
ក្នុងឆ្នាំ២០១៧នេះ គម្រោងសំណង់សរុបមានប្រមាណ ៣០៥២គម្រោង ដែលសរុបជាផ្ទៃក្រឡាប្រមាណ ១០លានមែត្រការ៉េ និងមានទុនវិនិយោគជាង ៦,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ខណៈវិស័យសំណង់បានបង្កើតការងារប្រមាណពី ២៥ម៉ឺន ដល់ ២៦ម៉ឺននាក់ក្នុងមួយថ្ងៃ។
ឯកឧត្តម ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងឆ្នាំនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគធំដែលរួមមាន គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន អគារពាណិកម្ម ការវិនិយោគពីបរទេសច្រើន និងការអនុម័តគម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ។

ក្រៅតែពីការវិនិយោគក្នុងស្រុក ទុនវិនិយោគដោយផ្ទាល់ពីបរទេសលើវិស័យសំណង់ មានចំនួន៣៣គម្រោង សរុបទឹកប្រាក់មានប្រមាណ ៤២៤លានដុល្លារសហរដ្ឋអាមេរិក។
ចិនគឺជាវិនិយោគិនធំជាងគេបំផុតដែលវិនិយោគលើវិស័យសំណង់ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧នេះ ដែលមានគម្រោងសាងសង់សរុបចំនួន១៤គម្រោង ដែលសរុបជាទឹកប្រាក់ប្រមាណជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក ថៃឈរនៅលំដាប់ថ្នាក់ទី២ ដែលមានគម្រោងសាងសង់ចំនួន៦ សរុបជាទឹកប្រាក់ប្រមាណ ៤១លានដុល្លារសហរដ្ឋអាមេរិក និងបន្តបន្ទាប់ដោយប្រទេសជប៉ុន កូរ៉េ កាណាដា សិង្ហបុរីជាដើម។
ឯកឧត្តម ឡៅ ទិព្វសីហា បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ខាងមុខ វិស័យសំណង់មួយនេះនៅតែបន្តកើនឡើងដោយតែមានវិនិយោគិនក្នុងស្រុក និងក្រៅស្រុក បន្តងាកមកវិនិយោគច្រើនលើវិស័យអចលនទ្រព្យនិងសំណង់។ ជាងនេះទៅទៀត នៅមានគ្រោងវិនិយោគធំៗមួយចំនួនទៀតកំពុងតែស្ថិតក្នុងដៃរបស់ក្រសួងរៀបចំដែនដី ដើម្បីពិនិត្យនិងអនុម័តនៅឆ្នាំក្រោយ៕