ថៃរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក

ថៃប្រកាសរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកជាផ្លូវការលើកដំបូង ស្របពេលសាច់ជ្រូកក៏កំពុងតែឡើងថ្លៃខ្ពស់ខ្លាំង


ប្រទេសថៃបានប្រកាសថា ខ្លួនបានរកឃើញករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកជាផ្លូវការលើកដំបូងក្នុងប្រទេសរបស់ខ្លួនកាលពីថ្ងៃទី ១១ មករានេះ។ វត្តមាននៃជំងឺប៉េស្តជ្រូកនឹងគំរាមកំហែងដល់កង្វះខាតការផ្គត់ផ្គង់សាច់ជ្រូក និងតម្លៃសាច់ជ្រូក ស្របពេលដែលតម្លៃសាច់ជ្រូកក្នុងប្រទេសថៃបច្ចុប្បន្នកំពុងតែកើនឡើងខ្ពស់ស្រាប់ទៅហើយនោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia ។
ថៃប្រកាសរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈសាច់ជ្រូកក្នុងប្រទេសកំពុងឡើងថ្លៃ
ដោយ

ក្រសួងកសិកម្ម និង​អាជ្ញាធរ​ក្នុង​ប្រទេស​ថៃ​បាន យក​សំណាក​ពី​សត្វ​ជ្រូក​ជា​ច្រើន​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើតេស្ត​រក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ក្រោយ​ការ​ធ្វើតេស្ត លទ្ធផល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា សត្វ​ជ្រូក​ជា​ច្រើន​ក្នុង​ប្រទេស​នេះ​បាន​ឆ្លង​នូវ​ជំងឺប៉េស្ត​ជ្រូក​នេះ​ហើយ​។

យ៉ាងណា​ក៏​ដោយ​ចុះ  អ្នកស្រុក​មួយ​ចំនួន​ជឿ​ថា ជំងឺប៉េស្ត​ជ្រូក​នេះ គឺ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ថៃ​មួយ​រយៈ​ហើយ គ្រាន់តែ​ព័ត៌មាន​អំពី​ជំងឺ​នេះ​ត្រូវ​បាន​បិទ​បាំង​តែ​ប៉ុណ្ណោះ​។ ជាក់ស្ដែង ប្រទេស​នេះ​បាន​រាយការណ៍​អំពី​ជ្រូក​ងាប់​នៅ​តាម​កសិដ្ឋាន​ជា​ច្រើន​ក្នុង​មួយ​ឆ្នាំ​កន្លង​មកនេះ ប៉ុន្តែ​អាជ្ញាធរ​បាន​ចាត់​ទុក​ថា​ជ្រូក​ទាំងនោះ​បាន​ឆ្លង​ជំងឺ​ផ្សេង​។

យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​ថវិកា​ចំនួន​ជាង ១៧ លាន​ដុល្លារ ដើម្បី​ផ្តល់​ជា​សំណង​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តូច​ៗ​នៅ​ក្នុង​ខេត្ត​ចំនួន ៥៦ ដែល​ជ្រូក​របស់​ពួក​គេ​ត្រូវ​បាន​សម្លាប់ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​ជ្រូក​ណាមួយ​។

ជំងឺ​នេះ​បាន​បង្ក​ទៅ​ជា​ការ​គំរាមកំហែង​បន្ថែម​ទៀត​ដល់​កង្វះខាត​ផលិតផល​សាច់​ជ្រូក​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​កង្វះ​ការ​ផ្គត់ផ្គង់​ស្រាប់​ទៅ​ហើយ​នោះ ក្រោយ​មានការ​កើនឡើង​នូវ​តម្រូវការ​ខ្ពស់ បន្ទាប់​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​។

លើស​ពី​នេះ​ទៅ​ទៀត បញ្ហា​ជំងឺប៉េស្ដ​ជ្រូក​នេះ នឹង​ជះ​ឥទ្ធិពល​កាន់តែ​អាក្រក់​ដល់ទី​ផ្សារ​សាច់​ជ្រូក​បន្ថែម​ទៀត ពោល​គឺ​តម្លៃ​សាច់​ជ្រូក​នឹង​អាច​កាន់តែ​ខ្ពស់​ថែម​ទៀត​។ តម្លៃ​សាច់​ជ្រូក​នៅ​ក្នុង​ប្រទេស​ថៃ​បាន​កើន​ឡើងជា​បន្ដបន្ទាប់​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​មកនេះ ដោយ​បាន​កើនឡើង​ពី​ប្រមាណ​៤​ដុល្លា​៥០​សេន​ក្នុង​មួយ​គីឡូក្រាម មក​ដល់​ជាង​៦ ទៅ​ជិត​៨​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ 

ក្រុម​អាជីវករ​លក់​សាច់​ជ្រូក​ប៉ាន់​ប្រមាណ​ថា តម្លៃ​សាច់​ជ្រូក​លក់រាយ​ជា​មធ្យម​នៅ​លើ​ទីផ្សារ​ថៃ​នឹង​កើន​ដល់​ម្លៃ​ជិត ៩ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប្រសិនបើ​មិន​មាន​ចំណាត់ការ​ណាមួយ​ពី​រដ្ឋាភិបាល​ទេ​ឲ្យ​បាន​សម​ស្រប​ទេ​នោះ  ហើយ​តម្លៃ​នេះ​គឺ​ពលរដ្ឋ​ភាគច្រើន​មិន​អាច​ទទួលយក​បាន​ទេ​។ អាជីវករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ មានការ​នាំ​ចូល​ជ្រូក​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ ដើម្បី​បន្ទាប​តម្លៃ​សាច់​ជ្រូក​ដែល​កំពុង​កើនឡើង​នេះ​ផង​ដែរ​។

សូម​ជម្រាប​ថា ប្រទេស​ថៃ​បាន​ផ្គត់ផ្គង់​ជ្រូក​ចំនួន ១៨ លាន​ក្បាល​ក្នុង​មួយ​ឆ្នាំទៅ​កាន់​ទីផ្សារ​ក្នុងស្រុក ហើយ​បាន​នាំ​ចេញ ១​លាន​ក្បាល​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា​កម្ពុជា វៀតណាម ឡាវ និង​មី​យ៉ា​ន់​ម៉ា​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ ការ​ផ្គត់ផ្គង់​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​នូវ​ត្រឹម ១៣ លាន​ក្បាល​ប៉ុណ្ណោះ​៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់បង្កើតមូលនិធិ១ពាន់លានដុល្លារ ដើម្បីសហការរកស៊ីជាមួយក្រុមហ៊ុនរបស់លីទុយអានី ទោះស្ថិតក្រោមសម្ពាធរបស់ចិន

ព័ត៌មាន
រដ្ឋបាលកោះតៃវ៉ាន់ នឹងចាប់ផ្តើមកម្មវិធីឥណទានក្នុងទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិក ដើម្បីជួយផ្តល់មូលនិធិដល់គម្រោងរួមគ្នារវាងក្រុមហ៊ុ…

មនុស្សប្រហែលពាក់កណ្តាលនៃទ្វីបអឺរ៉ុបនឹងអាចឆ្លងកូវីដ១៩អូមីក្រុងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ

ព័ត៌មាន
ពលរដ្ឋជាងពាក់កណ្តាលនៃទ្វីបអឺរ៉ុប អាចនឹងឆ្លងកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ក្នុងរយៈពេល ៦ទៅ៨សប្តាហ៍ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អង្គកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ