តើសង្គ្រាមនេះអាចពង្រីកកាន់តែធំ និង អាចឈានទៅសង្គ្រាមលោកលើកទី៣ដែរទេ? ខណៈដែលក្រុមអ្នកជំនាញថា សង្គ្រាមដែលអាចចាត់ទុកថា ជាសង្គ្រាមលោកត្រូវមានធាតុផ្សំសំខាន់ចំនួន៣។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំសហការជាមួយអ៊ីស្រាអែល ប្រឆាំងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីការពារជាតិ អាម៉េរិក លោក Pete Hegseth ចាត់ទុកថា ជាប្រតិបត្តិការយោធាដ៏ខ្លាំងក្លាបំផុតមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ។
លោក ដូណាល់ ត្រាំ បានអះអាងថា ប្រតិបត្តិការយោធានេះមានគោលបំណងកម្ទេចសមត្ថភាពមីស៊ីល និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានចាត់ទុកប្រតិបត្តិការយោធានេះថា មានភាពចាំបាច់ណាស់ ដើម្បីលុបបំបាត់អ្វីដែលលោកនិយាយថា ជាការគំរាមកំហែងដល់ការរស់រានរបស់អ៊ីស្រាអែល។
ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់អាម៉េរិក និងអ៊ីស្ត្រាអែលថា បានបំពានច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ហើយបានប្ដេជ្ញាឆ្លើយតបសងសឹកយ៉ាងចាស់ដៃ។ អ៊ីរ៉ង់ បានបាញ់មីស៊ីលស្រោចទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធានានារបស់សហរដ្ឋអាម៉េរិក នៅក្នុងបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា រួមមាន ប្រទេសកាតា បារ៉ែន គុយវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។ ថ្វីដ្បិតតែមីស៊ីលជាច្រើនត្រូវស្ទាក់ចាប់បានយ៉ាងណាក៏ដោយ ក៏ភាពតានតឹងនៅតែខ្ពស់ខ្លាំងគួរឱ្យព្រួយបារម្ភ។
ប្រតិកម្មរបស់ពិភពលោកចំពោះសង្គ្រាមនេះ មានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទើរ៉េស បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយព្រមានអំពីផលវិបាកធ្ងន់ធ្ងរសម្រាប់ជនស៊ីវិល និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ជាអតិបរមា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
ចំណែកឯប្រទេសអូម៉ង់ ដែលបានសម្របសម្រួលកិច្ចចរចារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានព្រមានទីក្រុងវ៉ាស៊ីនតោន កុំឱ្យធ្លាក់ចូលទៅក្នុងជម្លោះបន្ថែមទៀត ខណៈដែលប្រទេសរុស្ស៊ី និងប្រទេសចិន បានថ្កោលទោសការវាយប្រហារនេះ និងជំរុញឱ្យមានការចរចាតាមផ្លូវការទូត។
នៅទូទាំងតំបន់ឈូងសមុទ្រ រដ្ឋាភិបាលនៃប្រទេសនានា បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ ថា ជាការរំលោភលើអធិបតេយ្យភាពរបស់ពួកគេ ខណៈដែលមហាអំណាចអឺរ៉ុប រួមមាន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។