អឺរ៉ុបកំពុងក្លាយជាចំណុចផ្ទុះកូវីដ១៩ខ្លាំងជាថ្មី ដោយចំនួនអ្នកឆ្លងថ្មីៗបានកើនឡើងនៅទូទាំងទ្វីប ប៉ុន្តែអត្រាឆ្លងនៅតាមប្រទេសនីមួយៗមិនស្មើគ្នានោះទេ។ បើតាមប្រធានអង្គការសុខភាពពិភពលោក លោក តេត្រូស នៅពេញមួយសប្តាហ៍មុននេះ ករណីឆ្លងកូវីដ១៩ថ្មីសរុបនៅតំបន់អឺរ៉ុបមាន ២លានករណី ខណៈករណីស្លាប់មានជិត ២ម៉ឺន៧ពាន់នាក់។ នេះជាចំនួនច្រើនបំផុតមិនធ្លាប់មានសម្រាប់តំបន់ចាប់តាំងពីមានការរាលដាលកូវីដ១៩លើកដំបូងមក។
យ៉ាងណាមិញ សម្ទុះនៃការឆ្លងមិនដូចគ្នានោះទេ បើធៀបរវាងប្រទេសមួយទៅប្រទេសមួយផ្សេងទៀត នៅក្នុងតំបន់។ ករណីឆ្លងកើនឡើងខ្លាំង មាននៅក្នុងប្រទេសចំនួន៥នៃទ្វីបអឺរ៉ុប គឺរុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ តួកគី និងអ៊ុយក្រែន។ ក្នុងចំណោមប្រទេសទាំង២៧ដែលជាសមាជិកនៃសហភាពអឺរ៉ុប មានប្រទេសចំនួន១០ ដែលស្ថានភាពកូវីដ១៩ធ្លាក់ក្នុងដំណាក់កាលគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន ក្នុងនោះរួមមាន ប៊ែលហ្សិក ប៉ូឡូញ ហូឡង់ ប៊ុលហ្ការី ក្រូអាត សាធារណរដ្ឋឆែក អេស្តូតនី ហុងគ្រី ក្រិក និងស្លូវេនី។ ដោយឡែក បារាំង ព័រទុយហ្កាល់ ប្រទេសស៊ីប មានស្ថានភាពគួរឱ្យព្រួយបារម្ភបង្គួរ ឯបួនប្រទេសទៀត ដូចជាអេស្ប៉ាញ អ៊ីតាលី ស៊ុយអែត និងម៉ាល់តា មានស្ថានភាពព្រួយបារម្ភទាបប៉ុណ្ណោះ។
នៅចំពោះមុខការឆ្លងរាលដាលក្នុងចំនួនច្រើនដូចនេះ ប្រទេសមួយចំនួន ដែលបានបន្ធូរបន្ថយវិធានការណ៍កន្លងមក ពេលនេះបានចាប់ផ្តើមរឹតបន្ដឹងវិធានការគម្លាតសង្គមឡើងវិញ ខណៈប្រទេសមួយចំនួនទៀតបានយកសេណារីយ៉ូ បិទខ្ទប់មកដាក់លើតុពិភាក្សាផងដែរ។
ជាក់ស្តែង ប្រទេសរដ្ឋាភិបាលនៃប្រទេសអូទ្រីស កាលពីសប្តាហ៍មុន បានជួបពិភាក្សាគ្នាលើវិធានការណ៍បិទខ្ទប់ប្រទេសរួចហើយ។ ប្រទេសហូឡង់ ឯណោះវិញ ក៏បានក្លាយជា ប្រទេសនៅអឺរ៉ុបដំបូងគេ ដែលបានប្រកាសបិទខ្ទប់ផ្នែកខ្លះនៃប្រទេសរយៈពេល៣សប្តាហ៍។
សូមជម្រាបថា ទោះបីការចាក់វ៉ាក់សាំង បើគេនិយាយជារួម នៅក្នុងតំបន់អឺរ៉ុប មានចំនួនច្រើនក៏ពិតមែន ប៉ុន្តែអត្រានេះ មិនមានភាពស្មើគ្នានោះទេ នៅតាមប្រទេសនីមួយៗ។ ជាក់ស្តែង ស្របពេលដែល ប្រទេសធំៗនៅអឺរ៉ុបបានចាក់វ៉ាក់សាំងដល់រង្វង់ ៦០% ទៅ ៨០%ក្តី ប៉ុន្តែប្រទេសតូចៗជាច្រើនទៀត ចាក់វ៉ាក់សាំងបានក្រោម ៤០%ប៉ុណ្ណោះ តួយ៉ាង រ៉ូម៉ានី ចាក់បាន ៣៥% ប៉ុលហ្គារី ចាក់បាន ២៣% អ៊ុយក្រេនចាក់បាន ១៩%។ នេះបើតាមទិន្នន័យដែលចងក្រងដោយ គេហទំព័រ Our World in Data។
របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅតំបន់អឺរ៉ុបទាំងមូល គិតមកទល់ពេលនេះ មានករណីឆ្លងកូវីដ១៩សរុប ប្រមាណ៦៨លាននាក់ហើយ ក្នុងនោះ ករណីស្លាប់មានជាង១លាន៣សែននាក់៕