ពន្ធលើអចលនទ្រព្យ

រដ្ឋ សម្រេចបន្ដឲ្យ ២ឆ្នាំទៀត សម្រាប់ការបង់ពន្ធអចលនទ្រព្យជាកញ្ចប់ ឬហៅថា បង់ពន្ធជាមុនតាមគម្រោង


ការបង់ពន្ធអចលនទ្រព្យជាកញ្ចប់ ឬហៅថាការ បង់ពន្ធមុនទៅតាមគម្រោងអភិវឌ្ឍន៍ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យបន្តរយៈពេល ២ឆ្នាំបន្ថែមទៀត ដ្បិតថា មានការស្នើសុំពីសំណាក់ក្រុមហ៊ុនដែលម្ចាស់អចលនទ្រព្យ ដែលអះអាងថា ពួកគេមានការលំបាកក្នុងការបង់ពន្ធ។ នេះបើតាមការអះអាង របស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
អគារ​ The Bridge របស់ក្រុមហ៊ុន WorldBridge Group
ដោយ

ថ្លែង​នៅក្នុង​ពិធិជួបជុំ​ជាមួយនឹង​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា នាពេល​ថ្មីៗនេះ ឯកឧត្តម គង់ វិបុល បានលើកឡើងថា ដោយមានការ​ស្នើសុំពីសមាគម​អ្នកអភិវឌ្ឍន៍​លំនៅដ្ឋាន​ឲ្យមាន​ការបន្ត​ការបង់ពន្ធមុនតាមគម្រោង​ ឬបង់ពន្ធជាកញ្ចប់នោះ​ខាងអគ្គនាយកដ្ឋានពន្ធដារ និងក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានសម្រេចដាក់ចេញ​នូវ​គោលការណ៍​ចំនួន តាមរយៈ​លិខិតលេខ ១៩៩០០១ របស់ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដោយអនុញ្ញាត​ឲ្យក្រុមហ៊ុន​ម្ចាស់អចលនវត្ថុ អាច​បន្ត​ការបង់ពន្ធ​មុន​តាមគម្រោង ឬហៅថា​បង់ពន្ធជាកញ្ចប់ សម្រាប់​រយៈពេល​២ឆ្នាំ​បន្ថែមទៀត។ ប៉ុន្ដែ គោលការណ៍​មួយចំនួន មិនអនុញ្ញាត​ឲ្យ​បង់ពន្ធ​ក្នុងកម្រិត​ពន្ធដដែលនោះទេ ពោលគឺ​ត្រូវតែមានការកើន​ឡើង ដោយសារតែ​តម្លៃអចលនទ្រព្យ​ក៏កើនឡើងដែរ។ 

បើតាម​ឯកឧត្តម គង់ វិបុល ការបន្ត​រយៈពេល២ឆ្នាំទៀត សម្រាប់​ការបង់មុន​តាមគម្រោង ឬបង់ពន្ធជាកញ្ចាប់​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យនេះ វាគឺជា​ការជួយ​សម្រួល​កាតព្វកិច្ចបង់ពន្ធ​សម្រាប់​ក្រុមហ៊ុន​ក្នុងវិស័យឯកជន ពិសេស​គឺក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ដែលបច្ចុប្បន្ន​វិស័យនេះ​គឺ​ជាក្បាលម៉ាស៊ីន​ដ៏សំខាន់​មួយ សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។

ឯកឧត្តម បន្ថែមទៀតថា ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងការ​បង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ ក៏​គ្រោងនឹងស្នើ​ដល់​រដ្ឋាភិបាល​តាមរយៈក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឲ្យមានការ​បន្ថូរបន្ថយអត្រា​ពន្ធប្រថាប់ត្រា​ចំពោះ ការ​ផ្ទេរ​អចលនទ្រព្យ​ពី​រូបវ័ន្ដបុគ្គល ទៅជា​នីតិបុគ្គល ដែលជា​មានឈ្មោះ​ម្ចាស់កម្មសិទ្ធិ​តែមួយ​ផងដែរ។ 

លោកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា បាន​លើកឡើងដែរថា សមាគម​មានការ​ពេញចិត្តជាខ្លាំង នឹង​ការបន្ត​រយៈពេល​២ឆ្នាំ សម្រាប់ការបង់ពន្ធ​មុន​តាមគម្រោងនេះ ខណៈដែល​ការសម្រួល​បង់ពន្ធ​តាម​គោលការណ៍នេះ គឺធ្វើឡើងមក​រយៈពេល ៥ឆ្នាំមកហើយ។ លោកបន្តថា ការបង់ពន្ធ​មុនតាមគម្រោងនេះ គឺវាមិនសូវមាន​ភាពស្មុគស្មាញ សម្រាប់​ក្រុមហ៊ុន​ ហើយ​កម្រិត​នៃការបង់​ក៏មានការកើន​ឡើង​ទៅតាម​តម្លៃទីផ្សារ​អចលនវត្ថុ​ផងដែរ។ មិនតែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ ក៏ងាយ​ក្នុងការប្រមូលចំណូល និង​ប្រមូលបាន​ច្រើន​ថែមទៀតផង។

លោកឧកញ៉ា លី ហួរ បាន​បញ្ជាក់ថា «​គម្រោងនីមួយៗ គឺយើង​បង់ពន្ធមុនទោះបី​មិនទាន់​លក់អស់ ក៏យើង​រាប់តាម​ Master Plan (ផែនការមេ) របស់យើង...ឧទាហរណ៍ គម្រោងមួយនេះ ៥០០ផ្ទះ គឺគេគិតពន្ធ​៥០០ ផ្ទះតែម្ដង ហើយបង់តាមដំណាក់កាល»។ 

ទោះយ៉ាងណា របាយការណ៍​កាលពីដើមខែ​កញ្ញានេះ របស់​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាន​ផ្ដល់​ជាយោបល់ថា កម្ពុជា​គួរតែ​បង្កើន​ចំណូលពន្ធ​ពីវិស័យអចលនទ្រព្យ បន្ថែមទៀត ដើម្បី​ជំរុញដល់​មូលនិធិ​ចំណាយសម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។

បើតាម​របាយការណ៍នោះ បានបញ្ជាក់ដែរថា ចំណូលពន្ធ​ពីវិស័យអចលនទ្រព្យ របស់កម្ពុជា មានតែ ០,១% ប៉ុណ្ណោះនៃ ទំហំផលិតផល​ក្នុងស្រុកសរុប ដែលវា​ត្រូវបាន​គេចាត់ទុកថា ជា​ចំនួន​មួយ​ទាបណាស់។

ដោយឡែក របាយការណ៍​ពី​អគ្គនាយកដ្ឋានពន្ធដារ បង្ហាញដែរថា នៅ៨ខែ ឆ្នាំ២០១៩  ចំណូលពន្ធ អាករ ដែលប្រមូលបាន ដោយអគ្គនាយកដ្ឋានពន្ធដារ មានចំនួនជិត ២ពាន់ លានដុល្លារអាមេរិក ស្មើនឹង ៨៥,៣៣% នៃផែនការប្រចាំឆ្នាំ។ បើសិនជាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ឃើញថា មានការកើនឡើងជាទឹកប្រាក់ជាង ៤៤៩ លានដុល្លារ​អាមេរិក ស្មើនឹងអត្រាកំណើនជាភាគរយ ៣០%។  ក្នុងនោះដែរ ពន្ធប្រថាប់ត្រា​លើ​អចលនទ្រព្យ កើនឡើង​ប្រមាណ ៦០%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ

ព័ត៌មាន
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​ថ្មីៗ​នេះ …

ឆ្នាំ២០២០ ប្រាក់ឈ្នួលកម្មករនិយោជិតរោងចក្រកាត់ដេរ កើនដល់ ១៩០ ដុល្លារ ទោះបី EBA ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់​

ព័ត៌មាន
បើទោះបីជា បញ្ហាការលើកលែងពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ ដែលអាចនឹងឈានដល់ការប្រកាសព្យួរក៏ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ