ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា គិតមកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា កម្ពុជាអាចប្រឈមនឹងបញ្ហាខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយច្បាស់លាស់ក្នុងការរក្សាសន្និធិប្រេង សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាមួយតម្លៃសមរម្យតាមទីផ្សារអន្តរជាតិ។ កត្តានេះធ្វើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមានទំនុកចិត្តថា កម្ពុជានឹងមិនអាចខ្វះប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់នោះទេ បើទោះបីបច្ចុប្បន្នតម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានការឡើងថ្លៃខ្ពស់នៅមួយរយៈចុងក្រោយក៏ដោយ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ទោះបីតម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយក៏ដោយ ប៉ុន្តែកម្ពុជាបច្ចុប្បន្ន មិនមានជួបបញ្ហាខ្វះប្រេងឥន្ធនៈប្រើប្រាស់ដូចកំពុងកើតមានឡើងនៅប្រទេសឡាវ និងស្រីលង្កានោះទេ។ ឯកឧត្តម ជឿជាក់ថា បញ្ហានេះក៏ទំនងជាមិនអាចកើតមានឡើងនៅកម្ពុជានាពេលខាងមុខនោះដែរ ព្រោះរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ គោលនយោបាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាធ្វើយ៉ាងណារក្សា និងគ្រប់គ្រងសន្និធិប្រេង សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋឲ្យគ្រប់គ្រាន់ ជាមួយការធានាតម្លៃសមរម្យស្របតាមទីផ្សារអន្តរជាតិ។ ពាក់ព័ន្ធបញ្ហាប្រេងឥន្ធនៈនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗបានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធឲ្យគិតគូររៀបចំឲ្យមានការទិញប្រេងមកស្តុកទុកសម្រាប់ផ្តត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យខ្សែច្រវាក់ផលិតកម្ម។
គួរបញ្ជាក់ថា ក្រោយរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃ២៤ កុម្ភៈ ប្រទេសជាច្រើននៅលោកខាងលិចបានទម្លាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើរុស្ស៊ី ដូចជាដករុស្ស៊ីចេញប្រព័ន្ធទូទាត់ប្រាក់សកល Swift បង្កកទ្រព្យសម្បត្តិឥស្សរជនជាន់ខ្ពស់ មហាសេដ្ឋី និងផ្អាកទិញប្រេងឥន្ធនៈ និងឧស្ម័នពីរុស្ស៊ីជាដើម។ ផែនការផ្តាច់ការទិញប្រេងឥន្ធនៈពីរុស្ស៊ីនេះបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈមានការប្រែប្រួលយ៉ាងខ្លាំង និងធ្វើឲ្យប្រទេសមួយចំនួនលើកំពុងទទួលរងឥទ្ធិពលអាក្រក់ពីបញ្ហាទាំងអស់នេះផងដែរ។
ជាក់ស្តែង ប្រទេសឡាវក្បែរខាងកម្ពុជា ក៏កំពុងជួបបញ្ហាខ្វះប្រេងឥន្ធនៈសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យផលិតកម្ម និងខ្សែច្រវាក់ផលិតកម្មផងដែរ។ ស្របពេលតម្រូវការកំពុងកើនឡើងខ្ពស់ ប្រេងឥន្ធនៈនៅប្រទេសឡាវបានហក់ឡើងថ្លៃជិត២ដុល្លារអាមេរិកក្នុង១លីត្រ ខណៈរដ្ឋាភិបាលឡាវកំពុងញាប់ដៃញាប់ជើងរិះរកវិធី ដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរមួយនេះ។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសឡាវក៏បានបង្ហាញពីគម្រោងទិញប្រេងតម្លៃថោកពីរុស្ស៊ីដែរ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសនេះ អះអាងថា វាគ្រាន់តែជាគំនិតមួយប៉ុណ្ណោះ ប៉ុន្ដែ ដំណើរការនៃការទិញប្រេងពីប្រទេសរុស្ស៊ី គឺមានរយៈពេលវែង ហើយមធ្យោបាយនេះ មិនអាចយកមកប្រើប្រាស់ដោះស្រាយបន្ទាន់សម្រាប់រយៈពេលខ្លីនោះទេ៕