អនុប្រធានក្រុមហ៊ុន CP កម្ពុជា លោក Wittaya Kreangkriwit បានលើកឡើងថា ការបង្កើតរោងចក្រកែច្នៃ ពិសេស កសិផល នៅកម្ពុជា នៅតែមានកត្តាប្រឈមច្រើនក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង ពិសេសគឺតម្លៃសេវាសាធារណៈ ដូចជា ទឹក និងថាមពលអគ្គិសនីនៅកម្ពុជា នៅតែមានតម្លៃខ្ពស់ជាងប្រទេសជិតខាងនៅឡើយ។
ជាក់ស្ដែង បច្ចុប្បន្ន តម្លៃអគ្គិសនីដែលប្រើនៅតាមរោងចក្រនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកំពុងជំរុញបន្ទាបតម្លៃអគ្គិសនីឲ្យនៅប្រមាណ ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈដែលប្រទេសឡាវ មានតម្លៃប្រមាណ ៤០០រៀល។ រីឯ នៅប្រទេសវៀតណាម មានបែងចែកជាដំណាក់កាល ពោលគឺចាប់ពីម៉ោង៤ភ្លឺដល់៦ល្ងាច តម្លៃអគ្គិសនីត្រឹម ២៩០រៀល ខណៈម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ មានតម្លៃ៥៣០រៀល។ ដោយឡែក នៅប្រទេសថៃ ចាប់ពីម៉ោង១០យប់ ដល់ម៉ោង៩ព្រឹក តម្លៃ៣២០រៀល និងម៉ោង ៩ព្រឹក ដល់ ១០យប់ តម្លៃ ៥២០រៀលប៉ុណ្ណោះ។
ក្រៅពីតម្លៃអគ្គិសនីនេះ អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន CP រូបនេះ ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា គួរតែគិតគូរលើការបន្ធូរបន្ថយពន្ធអាករមួយចំនួន នៅក្នុងវិស័យកែច្នៃកសិកម្ម ដើម្បីជាការលើកទឹកចិត្តដល់វិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។
លោក Wittaya Kreangkriwit បានគូសបញ្ជាក់ថា ជាក់ស្ដែង នៅក្នុងក្រុមហ៊ុន CP ការអនុវត្តដកហូតពន្ធអាករ VAT នៅក្នុងអាជីវកម្មកែច្នៃកសិផលនេះ នៅតែមានច្រើន តួយ៉ាង តម្លៃពន្ធអាករលើតម្លៃបន្ថែម (VAT) នៅប្រទេសថៃមានតែ ៧% ខណៈដែលនៅកម្ពុជាមាន ១០%។ ជាឧទាហរណ៍ជាក់ស្ដែង ការនាំចូលវត្ថុធាតុដើមក្នុងការផលិត ដូចជា ចំណីសត្វ ក៏ត្រូវជាប់ VAT ដែរ ការដឹកជញ្ជូនសត្វឆ្លងខេត្ត ក៏ត្រូវជាប់ពន្ធ ដូចជា ជ្រូក១ក្បាលត្រូវបង់ ១០០០រៀល និងមាន់មួយក្បាលត្រូវបង់១០០រៀលជាដើម។ មួយវិញទៀត ទីសត្តឃាតក៏ត្រូវជាប់ VAT ៣% ដែរ រួមទាំងពន្ធអាករផ្សេងទៀត។ ដោយឡែក ការយកសាច់ទៅកែច្នៃ ទៅផលិតជាប្រហិត ឬសាច់ក្រក ក៏ត្រូវជាប់ពន្ធម្ដងទៀត។
អនុប្រធានក្រុមហ៊ុន CP កម្ពុជា រូបនេះ បានគូសបញ្ជាក់ទៀតថា នៅប្រទេសថៃ សម្រាប់ការផលិត កែច្នៃក្នុងវិស័យកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តខ្លាំងណាស់ ព្រមជាមួយនឹងការអនុគ្រោះពន្ធផ្សេងៗផងដែរ ហើយបើកម្ពុជាចង់ប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង រាជរដ្ឋាភិបាលកម្ពុជាគួរតែគិតគូរដល់បញ្ហាទាំងអស់នោះ ដើម្បីជំរុញឲ្យការផលិត កែច្នៃក្នុងស្រុកមានការរីកចម្រើនកាន់តែខ្លាំងឡើង។
ឆ្លើយតបភ្លាមៗទៅកាន់ការលើកឡើងនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា លោកមិនមានសិទ្ធិគ្រប់គ្រាន់ដើម្បីលុបពន្ធអាករនានានោះទេ ប៉ុន្ដែ ក្រុមហ៊ុន CP អាចធ្វើជារបាយការណ៍លាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់ ស្ដីពីការបង់ពន្ធអាករទាំងអស់នោះ ថាខ្លួនបានចំណាយលើការបង់ពន្ធនោះអស់ក្នុងចំនួនកម្រិតណា និងលើកហេតុផលឲ្យបានជាក់លាក់ ដើម្បីដាក់ជាសំណើទៅកាន់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើការពិចារណា។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា វិស័យឯកជនត្រូវសម្ដែងភាពស្មោះត្រង់ទៅវិញទៅមកជាមួយរាជរដ្ឋាភិបាល នោះទើបអាចឈានទៅរកការដោះស្រាយប្រកបដោយប្រសិទ្ធភាព។
ជុំវិញការជំរុញការនាំចេញទំនិញកែច្នៃកសិកម្មនេះដែរ ឯកឧត្តម វេង សាខុន បានអះអាងថា ត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង តួយ៉ាងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលរំពឹងថា ការនាំចេញទំនិញកែច្នៃកសិកម្មនេះ នឹងកើនឡើងរហូតដល់១២% នៃការនាំចេញសរុបរបស់ជាតិ។
ទោះយ៉ាងណា ឯកឧត្តមទទួលស្គាល់ថា ការជំរុញឲ្យមានរោងចក្រកែច្នៃកសិកម្មនៅតែមានភាពមិនទាន់រលូននៅឡើយទេ ហើយក៏វាទាមទារឲ្យក្រសួងពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយឲ្យបានខ្នះខ្នែងថែមទៀត មិនមែនតែក្រសួងកសិកម្មមួយនោះទេ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ទៀតថា នៅប៉ុន្មានឆ្នាំចុងក្រោយ ការផលិតកសិកម្មរបស់កម្ពុជា ពឹងផ្អែកខ្លាំងទៅលើការនាំចេញ ហើយដើម្បីអាចនាំចេញបាន ចាំបាច់បំផុតត្រូវមានការជំរុញឲ្យមានការវិនិយោគរោងចក្រកែច្នៃឲ្យបានច្រើន ក៏ដូចជាការស្វះស្វែងរកទីផ្សារថ្មីៗផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ ការនាំចេញកសិផលកែច្នៃមានចំនួនប្រមាណ ៤,៦% ប៉ុណ្ណោះនៃការនាំចេញសរុប ហើយនៅឆ្នាំ២០២៥ខាងមុខ រាជរដ្ឋាភិបាលរំពឹងថា ការនាំចេញកសិផលកែច្នៃរបស់កម្ពុជានឹងកើនឡើងដល់ ១២%នៃការនាំចេញសរុប៕