ពូទីនបញ្ជាគ្រប់គ្រងតម្លៃរថយន្ត

ប្រធានាធិបតីពូទីន បញ្ជាគ្រប់គ្រងតម្លៃរថយន្តឱ្យបាន ខណៈទីផ្សារលក់រថយន្ដដាំក្បាលចុះខ្លាំង


ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក ត្រូវគ្រប់គ្រងទីផ្សារតម្លៃរថយន្តឱ្យបាន ខណៈការលក់រថយន្តក្នុងស្រុកនៅឆ្នាំនេះនឹងដាំក្បាលចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត។ លោកពូទីន បានទទួលស្គាល់បញ្ហាប្រឈម ដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្មយានយន្តរបស់រុស្ស៊ីនាពេលនេះ គឺដោយសារតែការដាក់ទណ្ឌកម្មពីលោកខាងលិច ធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់គ្រឿងបង្គុំរថយន្ត និងការចាកចេញរបស់ក្រុមហ៊ុនបរទេសជាបន្តបន្តាប់។ នេះបើតាមការចុះផ្សាយរបស់ Reuter កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកពូទីន បញ្ជាមិនឱ្យដំឡើងថ្លៃរថយន្តស្រេចតែចិត្តនោះទេ

ក្នុងអំឡុងពេលនិយាយជាមួយមន្រ្តីជាន់ខ្ពស់ លោកប្រធានាធិបតី ពូទីន បានដឹងថា ស្ថានភាពនៃការលក់រថយន្តរបស់រុស្ស៊ីនៅពេលនេះ គឺមិនស្រួលទេ និងបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាត្រូវខ្នះខ្នែង ឱ្យរថយន្តមានតម្លៃកាន់តែសមរម្យ។

ប្រធានាធិបតីរុស្ស៊ីរូបនេះ និយាយថា លោកចង់ឱ្យមានការគ្រប់គ្រងតម្លៃរថយន្តឱ្យបាននៅក្រោមផលវិបាកទាំងនេះ ដែលគេសុទ្ធតែបានដឹងហើយថា បញ្ហាទាំងនោះ រួមមាន ឡូជីស្ទីកផង ដោយមិនឱ្យមាននរណាម្នាក់ដំឡើងថ្លៃរថយន្តស្រេចតែចិត្ត ដែលមិនត្របតាមទីផ្សារនោះទេ។

បើតាមលោក Denis Manturov រដ្ឋមន្រ្តីពាណិជ្ជកម្មរុស្ស៊ី បានប្រាប់លោក ពូទីនថា ខ្សែចង្វាក់គ្រឿងបង្គុំ ត្រូវបានបង្កើនយ៉ាងលឿននៅតាមក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។

លោកបន្តថា ក្រុមហ៊ុនរុស្ស៊ី Moskvich ដែលបានធ្លាក់ចុះដុនដាបចាប់តាំងពីក្រោយការដួលរំលំសហភាពសូវៀតមក នឹងបន្តផលិតរថយន្តត្រឹមចុងខែវិច្ឆិកានេះ។ ការផលិតនេះ គឺនៅក្នុងរោងចក្រមួយរបស់ក្រុមហ៊ុនបារាំង Renault ក្រោយក្រុមហ៊ុននេះផ្អាកប្រតិបត្តិការ។

លោក Manturov ក៏បានកត់សម្គាល់ដែរថា ទីផ្សាររថយន្តត្រូវបានគាំទ្រដោយកម្ចី និងការឧបត្ថម្ភធនសម្រាប់ក្រុមហ៊ុនផលិត។ ក្នុងនោះ មានរថយន្តប្រមាណ ៥ម៉ឺន៥ពាន់គ្រឿង ត្រូវបានលក់ចេញដោយមានការគាំទ្រពីរដ្ឋាភិបាលនៅឆ្នាំនេះ។

ចំណែកលោក Maxim Sokolov ប្រធានក្រុមហ៊ុនរថយន្តឈានមុខរបស់រុស្ស៊ី Avtovaz ឱ្យដឹងថា ការលក់រថយន្តបានធ្លាក់ចុះជាង ៦០% គិតមកដល់ពេលនេះក្នុងឆ្នាំ២០២២ ហើយត្រឹមចុងឆ្នាំនេះ វាទំនងជានឹងមានចំនួនលក់តិចជាង ១ភាគ៤ ឯណោះ នៃការលក់ក្នុងរយៈពេល១ទសវត្សរ៍កន្លងទៅ។

លោកបន្តថា ចំនួននៃការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំនេះ នឹងធ្លាក់ចុះក្រោម ១លានគ្រឿង ដែលជាលើកដំបូងនៅក្នុងសម័យទំនើបនេះ ពោលគឺនឹងមានចំនួនលក់ពី ៦៧ ទៅ ៧០ម៉ឺនគ្រឿងតែប៉ុណ្ណោះ ខណៈឆ្នាំមុនជាង ១លាន ៦សែនគ្រឿង។

គួរកត់សម្គាល់ដែរថា ការធ្លាក់ចុះចំនួនលក់រថយន្តនៅរុស្ស៊ីឆ្នាំនេះ ក៏ដោយសារតែការចាកចេញរបស់ក្រុមហ៊ុនរថយន្តបរទេសដូចជា Renault និង Mercedes-Benz ជាដើម ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ ជាមួយគ្នានោះ តម្រូវការរថយន្តក៏ធ្លាក់ចុះផងដែរ ដោយសារតែបញ្ហាជីវភាព និងតម្លៃរថយន្តកាន់តែខ្ពស់ ព្រមទាំងការពិបាករកគ្រឿងបង្គុំពីបរទេស ក្រោយការដាក់ទណ្ឌកម្មពីលោកខាងលិច៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង កំពុងបែរខ្នងដាក់លោក ពូទីន និងងាកទៅរកបស្ចិមលោក ដើម្បីស្តារមុខមាត់លើឆាកអន្តរជាតិឡើងវិញ ឬយ៉ាងណា?

ព័ត៌មាន
ប្រទេសចិន បានបង្ហាញឲ្យពិភពលោកឃើញអំពីការចូលរួមក្នុងឆាកអន្តរជាតិកាន់តែសកម្មជាងមុន ដោយមិនទុកខ្លួនឯងឲ្យនៅឯកោនោះទេ ខណៈដែលមេដឹកនាំកំពូលៗរប…

តើកិច្ចព្រមព្រៀងវិនិយោគតម្លៃ ៣០ពាន់លានដុល្លារ រវាងអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ុនកូរ៉េខាងត្បូង គ្របដណ្ដប់លើវិស័យអ្វីខ្លះ?

ព័ត៌មាន
ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានចុះកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃប្រហែល ៣០ពាន់លានដុល្លារជាមួយក្រុមហ៊ុនកូរ៉េខាងត្បូងធំៗមួយចំនួន ដែលផ្តោតលើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ