
ដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន កំពុងស្ថិតក្នុងសំណាក់កាលរាប់ថយក្រោយ ប៉ុន្តែនៅពេលនេះ បេក្ខភាពនាយករដ្ឋមន្រ្តី ដែលលេចធ្លោរជាងគេមានពីររូប រួមមានលោកស្រី សាណាអេ តាកាអ៊ីជី ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី និងលោក យូអ៊ីជីរ៉ូ តាម៉ាគី ដែលជាប្រធានគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន។ ដំបូងឡើយលោកស្រី តាកាអ៊ីជី គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីដ៏លេចធ្លោរ ប៉ុន្តែក្រោយការចាកចេញរបស់គណបក្សកូមីអ៊ីតូ (Komeito) ពីក្រុមចម្រុះដែលកំពុងកាន់អំណាចដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី បានធ្វើឱ្យដំណើរការជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន កាន់តែពិបាកក្នុងការទស្សន៍ទាយ ដោយគណបក្សនានា កំពុងប្រជែងគ្នា ដើម្បីដណ្តើមតំណែងនេះ។
មកដល់ពេលនេះភាគរយរបស់លោកស្រី តាកាអ៊ីជី នៅតែខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មិនអាចមើលស្រាលបេក្ខភាពនាយករដ្ឋមន្រ្តីផ្សេងបានឡើយ ជាពិសេសលោក តាម៉ាគី តែម្តង។ តាមការគ្រោងទុកជប៉ុន គ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនៅក្នុងរង្វង់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នៅក្នុងដំណើរការបោះឆ្នោត អ្នកដែលនឹងក្លាយជានាយករដ្ឋមន្រ្តី គឺអ្នកដែលឈ្នះឆ្នោតដោយសំឡេងភាគច្រើន ប៉ុន្តែប្រសិនបើការបោះឆ្នោតនោះមិនអាចមានបេក្ខភាពណាមួយទទួលបានសំឡេងច្រើនទេ គឺត្រូវឆ្លងកាត់ការបោះឆ្នោតជុំថ្មីរវាងបេក្ខជន ដែលមានសំឡេងច្រើនជាងគេពីររូប។
អ្នកវិភាគបានឲ្យដឹងថា នេះគឺជាសម្ពាធថ្មីមួយសម្រាប់លោកស្រី តាកាអ៊ីជី នៅក្នុងនាមជាប្រធានគណបក្សកាន់អំណាច ដែលបានដឹកនាំរដ្ឋាភិបាលជប៉ុនតាំងពីឆ្នាំ២០១២ មក។ នៅពេលនេះ លោកស្រី អាចទទួលបានសំឡេងគាំទ្រ១៩៦សំឡេង ប៉ុន្តែដើម្បីអង្គុយកៅអីនាយករដ្ឋមន្រ្តីបាន លោកស្រី ត្រូវការសំឡេងឲ្យបានគ្រប់២៣៣សំឡេងនៅក្នុងចំណោមសមាជិកសភាទាំងអស់៤៦៥សំឡេង៕
ដោយៈ សរ សុជាតិ