បើតាមការអះអាងរបស់ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ការបាញ់ផ្លោងតាមផ្លូវទឹកជាលើកដំបូងចូលក្នុងភូមិសាស្ត្រខេត្តកោះកុងនេះ បានធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារត្រូវបង្ខំចិត្តរត់ភៀសខ្លួនទាំងយប់ ខណៈគិតត្រឹមរសៀលថ្ងៃនេះ អាជ្ញាធរខេត្តកោះកុងនៅតែបន្តបន្តជម្លៀសពលរដ្ឋទៅកាន់ទីកន្លែងសុវត្ថិភាព។
លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុងបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ អាជ្ញាធរខេត្តកោះកុងនៅតែបន្តជួយសម្របសម្រួលដល់ប្រជាពលរដ្ឋភៀសសឹកទៅកាន់ទីកន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តបានរៀបចំត្រៀមទុករួចរាល់តាំងពីប៉ុន្មានថ្ងៃមុននៅក្នុងភូមិសាស្រ្តស្រុកកោះកុង ស្រុកបទុមសាគរ និងស្រុកស្រែអំបិល។ តែយ៉ាងណាមកទល់ពេលនេះ អាជ្ញារធរនៅពុំទាន់អាចកំណត់ចំនួនពលរដ្ឋភៀសសឹកបាននៅឡើយទេ។ បើតាមប្រធានមន្ទីរព័ត៌មាននេះ ការជម្លៀលប្រជាពលរដ្ឋទៅរកទីតាំងសុវត្ថិភាពនេះចាប់ផ្តើមតាំងពីម៉ោងប្រមាណ២រំលោងអធ្រាត្រ យប់ទី១៣ ខែធ្នូ បន្ទាប់ពីកងទ័ពថៃបានបាញ់ផ្លោងដោយកាំភ្លើងធំចំនួន២០គ្រាប់ចេញពីនាវាចម្បាំង ចូលក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមាខេត្តកោះកុង ដោយគ្រាប់មួយចំនួនបានធ្លាក់ចូលត្រូវតំបន់កោះយ៉ និងមួយចំនួនបានធ្លាក់ចូលទៅក្នុងទឹក ដែលបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
គួរជម្រាបថា គិតត្រឹមថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានរបស់ថៃបានឈានដល់ថ្ងៃទី៧ហើយ ដោយនៅក្នុងរយៈពេលនេះយោធាល្មោភសង្គ្រាមថៃ បានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើន ដោយបានប្រើប្រាស់កាំភ្លើងធុនធំគ្រប់ប្រភេទ ផ្សែងពុល និងយន្តហោះចម្បាំង F-16 បាញ់ស្រោចមកលើទីតាំងរស់នៅរបស់ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕