វិធានការជុំទី១០

វិធានការជុំទី១០ របស់រដ្ឋាភិបាល នៅតែបន្ដជួយវិស័យកាត់ដេរ និងវិស័យ ទេសចរណ៍ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការជុំទី១០របស់ខ្លួន ដោយក្នុងនោះ រាជដ្ឋាភិបាលនៅតែបន្តជួយដល់អាជីវកម្ម និង បុគ្គលិកនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ ចំនួន ៣ខែបន្ថែមទៀត ដើម្បីចូលរួមស្ដារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលកូវីដ១៩ និងក្រោយវិបត្តិកូវីដ-១៩។
កម្មករកម្មាការិនីរោងចក្រ​កាត់ដេរ​កម្ពុជា (រូបភាព៖ ហ្វេសប៊ុក​ក្រសួងការងារ)
ដោយ

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល កម្ពុជា នៅថ្ងៃទី២៨ ខែតុលា បានគូសបញ្ជាក់ថា ការជួយនេះ តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារ សម្រាប់វិស័យកាត់ដេរ និង ការអនុគ្រោះផ្នែកពន្ធសម្រាប់អាជីវកម្មវិស័យទេសចរណ៍ជាដើម។

បើតាមសេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ពោលគឺវិធានការណ៍ជុំទី១០ របស់រដ្ឋាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តជួយដល់វិស័យដែលងាយរងគ្រោះ ដូចជា វិស័យកាត់ដេរ និងវិស័យទេសចរណ៍។

ក្នុងនោះ សម្រាប់កម្មករ-និយោជិតរោងចក្រកាត់ដេរ-វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដែលរងផលប៉ះពាល់ដោយសារការព្យួរការងារអំឡុងពេលកូវីដ១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ ចំនួន ៤០ដុល្លារ ក្នុងមួយខែ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ជាមួយគ្នានោះ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន៣០ដុល្លារទៀត ដូច្នេះ កម្មករ-និយោជិត នឹងទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៧០ដុល្លារ ក្នុងមួយខែ។

ជាមួយគ្នានោះ រដ្ឋាភិបាល ក៏សម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៤០ដុល្លារ ក្នុងមួយខែ ជូនកម្មករ-និយោជិត ដែលត្រូវបានព្យួរការងារក្នុងវិស័យទេសចរណ៍ មានដូចជា សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ផងដែរ ដោយការឧបត្ថម្ភនេះ គឺមានរយៈពេល ៣ខែបន្ថែមទៀតដូចគ្នាដែរ។ ក្នុងនោះ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

ដោយឡែក ចំពោះការជួយឧបតម្ថម្ភជួយដល់ជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩វិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ ខែតុលា ក៏បានចេញសេចក្ដីសម្រេចមួយរួចហើយដែរ ដោយនឹងបន្ដបើកប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះសម្រាប់ជុំទី៧ ដែលមានរយៈពេល ៣ខែបន្ដទៀត គឺនៅខែតុលា វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាសសុខ សេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមលើនោះ រាជរដ្ឋាភិបាល បន្តលើកលែង ការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ៣ខែបន្ថែមទៀតផងដែរ ពោលគឺចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១។ ជាមួយគ្នានេះ រដ្ឋក៏បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្មផងដែរ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១ តាមការរំពឹងទុករបស់រាជរដ្ឋាភិបាលកម្ពុជា ការចំណាយលើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ទល់ និងដោះស្រាយបញ្ហាកូវីដ១៩ អាចនឹងកើនដល់១ពាន់លានដុល្លារអាមេរិក ខណៈដែលនៅឆ្នាំ២០២២ខាងមុននេះ រាជរដ្ឋាភិបាលក៏បន្ដត្រៀមថវិកាជាង៧០០លានដុល្លារបន្ថែមទៀត ដើម្បីទុកអន្តរាគមន៍ និងទប់ទល់នឹងវិបត្តិកូវីដ១៩ ដែលអាចនឹងបន្ដអូសបន្លាយ៕

None



អត្ថបទបន្ទាប់


កញ្ចប់ថវិកាចំណាយដ៏សម្បើមរបស់រដ្ឋបាលលោកចូបៃឌិន ត្រូវកាត់បន្ថយពាក់កណ្តាលក្រោយខ្វះការគាំទ្រ

ប្រធានាធិបប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបង្ហាញផែនការថ្មី ក្នុងរបៀបវារៈកសាងសហរដ្ឋអាមេរិកឲ្យប្រសើរឡើងវិញ តាមរយៈតីអាមេរិក លោកចូ បៃ…

កម្ពុជានាំចេញទៅចិនកើនជាង៥០% នៅ៩ខែឆ្នាំនេះ

វិបត្តិកូវីដ-១៩ មិនបានបង្កការរំខានដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិននោះទេ។ ជាក់ស្តែង ការនាំចេញទំនិញទៅចិននៅ៩ខែក្នុងឆ្នាំ២០២១ នៅតែរក្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ