ស្របពេលសន្និសីទអង្គការសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុលើកទី២៨នៅទីក្រុងឌូបៃប្រទេសអារ៉ាប៊ីសាអូឌិតខិតជិតចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ អ្នកជំនាញបានបង្ហាញការព្រួយបារម្ភខ្លាំងពីផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុមកលើសុខភាពសាធារណៈ។
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei នៅឆ្នាំ២០២៣ ត្រូវបានអ្នកវិទ្យាសាស្រ្តកំណត់ថា ជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក ហើយក៏ជាឆ្នាំ ដែលជំងឺនានាបានកើតមានឡើងព្រោងព្រាតនៅក្នុងតំបន់ ជាពិសេសគឺអាស៊ីតែម្តង។ កំណើនសីតុណ្ហភាពដែលបំបែកកំណត់ត្រានៅលើពិភពលោកនេះ បានបណ្តាលឱ្យមនុស្សជាច្រើនរងគ្រោះ នឹងមានអាការៈឈឺក្បាល វិលមុខ និងក្អួតចង្អោរ ហើយក៏បណ្តាលឲ្យកើតសត្វមូស បង្កជាខ្យល់កខ្វក់ធ្វើឱ្យពិបាកដកដង្ហើម និងគ្រោះមហន្តរាយទឹកជំនន់ ខ្យល់ព្យុះ និងបញ្ហាជាច្រើនទៀត ដែលមានទឹកប្រាក់រាប់សិបលានដុល្លារ។
អ្នកជំនាញបានអះអាងថា មនុស្សភាគច្រើនចាប់អារម្មណ៍ខ្លាំងនៅពេលដែលទទួលរងនូវគ្រោះថ្នាក់ផ្ទាល់ៗ និងជាក់ស្តែង ប៉ុន្តែផលវិបាកមិនផ្ទាល់ដែលមានតម្លៃរាប់សិបដុល្លារ ដែលគ្រួសារនីមួយៗបានទទួលរ៉ាប់រង ដោយសារតែការថែទាំសុខភាព និងការព្យាបាលជំងឺហាក់មិនមាននរណាម្នាក់យកចិត្តទុកដាក់ឡើយ។
លោក ម៉ាទីន អេដឡាន (Martin Edlund) ប្រធានប្រតិបត្តិនៃក្រុមការងារមួយប្រឆាំងនឹងជំងឺគ្រុនចាញ់បាននិយាយថា មកដល់ពេលនេះពិភពលោកមិនទាន់មានគោលនយោបាយសុខភាពជាក់លាក់ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុនៅឡើយទេ។ លោកបានបន្តថា សុខភាពគឺជាទិដ្ឋភាពដែលជារឿយៗត្រូវបានធ្វេសប្រហែសក្នុងការពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ៕
ដោយៈ សរ សុជាតិ