាចសុំការបញ្ជាក់ពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ ដោយសារទូរសព្ទចូលតែមិនមានអ្នកលើក។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា កម្ពុជាកំពុងតែអនុវត្តបានល្អលើគោលនយោបាយការបរទេស ឬផ្កាចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា៥៣ ស្ដីពី ការអនុវត្តអធិបតេយ្យពេញលេញមិនចូលបក្សសម្ព័ន្ធ។ បើតាមអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ នៅក្នុងស្ថានភាពបច្ចុប្បន្ន គឺពុំមែនជាវេលាសមស្របសម្រាប់កម្ពុជា ដែលត្រូវចូលរួមជាមួយបណ្ដាប្លុកដែលមាននិន្នាការយោធា និងនយោបាយនោះទេ ប៉ុន្តែកម្ពុជាត្រូវការអនុវត្តនូវអព្យាក្រឹត្យរបស់ខ្លួន។ អគ្គលេខាធិការរូបនេះជឿជាក់ថា ការអនុវត្តគោលនយោបាយផ្កាចម្រុះពណ៌នឹងជួយធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការបង្កើតទំនាក់ទំនងល្អជាមួយគ្រប់បណ្ដាប្រទេសមហាអំណាច និងប្រទេសជាមិត្ត ខណៈការចូល ឬមិនចូលក្នុងប្លុកប្រទេស BRICS គឺអាស្រ័យលើរដ្ឋាភិបាលប៉ុណ្ណោះ។
ដោយឡែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ប្រសិនបើកម្ពុជាចូលក្នុងប្លុកប្រទេស BRICS នោះកម្ពុជាទំនងជាមិនអាចទទួលបានផលប្រយោជន៍អ្វីច្រើននោះទេ ដោយសារប្លុកនេះត្រូវបានចងក្រងដោយអតីតប្រទេសកុម្មុយនីស្ត។
ការណ៍នេះទាមទារឱ្យថ្នាក់ដឹកនាំកម្ពុជាត្រូវពិចារណាឱ្យបានហ្មត់ចត់ បើពុំដូច្នោះទេ វាអាចនឹងធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញពីនិន្នាការរបស់កម្ពុជា ហើយអាចបាត់បង់ឱកាសក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងទំនាក់ទំនងជាផលប្រយោជន៍ផ្សេងៗទៀត។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ប្រសិនបើកម្ពុជាមានភាពរឹងមាំដោយឈរលើគោលការណ៍អព្យាក្រឹត្យ នោះការស្ថិតនៅក្នុងជ្រុងណាមួយក៏មិនមានបញ្ហាដែរ។
សម្រាប់អ្នកប្រឹក្សាយោបល់រូបនេះ ការឈរលើគោលការណ៍អព្យាក្រឹត្យ នឹងជួយធ្វើឱ្យកម្ពុជាអាចរក្សាបាននូវផលប្រយោជន៍រួម និងតុល្យភាពទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលមាននិន្នាការផ្សេងៗគ្នានៅលើពិភពលោកផងដែរ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS របស់រុស្ស៊ីកាលពីពេលថ្មីៗ លោក យូរី អ៊ូសាកូវ (Yury Ushakov) ជំនួយការប្រធានាធិតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា យ៉ាងហោចណាស់មានប្រទេសចំនួន២៣រួមទាំងកម្ពុជាផងដែរ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងក្រុមប្រទេស BRICS នៅឆ្នាំ២០២៥ នេះ។ បើតាមលោក អ៊ូសាកូវ ប្រទេសដែលចង់ចូលរួមជាមួយនឹងប្លុកប្រទេស BRICS នៅឆ្នាំ២០២៥នេះ មានដូចជា អាស៊ែបៃហ្សង់ បារ៉ែន បង់ក្លាដែស ប៊ូគីណាហ្វាសូ ឆាដ កូឡុំប៊ី សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ ហុងឌូរ៉ាស ឡាវ គុយវ៉ែត ម៉ារ៉ុក កម្ពុជា មីយ៉ាន់ម៉ា នីការ៉ាហ្គា ប៉ាគីស្ថាន ប៉ាឡេស្ទីន សេណេហ្គាល់ ស៊ូដង់ខាងត្បូង ស្រីលង្កា ស៊ីរី វេណេហ្ស៊ុយអេឡា និងប្រទេសហ្ស៊ីមបាវ៉េ។
ពាក់ព័ន្ធការចុះផ្សាយនេះ សារព័ត៌មានខេមបូណូមីស បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមទូរសព្ទ និងបណ្តាញសង្គមតេឡេក្រាម តែមិនមានការឆ្លើយតប។
ពាក់ព័ន្ធប្លុកប្រទេស BRICS នេះដែរ នៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំក្រុមប្រទេសប្រ៊ីកបូកស្ដីពីការអភិវឌ្ឍសកលក្រោមមូលបទ«លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយប្រទេសចិនកាលពីថ្ងៃទី២៤ ខែមិថុនា ២០២២ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿថា កិច្ចសន្ទនានេះនឹងចូលរួមចំណែកជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង BRICS ដែលនឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងភាពសុខដុមរមនាសម្រាប់សកលលោក។
ទន្ទឹមនឹងនោះ សម្ដេចតេជោ បានចាត់ទុកកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសប្រ៊ីកបូក គឺជាកាលានុវត្តភាពយ៉ាងសំខាន់សម្រាប់ពង្រឹងភាពជាដៃគូនៃបណ្ដាប្រទេសផ្សេងៗក្នុងការបង្កើតវេទិកាសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ព្រមទាំងធានាសន្តិសុខស្បៀង និងថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ