ធនាគារពិភពលោក

សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៥,៨% នៅឆ្នាំក្រោយ និង៦,១ នៅឆ្នាំ២០២៥


សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៤% នៅក្នុងឆ្នាំ២០២៣ ទាបជាងតួលេខ៥,៥% ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ ហើយនឹងបន្តកើនឡើងដល់៥,៨% ក្នុងឆ្នាំ២០២៤ និង៦,១%ក្នុងឆ្នាំ២០២៥ ក្រោយរំពឹងមានការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីនានា ដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
2
ដោយ

ធនាគារពិភពលោកជឿជាក់ថា ប្រសិនបើកម្ពុជាធ្វើកំណែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។

លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាហាក់មានសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថិរភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយមេរោគរាតត្បាត និងបញ្ហាសកលផ្សេងៗក្តី។ សេដ្ឋវិទូជាន់ខ្ពស់រូបនេះបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៨%នៅឆ្នាំ២០២៤ មានកំណើនតិចតួចបើធៀបនឹងកំណើននៅឆ្នាំ២០២៣ ដែលរំពឹងទទួលបាន៥,៥% ហើយសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់៦,១%នៅឆ្នាំ២០២៥។ ការបង្កើនការព្យាករសេដ្ឋកិច្ចរបស់កម្ពុជាជាបន្តបន្ទាប់របស់អ្នកជំនាញរូបនេះ គឺដោយផ្អែកលើការរំពឹងការកើនឡើងនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការងើបឡើងវិញនៃវិស័យសេវាកម្ម ឧស្សាហកម្ម និងវិស័យដែលជាជន្ទល់សេដ្ឋកិច្ចជាច្រើនទៀត។ ជាពិសេសលោករំពឹងលើអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានជាមួយប្រទេសក្នុងតំបន់ផ្សេងៗ។ តែយ៉ាងណាអ្នកជំនាញរូបនេះវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅតែអាចប្រឈមនឹងហានិភ័យពីខាងក្រៅ និងខាងក្នុង។

ជាមួយគ្នានេះលោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាមានបានគូសបញ្ជាក់ថា ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបានដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចការរបស់វិស័យសាធារណៈ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការរក្សាបានស្ថិរភាពហិរញ្ញវត្ថុក៏ជាកត្តាអាទិភាពមួយដែរ ហើយចាំបាច់ត្រូវតែខិតខំថែមទៀតក្នុងការស្តារលំហសារពើពន្ធ។

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បើទោះជាមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី តែវិស័យដឹកជញ្ជូន និងប្រព័ន្ធឡូហ្ស៊ីស្ទិកនៅមានកម្រិត និងការផ្គត់ផ្គង់ថាមពល ដែលពិបាកទុកចិត្តបាននៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ លោកស្រីជឿជាក់ថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ លោកស្រីបានបន្តថា នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅដែលរួមមានការឆ្លងរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថា នឹងនៅតែបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពិភពលោក។

របាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់កម្ពុជាបានកត់សម្គាល់ថា វិស័យទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញជាហូរហែក៏ដោយ ប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួននៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ៥% ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។

ធនាគារពិភពលោកបានព្យាករថា នៅថ្ងៃខាងមុខកំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យនៅតែជាហានិភ័យដដែល។យ៉ាងណាមិញធនាគារនេះជំរុញឱ្យកម្ពុជាគួរកែលម្អបរិយាកាសធុរកិច្ច ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតអាមេរិកអះអាង នឹងជំរុញទេសចរ និងអ្នកវិនិយោគអាមេរិកមកកម្ពុជាបន្ថែម

ព័ត៌មាន
ឯកអគ្គរដ្ឋទូតអាមរិកប្រចាំកម្ពុជា ឯកឧត្តម Partick Murphy បានអះអាងនៅចំពោះមុខឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលប…

អ្នកជំនាញព្រមានពីវិបត្តិសុខភាពសកលមុនដឹកដៃគ្នាចូលរួមសន្និសីទ COP28 នៅឌូបៃ

ព័ត៌មាន
មុនដឹកដៃគ្នាចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុលើកទី២៨ ដែលហៅកាត់ថា COP 28 នៅទីក្រុងឌូបៃ ឆ្នាំនេះ អ្នកជំនាញបានព្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ