បញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់អាមេរិក៖ រុស្ស៊ីកំពុងត្រៀមឈ្លានពានពេញទីលើអ៊ុយក្រែន


មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា រុស្ស៊ីកំពុងត្រៀមឈ្លានពានពេញទីលើអ៊ុយក្រែនហើយ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានអះអាងប្រាប់សារព័ត៌មានបារាំង AFP ថា ផ្អែកតាមការវាយតម្លៃចារកម្មរបស់អាមេរិកបង្ហាញថា ប្រទេសរុស្ស៊ីកំពុងរៀបចំខ្លួនក្នុងការចូលឈ្លានពានទាំងស្រុង ពេញទីតែម្ដងនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែ គេមិនទាន់ប្រាកដថា តើក្រុងម៉ូស្គូ បានសម្រេចចិត្តថានឹងចាត់វិធានការបែបណានោះទេ ខណៈដែលបច្ចុប្បន្នរុស្ស៊ីបានប្រមូលផ្ដុំកងទ័ពជាង ១១ម៉ឺននាក់ នៅតាមព្រំដែនជាមួយអ៊ុយក្រែនរួចរាល់អស់ហើយ។
បញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន
ដោយ

បើទោះបីជា ការវាយតម្លៃរបស់ចារកម្មអាមេរិករកឃើញថា រុស្ស៊ីកំពុងត្រៀមខ្លួនឈ្លានពានអ៊ុយក្រែនពេញទីក៏ពិតមែន ប៉ុន្ដែ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើផែនការឈ្លានពាននេះ ពិតជាត្រូវបានសម្រេចចិត្តដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាល់ឌីមៀ ពូទីន រួចហើយ ឬក៏នៅនោះទេ។

មន្ត្រីជាន់ខ្ពស់អាមេរិក បានព្រមានទៅកាន់សមាជិកសភាអាមេរិកថា ការប្រមូលផ្ដុំទ័ពរបស់រុស្ស៊ីកំពុងកើនឡើងក្នុងចំនួនមួយ ដែលអាចឲ្យលោកពូទីន ចូលឈ្លានពានពេញទីតែម្ដងនៅក្នុងប្រទេសអ៊ុយក្រែន ដោយកម្លាំងទ័ពរស្ស៊ីនៅតំបន់ព្រំដែនអ៊ុយក្រែនត្រូវបានរំពឹងថា នឹងកើនដល់១៥ម៉ឺននាក់នៅពាក់កណ្ដាលខែកុម្ភៈនេះ។

បើទោះជាយ៉ាងណា រុស្ស៊ីបានចេញមុខអះអាងជាច្រើនលើកច្រើនសារមកហើយថា ខ្លួនមិនមានផែនការឈ្លានពានអ៊ុយក្រែននោះទេ ហើយរុស្ស៊ីបានចោទប្រកាន់អាមេរិកវិញថា កំពុងរុញឲ្យរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។

ទោះជាបែបនេះក្ដី តាមការព្យាករទុករបស់ក្រុមមន្ត្រីអាមេរិក បានឲ្យដឹងថា ប្រសិនបើក្រុងម៉ូស្គូជ្រើសរើស យកការវាយប្រហារទាំងស្រុងទៅលើប្រទេសអ៊ុយក្រែន កម្លាំងឈ្លានពាននេះ អាចដណ្ដើមយករដ្ឋធានី កៀវ និងផ្ដួលរំលំរដ្ឋាភិបាលលោក វ៉ូលឡូឌីមៀ សែលែនស្កាយ (Volodymyr Zelensky) នៅក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ។ តាមការប៉ាន់ស្មានពីក្រុមមន្ត្រីអាមេរិក ការវាយប្រហារអាចនឹងធ្វើឲ្យជនស៊ីវិលយ៉ាងហោចណាស់ ២ម៉ឺន៥ពាន់នាក់ ទៅ ៥ម៉ឺននាក់ស្លាប់បាត់បង់ជីវិត រួមជាមួយនឹងទាហានអ៊ុយក្រែនយ៉ាងហោចណាស់៥ពាន់ ទៅ២ម៉ឺន៥ពាន់នាក់អាចនឹងត្រូវស្លាប់ និងទាហានរុស្ស៊ីអាចនឹងស្លាប់ប្រហែល៣ពាន់ ទៅ១ម៉ឺននាក់ផងដែរ។

ករណីសង្គ្រាមផ្ទុះឡើងមែននោះ ក៏នឹងមានលំហូរជនភៀសខ្លួនប្រហែល ១ ទៅ៥លាននាក់ និងភាគច្រើននឹងត្រូវភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ។

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ក៏បានបញ្ជូនកងកម្លាំងអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីការពារសមាជិកអង្គការណាតូផងដែរ  ខណៈដែលអ្នកការទូត ក៏កំពុងធ្វើការយ៉ាងក្ដៅគគុក ដើម្បីព្យាយាមបញ្ចុះបញ្ចូលរុស្ស៊ីឲ្យដកទ័ពរបស់ខ្លួនចេញពីតំបន់ជាប់ព្រំដែនអ៊ុយក្រែន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេ Facebook ខាតបង់ប្រាក់ ២៩ ពាន់លានដុល្លារក្នុងមួយថ្ងៃ ខណៈមេAmazonរកបាន ២០ពាន់លានដុល្លារ

ព័ត៌មាន
លោក Mark Zuckerberg បានខាតបង់នូវទ្រព្យសម្បត្តិសុទ្ធ ២៩ ពាន់លានដុល្លារកាលពីថ្ងៃព្រហស្បតិ៍ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc (F…

កម្ពុជា-សហរដ្ឋអាមេរិកប្តេជ្ញាធ្វើឲ្យទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកកាន់តែល្អប្រសើរ

ព័ត៌មាន
នៅក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាពាក់ព័ន្ធការអញ្ជើញ និងឆ្លើយតបក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន ប្រធានអាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ