
នៅក្នុងវេទិកាពិភាក្សាស្តីពី«មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងវិនិយោគ ២០២៥» កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប យល់ឃើញថា ដើម្បីឱ្យវិស័យដឹកជញ្ជូនតាមផ្លូវដែកមានការអភិវឌ្ឍបាន លុះណាតែ អ្នកវិនិយោគត្រូវគិតគូចំណាយទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមាន ក្បាលរថភ្លើង និងដងសន្ទួចសម្រាប់លើកដាក់ទំនិញជាដើម។ បើតាមអ្នកជំនួញរូបនេះ ការដែលមិនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកគ្រប់គ្រាន់ នឹងធ្វើឱ្យការចំណាយលើការដឹកជញ្ជូននៅតែមានខ្ពស់ និងពិបាកក្នុងការប្រគួតប្រជែង។
ជាមួយគ្នានេះ ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវដែក ជាទូទៅ ត្រូវចំណាយពេលវេលាយូរជាងការដឹកជញ្ជូនតាមថយន្ត ដោយសារការផ្ទេរទំនិញទៅទូរថភ្លើងត្រូវចំណាយពេលច្រើនដង។ ប៉ុន្ដែ ឯកឧត្តម លូ គឹមឈុន លើកឡើងថា ការដឹកជញ្ជូនតាមផ្លូវដែកក្នុងរយៈចម្ងាយឆ្ងាយ នឹងទទួលបានផលចំណេញជាងការដឹកជញ្ជូនក្នុងរយៈចម្ងាយជិត បើធៀបនឹងការដឹកជញ្ជូនតាមរថយន្ដ។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស លើកឡើងដែរថា បញ្ហានៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ទាំងវិស័យរដ្ឋ និងឯកជន ត្រូវតែ ត្រូវរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីបង្កើនភាពប្រកួតប្រជែង សម្រាប់វិស័យឧស្សាហកម្មដឹកជញ្ជូន និងឡូជីស្ទិក ពិសេសវានឹងជួយដល់ការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្ពុជា មានផែនការលើកកម្ពស់គុណភាព និងអភិវឌ្ឍន៍គម្រោងផ្លូវដែកចំនួន៨គម្រោងនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវដែករបស់កម្ពុជា ជាពិសេស ដើម្បីរួមចំណែកជួយទាក់ទាញការវិនិយោគពីបរទេស។ នៅក្នុងចំណោមគម្រោងទាំង៨នេះ មានគម្រោងចំនួន៣ ស្ថិតក្នុងផែនការអភិវឌ្ឍន៍រយៈពេលមធ្យមពីឆ្នាំ២០២៣-២០២៧ និង៥គម្រោងទៀត ស្ថិតក្នុងផែនការអភិវឌ្ឍន៍រយៈពេលវែងពីឆ្នាំ២០២៨-២០៣៣៕
អត្ថបទ៖ បូ ដូឡា