តើមានអ្វីនៅពីក្រោយការធ្វើទស្សនកិច្ចជាលើកដំបូងរបស់មន្ត្រីកំពូលចិនទៅមីយ៉ាន់ម៉ា?

មន្ត្រីការទូតកំពូលរបស់ចិន បានធ្វើទស្សនកិច្ចជាលើកដំបូងទៅមីយ៉ាន់ម៉ា ចំពេលប្រទេសកំពុងមានភាពវឹកវរនៅឡើយ


មន្ត្រីការទូតកំពូល និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោកវ៉ាង យី (Wang Yi) បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងរបស់ខ្លួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរបបយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុន។ការឈានជើងចូលជាលើកដំបូងនេះ គឺដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ដែលត្រូវបានរបបយោមីយ៉ាន់ម៉ាចាត់ទុកថា ជាការទទួលស្គាល់ដោយស្របច្បាប់នៃរដ្ឋាភិបាលរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលស្រមោល និងក្រុមប្រឆាំងវិញបានតវ៉ាថា វាជាការរំលោភបំពានលើកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មន្ត្រីការទូតកំពូលរបស់ចិន បានធ្វើទស្សនកិច្ចជាលើកដំបូងទៅមីយ៉ាន់ម៉ា ចំពេលប្រទេសកំពុងមានភាពវឹកវរនៅឡើយ

បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការ​បរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន លោក Wang Yi បាន​ចូលរួម​ជាមួយ​សមភា​គីមី​យ៉ា​ន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​សហប្រតិបត្តិការ (Lancang-Mekong) នៅ​កណ្តាល​ទីក្រុង​បា​ហ្កា​ន (Bagan) នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​តែ​ម្តង​។

គំនិត​ផ្តួចផ្តើម (Lancang-Mekong) នេះ​គឺជា​កិច្ច​សហប្រតិបត្តិការ​តំបន់​មួយ​ដឹកមុខ​ដោយ​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ រួម​មាន​កម្ពុជា​ផង​ដែរ ដើម្បី​ធានា​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម តែ​ត្រូវ​គេ​មើលឃើញ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ថា ប្រទេស​ចិន​បាន​បង្កើត​គម្រោង​វា​រី​អគ្គិសនី ១០ កន្លែង​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ ដែល​បាន​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​លំហូរ​ទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​ផង​ដែរ​។

ក្នុង​នោះ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាលយោធា​មី​យ៉ា​ន់​ម៉ា លោក​ឧត្តមសេនីយ៍​ហ្សរ មីន តុ​ន (Zaw Min Tun) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្នុង​រដ្ឋធានី​ណៃ​ពី​ដោរ (Naypyitaw) ថា ការ​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​ក្នុង​កិច្ចប្រជុំ​នេះ គឺជា​ការ​ទទួលស្គាល់​អធិបតេយ្យភាព​របស់​មី​យ៉ា​ន់​ម៉ា ព្រមទាំង​រដ្ឋាភិបាល​របប​យោធា​របស់​ខ្លួន​ផង​ដែរ​។ លោក​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ចិន លោក​វ៉ាង យី ក៏​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ និង​កិច្ចសន្យា​ផ្សេង​ទៀត​ថែម​ទៀត​ផង​។

ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​មី​យ៉ា​ន់​ម៉ា និង​ជា​សម្ព័ន្ធមិត្ត​ចាស់​មួយ​ផង​ដែរ​។ ហើយ​ទីក្រុង​ប៉េ​កាំ​ង​បាន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឧស្សាហកម្ម​រ៉ែ បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា បូក​រួម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ទៀត ព្រមទាំង​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​សំខាន់​របស់​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

កន្លង​មក ទីក្រុង​ប៉េ​កាំ​ង​មិន​បាន​ធ្វើការ​ថ្កោលទោស​រដ្ឋប្រហារ​នោះ​ទេ ដោយ​បាន​អះអាង​ថា​៖ «​ខ្លួន​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ​»​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​រដ្ឋាភិបាល​ស្រមោល​របស់​មី​យ៉ា​ន់​ម៉ា ដែល​ប្រឆាំង​នឹង​របប​យោធា បាន​លើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ការ​ប្រារព្ធ​ធ្វើ​ឡើង​កិច្ចប្រជុំ (Lancang-Mekong) នៅ​ក្នុង​ទីក្រុង​បា​ហ្កា​ន​ជាមួយ​របប​យោធា​នេះ គឺជា​ការ​បំពាន​ដល់​ឆន្ទៈ​របស់​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ទាំងស្រុង ព្រម​ធ្វើ​ឱ្យ​ខូចខាត​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ក៏​ដូច​ជា​ដើរ​ផ្ទុយ​ពី​ផែនការ​សន្តិភាព​របស់​អាស៊ាន​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា លោក វ៉ាង យី ក៏​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុ​ខុន ដែល​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដី​ពី​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។

គួរ​ជម្រាប​ថា បន្ទាប់​ដំណើរ​ទស្សនៈកិច្ច​មក​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា លោក​វ៉ាង យី មន្ត្រី​ការទូត​ចិន​កំពូល​រូប​នេះ ក៏​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ហ្វី​លី​ពី​ន និង​ម៉ា​ឡេ​ស៊ី មុន​នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ក្រុម​ប្រទេស​រីក​ចម្រើន​ទាំង​២០ ឬ​ហៅ​ថា G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ចុង​ស​ប្ដា​ហ៍​នេះ​៕




អត្ថបទបន្ទាប់


កម្ពុជា គ្រោងបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋមីយ៉ាន់ម៉ា និងស្នើឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា

ព័ត៌មាន
បញ្ហារបស់លោកស្រី អ៊ោង សានស៊ូជី នៅតែជាប្រធានបទយ៉ាងក្ដៅគគុក និងស្ថិតក្នុងរបៀបវារៈដ៏សំខាន់នៃដំណើរទស្សកិច្ចការងារលើកទី២ ក្នុងតួនាទីជាប្រេស…

សេដ្ឋកិច្ចតំបន់អាស៊ាននៅឆមាសទី២ ឆ្នាំនេះ អាចនឹងថយល្បឿន?

ព័ត៌មាន
សេដ្ឋវិទូបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ សម្រាប់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសអាស៊ានតែម្ដង ក្នុងនោះមានដូចជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ