
ស្ថានភាពរអាក់រអួលនៃការបង្កបង្កើនផលពោតនៅប្រេស៊ីល ដែលជាប្រទេសនាំចេញពោតធំជាងគេនៅលើពិភពលោក វានឹងរុញច្រានឱ្យតម្លៃពោតមានការប្រែប្រួលនាពេលខាងមុខ។ អ្នកវិភាគបានអះអាងថា ស្ថិតក្នុងស្ថានភាពនេះ ទីផ្សារពោត ដែលកាលពីឆ្នាំ២០២៣ មានតម្លៃជាង២៩៧ពាន់លានដុល្លារ ហើយឡើងដល់ជាង៣០៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៤ អាចនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៥ នេះ។
ទិន្នផលពោតនៅឆ្នាំនេះ ទំនងជាមិនអាចសម្រេចបានដូចទំហំដែលបានព្យាករនោះទេ ដោយសារតែបញ្ហាធម្មជាតិ បានធ្វើឱ្យមានការរអាក់រអួលនៅក្នុងតំបន់ ដែលជាចម្ការពោតដ៏ធំល្វឹងល្វើយរបស់ប្រទេសប្រេស៊ីល ដូច្នេះសហរដ្ឋអាម៉េរិក អាចនឹងដណ្តើមយកតួនាទីជាប្រទេសនាំចេញពោតជំនួសប្រេស៊ីលវិញ។
ក្រៅពីប្រេស៊ីល ប្រទេសអាហ្សង់ទីន ដែលជាអ្នកនាំចេញលំដាប់កំពូលទាំង៥ នៅលើពិភពលោកក៏កំពុងជួបបញ្ហារាំងស្ងួតផងដែរ។ ទន្ទឹមនឹងភាពមិនសូវអំណោយផលនៅប្រេស៊ីល និងអាហ្សង់ទីន ការិយាល័យស្ថិតិកសិកម្មរបស់អាម៉េរិកឯណោះវិញ ក៏មិនបានបង្ហាញសូចនាករវិជ្ជមានពាក់ព័ន្ធនឹងទិន្នផលពោតរបស់ខ្លួននៅឆ្នាំនេះដែរ។
ការិយាល័យនេះបានកាត់បន្ថយការព្យាករទិន្នផលពោតរបស់ខ្លួនសម្រាប់បំពេញស្តុកពោតនៅអាម៉េរិកនៅឆ្នាំ២០២៥ រហូតដល់៥លានតោនឯណោះ ដូច្នេះទិន្នផលពោតរបស់អាម៉េរិក អាចសម្រេចបានប្រមាណ៣៩លានតោនប៉ុណ្ណោះនៅឆ្នាំនេះ។
មកទល់ពេលនេះតម្លៃពោតនៅលើទីផ្សារអន្តរជាតិ នៅក្នុង១បាវទំងន់១៤,៥គីឡូក្រាម មានតម្លៃត្រឹមតែ ៤,២៥ដុល្លារ ពោលគឺនៅតែថោកជាងកាលពីឆ្នាំមុន ដែលមានតម្លៃ៤,៥៥ដុល្លារ ប៉ុន្តែអ្នកវិភាគបានអះអាងថា នៅចុងឆ្នាំនេះ វានឹងកើនឡើងយ៉ាងហោចណាស់១១%។
បច្ចុប្បន្នប្រទេសដែលជាកំពូលអ្នកនាំចេញពោតធំជាងគេទាំង៥ នៅលើពិភពលោករួមមានប្រេស៊ីល សហរដ្ឋអាម៉េរិក អាហ្សង់ទីន អ៊ុយក្រែន និងរ៉ូម៉ានី ហើយប្រទេសដែលនាំចូលពោតច្រើនជាងគេទាំង៥ រួមមាន ចិន ម៉ិកស៊ិក ជប៉ុន អេស្ប៉ាញ និងអេហ្ស៊ីប។
សម្រាប់ដំណាំពោតនេះ វាក៏ជាប្រភេទដំណាំដែលកម្ពុជា អាចដាំ និងអាចនាំចេញបានដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទីផ្សារពោតកម្ពុជា នៅមានកម្រិតនៅឡើយ។ កាលពីឆ្នាំ២០២៣ កម្ពុជា នាំចេញពោតសម្រេចបានជាង២៨លានដុល្លារ និងនៅឆ្នាំ២០២៤ បានឡើងដល់ជាង៥១លានដុល្លារ។ កម្ពុជា អាចមានសក្តានុពលសម្រាប់ការបង្កបង្កើនផលដំណាំប្រភេទនេះ គ្រាន់តែទីផ្សារមិនទាន់ទូលំទូលាយ៕
ដោយៈ សរ សុជាតិ