មុខ​របរ​ជាចុងភៅ​សម្បូរ​ទីផ្សារ

ជំនាញ​ចុងភៅ​សម្បូរ​ទីផ្សារ​និង​ប្រាក់​ខែ​ខ្ពស់ តែ​មិន​សូវ​មាន​កន្លែង​បណ្តុះ​បណ្តាល


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​កំពុង​មាន​សន្ទុះ​ខ្លាំង ខណៈ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សម្រុក​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ។ កម្ពុជា​ទទួល​បាន​អ្នក​ទេសចរ​អន្តរជាតិ​ជាង ៥,៦​លាន​នាក់ កើន​ឡើង ១២​ភាគរយ។ នេះ​បើ​តាម​របាយការណ៍​ក្រសួង​ទេសចរណ៍​ឆ្នាំ​២០១៧។ រីឯ​សណ្ឋាគារ​នៅ​កម្ពុជា​មាន​ចំនួន​សរុប​៦៣០ ខណៈ​ដែល​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មាន​ចំនួន​២៥។
ជំនាញ​ចុងភៅ​សម្បូរ​ទីផ្សារ​និង​ប្រាក់​ខែ​ខ្ពស់ តែ​មិន​សូវ​មាន​កន្លែង​បណ្តុះ​បណ្តាល។
ដោយ

កំណើន​អ្នក​ទេសចរ​បាន​ជំរុញ​ឲ្យ​មាន​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​កាន់​តែ​ច្រើន ព្រមទាំង​មាន​តម្រូវការ​ចុង​ភៅ​និង​អ្នក​បម្រើ​សេវាកម្ម​កាន់​តែ​ច្រើន​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា មាន​ចុងភៅ​បរទេស​ជា​ច្រើន បាន​ចូល​មក​បំពេញ​ការងារ​នៅ​កម្ពុជា ដើម្បី​បំពេញ​កង្វះ​ខាត​ចុងភៅ​ខ្មែរ ដែល​មាន​ជំនាញ​ស្តួច​ស្តើង និង​មាន​ចំនួន​តិចតួច​នៅ​ឡើយ។ 

កង្វះ​ចុងភៅ​ខ្មែរ​អាច​បណ្តាល​មក​ពី​កង្វះ​កន្លែង​បណ្តុះ​បណ្តាល ផ្នត់​គំនិត​យុវជន​ដែល​មិន​សូវ​ចាប់​អារម្មណ៍​មុខ​របរ​ជា​ចុងភៅ និង​កង្វះ​ព័ត៌មាន​ជុំវិញ​ការ​បណ្តុះ​បណ្តាល​ជំនាញ​នេះ​ជាដើម។

នៅ​រាជ​ធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​មាន​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា​មួយ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ចុង​ឆ្នាំ​២០១៦​មក​ម៉្លេះ ដែល​មាន​ជំនាញ​ធ្វើ​ម្ហូប​អឺរ៉ុប​និង​អាស៊ី ទទួល​ស្គាល់​ដោយ​អន្តរជាតិ។ វិទ្យាស្ថាន​នេះ បាន​ប្រមូល​ផ្តុំ​អ្នក​ជំនាញ​ចុងភៅ​ល្បីៗ ទាំង​ជន​ជាតិ​បរទេស និង​ជនជាតិ​ខ្មែរ ដើម្បី​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា ឲ្យ​ទទួល​បាន​នូវ​ជំនាញ​ពិត​ប្រាកដ និង​ទទួល​បាន​ការងារ​នៅ​តាម​សណ្ឋាគារ​លំដាប់​អន្តរជាតិ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ 

លោក ព្យែរ តាម៉ី ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា ធ្លាប់​ថ្លែង​តាម​រយៈ​វីដេអូ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ថា៖ «យើង​សង្កេត​ឃើញ​ថា នៅ​កម្ពុជា​មិន​ទាន់​មាន​សាលា ឬ វិទ្យាស្ថាន​ណា​ដែល​ផ្តល់​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ម្ហូប​អាហារ និង​បដិសណ្ឋារកិច្ច​ដែល​ស្របតាម​បទដ្ឋាន​អន្តរជាតិ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​បាន​ខិតខំ​ជំរុញ​ឲ្យ​មាន​កិច្ច​សហការ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​បង្កើត​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា​នេះ​ឡើង។ ទស្សន​វិស័យ​របស់​យើង គឺ​យើង​ចង់​ក្លាយ​ជា​វិទ្យាស្ថាន​ម្ហូប​អាហារ​ដែល​ឈាន​មុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់​ជំនាញ​ពិត​ប្រាកដ ដោយឈរ​លើ​កម្មវិធី​សិក្សា​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ និង​ផ្តល់​ឱការងារ​ដ៏​ល្អ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស នៅ​ពេល​សិស្ស​បញ្ចប់​ការ​សិក្សា»។

លោក​បន្ត​ថា៖ «សូម​អរគុណ​ម្ចាស់​ជំនួយ​ពី​គម្រោង ស៊ីដា និង EIF នៅ​ទីក្រុង​ហ្សឺណែវ យើង​អាច​ទទួល​បាន​គ្រូ​បណ្តុះ​បណ្តាល និង​ចុងភៅ​ដែល​មាន​សមត្ថភាព ជំនាញ និង​បទ​ពិសោធន៍​ជា​ច្រើន​​ឆ្នាំ​មក​បង្រៀន​ដល់​សិស្ស​របស់​យើង។ យើង​មាន​នាយក​វិទ្យាស្ថាន​ដែល​មាន​បទ​ពិសោធន៍​ការងារ​ជាង ១៧​ឆ្នាំ​ក្នុង​ការ​ដឹកនាំ​វិទ្យាស្ថាន​គ្រប់គ្រង​សណ្ឋាគារ​នៅ​ប្រទេស​ស្វ៊ីស និង​មាន​មេចុងភៅ​ជនជាតិ​ខ្មែរ​មក​រដ្ឋកាលីហ្វ័ញ៉ា​ សហរដ្ឋ​អាមេរិក និង​មេចុងភៅ​វ័យ​ក្មេង​មក​ពី​ប្រទេស​ថៃ  ដែល​ពោរពេញ​ដោយ​បទ​ពិសោធន៍​ការងារ។ ពួកគេ​សុទ្ធ​សឹង​មាន​ទស្សន​វិស័យ ដើម្បី​ផ្តល់​ការ​បណ្តុះ​បណ្តាល​មុខវិជ្ជា​ធ្វើ​ម្ហូប​ដែល​មាន​ស្តង់ដារ​ខ្ពស់»។

ដូចគ្នា​ដែរ កញ្ញា ឃាង ស៊ាងណៃ មន្រ្តី​ផ្នែក​ទីផ្សារ​របស់​វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ក្នុង​មួយ​ឆ្នាំ វិទ្យាស្ថាន​នេះ​ទទួល​សិស្ស​ចំនួន​ពីរ​ដង គឺ​ខែ​មេសា និង​ខែ​តុលា ដោយ​ទទួល​សិស្ស​ម្តងៗ​មាន​ចំនួន ៤០ ទៅ ៥០​នាក់។ 

ចំណែក​តម្លៃ​សិក្សា​វិញ ត្រូវ​បាន​កញ្ញា ឃាង ស៊ាងណៃ បង្ហើប​ថា មួយ​ចប់​កម្មវិធី​សិក្សា​ដែល​មាន​រយៈពេល​២​ឆ្នាំ គឺ​តម្លៃ ៣១២៥​ដុល្លារ សម្រាប់​ជន​ជាតិ​ខ្មែរ ខណៈ​សិស្ស​បរទេស គឺ​មាន​តម្លៃ​ជាង​៦​ពាន់​ដុល្លារ​អាមេរិក ដោយ​ផ្តល់​កន្លែង​ស្នាក់នៅ​សម្រាប់​សិស្ស​បរទេស។ 

បើ​តាម​កញ្ញា ឃាង ស៊ាងណៃ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «វិទ្យាស្ថាន​ម្ហូប​អាហារ​កម្ពុជា មាន​បង្រៀន​ទ្រឹស្តី​ផង និង​ចុះ​អនុវត្តន៍​ការងារ​នៅ​តាម​ភោជនីយ​ដ្ឋាន​ល្បីៗ និង​សណ្ឋាគារ​ទំនើបៗ​ផង​ដែរ ព្រមទាំង​មាន​សញ្ញាបត្រ​ចេញ​ដោយ​វិទ្យាស្ថាន​ផ្ទាល់ និង​វិទ្យាស្ថាន​គ្រប់គ្រង​សណ្ឋាគារ​ប្រទេស​ស្វ៊ីស ដែល​ផ្តល់​ឱកាស​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​អាច​ទៅ​ធ្វើ​ការងារ​នៅ​ទូទាំង​ពិភព​លោក»។

ក្រៅពី​សាលា​ខាង​លើ នៅ​កម្ពុជា​ក៏​មាន​សាលា​មួយ​ចំនួន មាន​បង្រៀន​វិជ្ជា​ធ្វើ​ម្ហូប​នេះ​ផង​ដែរ។ តួយ៉ាង​ដូចជា សាលាក្តី​សង្ឃឹម​ថ្មី (PSE) និង​សាលា ដុន បូស្កូ ជាដើម ហើយ​កន្លង​មក អង្គការ Plan International ក៏​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ដល់​យុវជន​ក្រីក្រ ជន​ពិការ និង​ស្ត្រី​រង​គ្រោះ នូវ​ជំនាញ វិជ្ជាជីវៈ​ជា​ច្រើន​ដោយ​ក្នុង​នោះ​ក៏​មាន​ជំនាញ​ចុងភៅ​ផង​ដែរ៕   

None



អត្ថបទបន្ទាប់


វៀតណាម​រំពឹង​ថា ឆ្នាំ​២០១៨​នេះ​នឹង​នាំ​ចេញ​អង្ករ​បាន​៦,៥​លាន​តោន

ចូល​ដល់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨​ភ្លាម វៀតណាម​បាន​បង្ហាញ​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​នាំ​អង្ករ​ចេញ ឲ្យ​បាន​ដល់ ៦,៥​លាន​តោន ខណៈ​ដែល​…

២​ខែ​ដើម​ឆ្នាំ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នាំ​ចេញ​បាន​៥០​លាន​ដុល្លារ

គិតត្រឹម​ពីរ​ខែ​ដើម​ឆ្នាំ​២០១៨ ពោល​គឺ​ពី​ខែ​មករា​ដល់​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​សម្រេច​បាន​ការ​នាំចេញ​ជា​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ