ក្រុមហ៊ុន Moderna និយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីនេះនឹងជួយជម្រុញ និងបង្កើនការចែកចាយ និងប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ប្រភេទ MRNA នៅក្នុងប្រទេសសិង្ហបុរី និងសម្រាប់តំបន់ទាំងមូល។
យ៉ាងណាមិញ Moderna មិនបានបង្ហាញចំនួនមនុស្សដែលខ្លួនគ្រោងនឹងជ្រើសរើសឲ្យធ្វើការក្នុងក្រុមហ៊ុនបុតសម្ព័ន្ធថ្មី ក្នុងប្រទេសសិង្ហបុរីទេ។ ប៉ុន្តែជាការឆ្លើយតបទៅនឹងសំណួររបស់ សារព័ត៌មាន CNA ក្រុមហ៊ុនអះអាងថា ការងារនឹងគ្របដណ្តប់លើមុខងារជាច្រើនក្នុងផ្នែកវេជ្ជសាស្ត្រ និយតកម្ម ទីផ្សារ ការទូទាត់សំណង កិច្ចការរដ្ឋាភិបាល និងប្រតិបត្តិការពាណិជ្ជកម្ម។
នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel បាននិយាយថា លោក រីករាយ ក្នុងការប្រកាសពីការពង្រីកក្រុមហ៊ុនទៅកាន់ប្រទេសសិង្ហបុរី ដោយកំណត់បានថាសិង្ហបុរីជា មជ្ឈមណ្ឌលជីវបច្ចេកវិទ្យានៃតំបន់អាស៊ី។
គួរកត់សម្គាល់ថា អំឡុងពេលជំងឺរាតត្បាតកូវីដ១៩តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាផ្នែកដ៏សំខាន់មួយ នៃអាជីវកម្មរបស់ក្រុមហ៊ុន Moderna ដែលបច្ចុប្បន្នមានការិយាល័យនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ។
បច្ចុប្បន្នក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយនេះ មានវត្តមាននៅក្នុងទីផ្សារចំនួន១២ប្រទេស ក្នុងពិភពលោក។ កាលពីឆ្នាំមុន ក្រុមហ៊ុន Moderna និងរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកឱកាសក្នុងស្រុកសម្រាប់ការស្រាវជ្រាវ និងការផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ផងដែរ៕