ទីស្ដីការគណៈរដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចង់ឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាស្ថាប័នមួយខ្លាំង ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យសមាជិកក្រុមប្រឹក្សាអ្នកច្បាប់បន្តការខិតខំប្រឹងប្រែងនិងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។ ការជំរុញបែបនេះ ដោយសារតែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ចង់ឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាស្ថាប័នមួយខ្លាំង ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចង់ឱ្យក្រុមប្រឹក្សាអ្នកច្បាប់ក្លាយជាស្ថាប័នមួយខ្លាំង ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ
ដោយ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ«លើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាទីប្រឹក្សា អនុប្រធាន សមាជិក សមាជិកបម្រុង និងជំនួយការក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់។

ឯកឧត្តម វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាជិការ និងសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ ដែលសម្រេចបានគួរជាទីមោទននៅក្នុងឆ្នាំ២០២៣ កន្លងទៅ។ ទន្ទឹមនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជំរុញឱ្យសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ទាំងអស់បន្តការខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ក៏ដូចជាណែនាំឱ្យបន្តគោរពវិន័យការងារ ពង្រឹងគោលការណ៍វិជ្ជាជីវៈ និងគោលការណ៍ច្បាប់ និងគុណភាពការងារ ដើម្បីលើកកម្ពស់កិត្យានុភាព និងប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់ឱ្យកាន់តែល្អប្រសើរ។ លើសពីនេះ ដើម្បីរួមចំណែកជួយទ្រទ្រង់ដល់ការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព សំដៅរក្សាបាននូវតម្លៃគតិយុត្តិ និងការអនុវត្តយូរអង្វែង រួមចំណែកដល់ដំណើរការ ពង្រឹងនីតិរដ្ឋស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៤ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៌»។
ការណែនាំ និងជំរុញបែបនេះ ក៏ដោយសារឯកឧត្តម វង្សី វិស្សុត ចង់ធ្វើឱ្យស្ថាប័នក្រុមប្រឹក្សាអ្នកច្បាប់មានសមត្ថភាពខ្លាំង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយ ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ និងក្រសួងស្ថាប័នជាតិ និងអន្តរជាតិ។ ជាពិសេសចង់ធ្វើឱ្យស្ថាប័ននេះ ក្លាយជាស្ថាប័នដែលមានប្រតិបត្តិការជាអចិន្ត្រៃយ៍ ដែលដើរតួនាទីជាសេនាធិការឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ គិតមកទល់ពេលនេះមានរយៈពេល៣០ឆ្នាំហើយ ដែលក្រុមប្រឹក្សាអ្នកច្បាប់ត្រូវបានបង្កើតឡើង ដូច្នេះរាល់ការរីកចម្រើនក្នុងវិស័យ​ច្បាប់ និងវិស័យផ្សេងៗប្រាកដណាស់នឹងការចូលរួមចំណែកក្នុងកម្រិតណាមួយពីក្រុមប្រឹក្សាអ្នកច្បាប់។

បើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្ថែមលើក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងបង្កើតគណៈកម្មការកែទម្រង់ប្រព័ន្ធច្បាប់ចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រីមួយបន្ថែមទៀត ដើម្បីរួចចំណែកជួយជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ បើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត គណៈកម្មការនេះមានតួនាទីជាអ្នកគូសវាសនូវផែនទីការក្នុងការរៀបចំ និងគ្រប់គ្រងប្រព័ន្ធច្បាប់នៅកម្ពុជា ដែលគ្រប់ដណ្តប់ទាំងការតាក់តែងច្បាប់ ការត្រួតពិនិត្យ ការអនុវត្ត ការផ្សព្វផ្សាយ និងតាមដានវាយតម្លៃជាដើម។

សូមរម្លឹកថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗសរុបចំនួន១៧៧ នៅក្នុងកិច្ចប្រជុំចំនួន៣៣៤លើក ដែលក្នុងនោះមានសេចក្តីព្រាងក្រមចំនួន១ (ក្រមបរិស្ថាននិងធនធានធម្មជាតិ) សេចក្តីព្រាងច្បាប់ចំនួន១៨ សេចក្តីព្រាងព្រះរាជក្រឹត្យចំនួន១២ សេចក្តីព្រាងអនុក្រឹត្យចំនួន៨៩ សេចក្តីព្រាងគោលនយោបាយចំនួន២ សេចក្តីព្រាងសេចក្ដីសម្រេចចំនួន២ និងឯកសារផ្សេងៗចំនួន៥៣។ ព្រមជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ក៏បានរៀបចំសេចក្តីព្រាងព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ចំនួន២៣ ការរៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន២៣ សម្របសម្រួលឱ្យមានតំណាងរាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅស្ថាប័ននីតិប្បញ្ញត្តិចំនួន៥៩លើក ពិនិត្យនិងកែសម្រួលលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាលគោរពជូន រដ្ឋសភាចំនួន១៩លើក និងសម្របសម្រួលការងារសំណួរចម្លើយសភាចំនួន១៣ករណីផងដែរ។

ក្នុងចំណោម ការងារសំខាន់ៗខាងលើ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំ ពិនិត្យ និងកែសម្រួលគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីជាមូលដ្ឋានសម្រាប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលក្នុងការតាក់តែង សេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យមានសង្គតិភាពទាំងទម្រង់ទាំងគតិច្បាប់។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាអ្នកច្បាប់បានរៀបចំទស្សនាទានស្ដីពីការកែទម្រង់ច្បាប់និងតាក់តែងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ហើយដែលត្រូវបានព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្តលេខាប្រកាសឱ្យអនុវត្តតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លើសពីនេះទៀត ក្រុមប្រឹក្សា អ្នកច្បាប់ត្រូវបន្តលើកកម្ពស់កិត្យានុភាពនិងប្រសិទ្ធភាពការងារ តាមរយៈការពង្រឹងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាល សិក្ខាសាលា ទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស និងការចែករំលែកបទពិសោធ។ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាអ្នកច្បាប់ បានបញ្ចប់ដោយរលូននិងជោគជ័យ៕

None



អត្ថបទបន្ទាប់


ព្រីមៀរ៍ ផាក សម្រេចបើកលក់គម្រោងដីឡូត៍ខ្នាតវីឡាដំណាក់កាលទី3 ហើយ!

បើទោះបីជា ស្ថានភាពទីផ្សារអចលនទ្រព្យនៅមិនទាន់វិលត្រឡប់ទៅរកស្ថានភាពដូចមុនពេលកូវីដ១៩យ៉ាងណាក្ដី ប៉ុន្ដែ គម្រោងអចលនទ្រព្យមួយចំនួននៅតែបន្ដអភិវ…

កម្ពុជារំពឹងការនាំចេញទំនិញមានភាពល្អប្រសើរនៅឆ្នាំនេះ ក្រោយមើលឃើញសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូបង្ហាញសញ្ញាវិជ្ជមាន

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចសាកលលោកនៅមួយរយៈពេលចុងក្រោយនេះហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ