វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចវៀតណាម អាចនឹងជែងឈ្នះសេដ្ឋកិច្ចថៃ នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះ


សេដ្ឋកិច្ចវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់អាចនឹងជែងឈ្នះសេដ្ឋកិច្ចថៃ ដែលមានប្រជាជនសរុបប្រមាណ៧០លាននាក់នៅដើមឆ្នាំ២០២៦ ដែលជំរុញដោយកំណើនខ្ពស់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋាភិបាល ខណៈដែលសេដ្ឋកិច្ចថៃ ដាំក្បាលចុះកាន់តែធ្ងន់ធ្ងរ ដែលជាលទ្ធផលអាចនឹងចាញ់សេដ្ឋកិច្ចហ្វីលីពីន ថែមទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី៥ ខែមករា។
វិស័យសេដ្ឋកិច្ច
ដោយ

សេដ្ឋកិច្ចវៀតណាម សម្រេចបានកំណើនខ្ពស់រហូតដល់ទៅប្រមាណ៨% នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ហើយរដ្ឋាភិបាលវៀតណាម កំពុងដាក់គោលដៅកំណើនរហូតដល់ទៅ ១០% ចាប់ពីឆ្នាំ២០២៦ តទៅ។ ប្រសិនបើសេដ្ឋកិច្ចវៀតណាម សម្រេចបានកំណើនតាមគោលដៅដែលបានកំណត់ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាម អាចឈានលើស ៥០០ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៦-២០២៧ ដែលធ្វើឱ្យប្រទេសនេះក្លាយជាសេដ្ឋកិច្ចធំបំផុតទី៣នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី។

កំណើននេះកំពុងត្រូវបានជំរុញដោយការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន គម្រោងអាកាសយានដ្ឋានថ្មីៗ និងគម្រោងផ្លូវដែកជាដើម។ ការវិនិយោគសាធារណៈត្រូវបានព្យាករថា នឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៦ ដែលនឹងជួយជំរុញសម្ទុះសេដ្ឋកិច្ចបន្ថែមទៀត។

ក្នុងពេលជាមួយគ្នានេះ សេដ្ឋកិច្ចថៃ កំពុងតែដាំក្បាលចុះដោយសារបញ្ហាចាក់ស្រេះជាច្រើនរួមមាន អស្ថិរភាពនយោបាយ និងជម្លោះព្រំដែនជាមួយកម្ពុជា ជាដើម ដែលកំពុងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ព្យាករថា ផលិត​ផលក្នុងស្រុកសរុបរបស់ថៃ នឹងសម្រេចបានកំណើនទាបត្រឹមតែ១,៥% ប៉ុណ្ណោះនៅឆ្នាំ២០២៦ នេះ។ បំណុលពលរដ្ឋកើនឡើងខ្ពស់ ការចំណាយរបស់អ្នកប្រើប្រាស់ចុះខ្សោយ ការងើបឡើងវិញយឺតនៃវិស័យទេសចរណ៍ និងសម្ពាធពីពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក កំពុងដាក់សម្ពាធលើសេដ្ឋកិច្ចថៃ យ៉ាងខ្លាំង។

ជាលទ្ធផលសេដ្ឋកិច្ចថៃ មិនត្រឹមតែអាចត្រូវសេដ្ឋកិច្ចវៀតណាម ជែងឈ្នះប៉ុណ្ណោះទេ គឺថែមទាំងអាចធ្លាក់តាមពីក្រោយសេដ្ឋកិច្ចហ្វីលីពីន ទៀតផង។ របាយការណ៍បង្ហាញថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយចំនួនបានកាត់បន្ថយ ឬបញ្ចប់ការផលិតយានយន្តនៅក្នុងប្រទេសថៃ រួចទៅហើយ។ ភាពតានតឹងក្នុងតំបន់ ក៏កំពុងជះផលប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍ថៃ ផងដែរ ជាពិសេសតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្រុមអ្នកជំនាញព្រមានថា បញ្ហាអស្ថិរភាពអាចធ្វើឱ្យវិនិយោគិនបរទេសភ័យខ្លាច។

ទោះជាយ៉ាងណា ប្រទេសវៀតណាម នៅតែប្រឈមមុខនឹងហានិភ័យ។ ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងការធ្លាក់ចុះនៃការនាំចេញដែលអាចកើតមានឡើង អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចមានកម្រិត ហើយគម្រោងវិនិយោគរាប់ពាន់គម្រោងត្រូវបានជាប់គាំងដោយសារតែបញ្ហាផ្នែកច្បាប់ និងរដ្ឋបាល៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ ក្រោយអាម៉េរិក ចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា

ក្រោយកងកម្លាំងយោធាពិសេសរបស់សហរដ្ឋអាម៉េរិក បានបើកប្រតិបត្តិការវាយឆ្មក់ចូលចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរ…

ហេតុផលសំខាន់ៗចំនួន៦នៅពីក្រោយការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡារបស់អាម៉េរិក

ក្រោយវាយឆ្មក់ចូលចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolás Maduroទីក្រុងវ៉ាស៊ីនតោន បានប្រកាសជាសាធារណៈថា សកម្មភាពរបស់ខ្លួន គឺមានបំណងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ