សុទិដ្ឋិនិយមនេះ ក៏ដោយសារតែប្រទេសទាំងនេះ ផ្តើមមានការបន្ធូរបន្ថយ លើវិធានការកូវីដ១៩មួយចំនួនធំ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឆមាសទី២វិញ មានការកែប្រែមួយចំនួន ដែលសេដ្ឋកិច្ចនៅតំបន់អាស៊ាន ហាក់បង្ហាញពីការធាក់ថយកំណើន ដោយសារការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចសកលថយចុះ បន្ទាប់ពីការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងបញ្ហាអតិផរណាដែលកំពុងបន្តមាន។ នេះបើតាមការស្រាវជ្រាវ និងស្ដង់មតិដោយសារព័ត៌មានជប៉ុនNikkei។
ផលិតផលក្នុងស្រុកសរុបសម្រាប់សមាជិកធំបំផុតទាំងប្រាំនៃអាស៊ាន ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នឹងកើនឡើង៥%ក្នុងឆ្នាំ២០២២ នេះបើយោងតាមការស្ទង់មតិប្រចាំត្រីមាស ដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុននិង Nikkei ក្នុងខែមិថុនា។ តួលេខនេះបង្ហាញពីការកើនឡើងវិញ ០,១% ពីការស្ទង់មតិលើកមុនក្នុងខែមីនា។
បណ្តាប្រទេសអាស៊ីកំពុងដឹកនាំសេដ្ឋកិច្ចរបស់ពួកគេឱ្យឆ្ងាយពីជំងឺរាតត្បាតរាតត្បាត ដើម្បីបន្តសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្ម រួមទាំងការទទួលយកភ្ញៀវទេសចរផងដែរ។ ទស្សនវិស័យសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ីនៅឆមាសទី១ ត្រូវបានបានកើនឡើងដល់ ៥,១% កើនពី ៥% នៅក្នុងការស្ទង់មតិមុន។ ហ្វីលីពីនបានឡើងដល់ ៦,៦% កើនពី ៦,៣% ខណៈតួលេខថៃឡើងដល់ ៣,២% កើនពី ៣,១% ដែលជាអ្វីដែលបានស្ទង់មតិកាលពីមុន។
ប៉ុន្ដែ បើមើលទៅលើអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីវិញ គឺនៅឆមាសទី១ បានធ្លាក់ចុះមកនៅត្រឹម ៦% ថយពី ៦,១% ខណៈដែលប្រទេសសិង្ហបុរីបានចយចុះមកនៅត្រឹម ៤,៣% ថយពី ៤,៦% នៃអ្វីដែលបានស្ទង់មតិពីមុន។
ការស្ទង់មតិរបស់សារព័ត៌មានជប៉ុន Nikkei នេះបានធ្វើឡើងចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី ២៣ ខែមិថុនា ជាមួយនឹងក្រុមសេដ្ឋវិទូ និងអ្នកវិភាគសេដ្ឋកិច្ចជាង៣០នាក់។
ការស្ទង់មតិដដែលឱ្យដឹងថា ហេតុផលចម្បងដែលធ្វើឱ្យមានការបន្ទាបកំណើនសេដ្ឋកិច្ចនៅប្រទេសតំបន់អាស៊ាន គឺទីមួយដោយសារការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ស្របពេលដែលធនាគារកណ្តាលដដែលបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ច អាមេរិកនៅឆ្នាំ២០២២ពី២,៨%ដែលបានព្យាករក្នុងខែមីនាមកត្រឹម ១,៧%ប៉ុណ្ណោះ។
ក្រៅពីបញ្ហានេះ នៅមានកត្តាចំបងមួយចំនួននោះគឺអត្រាអតិផរណា ដែលកំពុងកើនឡើង ខណៈដែលកត្តាការឆ្លងរាតត្បាតកូវីដ១៩ លែងសូវត្រូវបានសេដ្ឋវិទូចាត់ទុកជាកត្តាគំរាមកំហែងទៅហើយ លើកលែងតែសម្រាប់ប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ។
គួរជម្រាបថា កំណើនយឺតនៃសេដ្ឋកិច្ចរបស់ចិនដែលជាក្បាលម៉ាស៊ីនសម្រាប់តំបន់ ក៏បានជះឥទ្ធិពលខ្លះៗដែរមកលើ សេដ្ឋកិច្ចនៃប្រទេសមួយចំនួននៅតំបន់អាស៊ាន ពិសេសប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចច្រើនជាមួយចិន ស្របពេលដែលទីក្រុងប៉េកាំងនៅតែបន្តអនុវត្តគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរឹងរបស់ខ្លួន៕