ចាប់ពីដើមខែសីហា កម្ពុជា បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬហៅថាដូសជំរុញ ដល់ក្រុមគ្រូពេទ្យ និងក្រុមមន្ត្រីរាជការដើម្បីប្រឆាំងមេរោគកូវីដ-១៩ ប្រភេទឌែលតា និងប្រភេទបំប្លែងថ្មីផ្សេងទៀត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ជាងគេ អាចការពារអាយុជីវិតប្រជាជន បង្កើតភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ។
នៅក្នុងសេចក្ដីប្រកាសចុះថ្ងៃទី២៥ ខែសីហា ដែលចុះហត្ថលេខា ដោយសម្តេច តេជោ ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជាបានឲ្យដឹងថា ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី រាជរដ្ឋាភិបាលបានដាក់ចេញនូវ«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» ដល់ប្រជាជនទូទៅចាប់ពីអាយុ ១២ឆ្នាំ ឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ពាក់កណ្ដាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និង វ៉ាក់សាំងដែលរាជរដ្ឋាភិបាលទទួលបាន។
នេះជាភាពជោគជ័យមួយសម្រាប់ជនជាតិខ្មែរក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលមានប្រជាជនយ៉ាងច្រើនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកំពុងសម្រុកចាក់ជូនពលរដ្ឋនូវដូសទី៣ បន្តយ៉ាងសស្រាក់សស្រាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ បំប្លែងខ្លួនឌែលតា។ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគបំប្លែងថ្មី ប្រទេសជាច្រើន កំពុងមានយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ផងដែរ។ បច្ចុប្បន្ន ប្រទេសដែលបាននិងកំពុងសម្រុកការចាក់វ៉ាក់សាំងដូសជំរុញ មានដូចជា ប្រទេសអ៊ីស្រាអែល,សហរដ្ឋអាមេរិក,ហុងគ្រី,ឥណ្ឌូនេស៊ី,អារ៉ាប់អេមីរ៉ាត,រុស្សី,ឈីលី,បារាំង,អង់គ្លេស,អាល្លឺម៉ង់,អូទ្រីស ជាដើម។
គោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញនេះ រួមមាន៖ គោលការណ៍ស្ម័គ្រចិត្ត ,គោលការណ៍ចាក់ជូនដោយឥតគិតថ្លៃ, ការធ្វើអាទិភាវូបនីយកម្មនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ទៅលើក្រុមមនុស្ស និង ទីតាំងភូមិសាស្ត្រ, ការធានាប្រសិទ្ធភាព និង សុវត្ថិភាពនៃការចាក់វ៉ាក់សាំងដូសជំរុញ និង យន្តការអនុវត្តគោលនយោបាយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែសីហា កម្ពុជា បានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋទូទៅប្រមាណ ៩,៩លាននាក់ ស្មើនឹង ៨៨ភាគរយ លើផែនការសរុប ១០លាននាក់។ ដោយឡែក សម្រាប់ក្រុមមនុស្សដែលមានអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សម្រេចការចាក់វ៉ាក់សាំង ចំនួន ៥៩ភាគរយ លើផែនការ ២លាននាក់។ រីឯ អ្នកដែលមានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ មានជាង ៥២ម៉ឺននាក់ហើយ៕
អត្ថបទ៖ ខន ណារី