ផ្សារ​បោះ​ដុំ​ទំនិញ

ផ្សារម៉ាក្រូ​លក់​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​នៅ​កម្ពុជា​ បើក​លក់​ជា​ផ្លូវការ​ហើយ! ថ្ងៃ​ដំបូង មនុស្ស​ចូល​ទិញ​យ៉ាង​ច្រើន​កុះករ


ទីបំផុត ផ្សារ​ទំនើប​លក់​បោះដុំ​ទំនិញ​ដល់​ទៅជាង ១ម៉ឺន​មុខ ឈ្មោះផ្សារ Makro (ម៉ាក្រូ) ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ថៃ និង​មហាសេដ្ឋី​កម្ពុជា ឧកញ៉ា លី យ៉ុងផាត់ បាន​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី១៧ ធ្នូ ២០១៧ ដោយ​ថ្ងៃ​ដំបូង មាន​មនុស្ស​ដ៏​ច្រើន​ណែនណាន់​តាន់តាប់​ចូល​ទិញ​ទំនិញ។
ផ្សារ​ Makro បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា បើក​លក់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី១៧ ធ្នូ ២០១៧។ រូបភាព៖ ហេង ភារម្យ
ដោយ

ក្នុង​ពិធី​សម្ពោធ​សាខា​ផ្សារ​ Makro នៅ​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជ​ធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី១៧ ធ្នូ មាន​ការចូលរួម​ពី​សំណាក់​អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមហ៊ុន​ LYP Group និង​មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Siam Makro Public Company Limited ដែល​ជា​សហភាគហ៊ុនិក​នៃ​សាខា​ផ្សារ Makro នៅ​កម្ពុជា រួមទាំង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​រកស៊ី​ធំៗ​នៅ​កម្ពុជា​ ជាច្រើន​នាក់។

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមហ៊ុន  LYP Group មាន​ប្រសាសន៍​ក្នុង​ឱកាស​​ពិធី​សម្ពោធ​​ផ្សារ Makro ​(ម៉ាក្រូ) ថា «ការ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ផ្សារ Makro នេះ គឺ​​​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្នុង​វិស័យ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​កម្ពុជា និង​ថា ការ​ដែល​ក្រុមហ៊ុន LYP Group បោះទុន​វិនិយោគ​នាំ​ផ្សារ ម៉ាក្រូ មក​កម្ពុជា គឺ​ដោយសា​រ​​ក្រុមហ៊ុន​ចង់​ជួយ​លើក​​មុខមាត់​ប្រទេស​ជាតិ​​ឲ្យ​ដូច​ប្រទេស​ជិត​ខាង​និង​ប្រទេស​ក្នុង​តំបន់​ដែរ។»

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្សារ ម៉ាក្រូ នា​ថ្ងៃទី១៧ ធ្នូ ២០១៧។ រូបភាព៖ ហេង ភារម្យ

អ្នក​ឧកញ៉ា លី យ៉ុងផាត់ មាន​ប្រសាសន៍​បន្ថែម​ថា «វត្តមាន​ផ្សារ ម៉ាក្រូ នៅ​កម្ពុជា ក៏​ជា​សារ​មួយ​បង្ហាញ​ថា កម្ពុជា​មាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ ដែល​ពោរពេញ​ដោយ​ឱកាស​ក្នុង​ការ​វិនិយោគ។ ផ្សារ​នេះ​ទៀត​សោត នឹង​ផ្តល់​ប្រយោជន៍​ធំធេង​ដល់​ប្រជាជន​កម្ពុជា ពីព្រោះ​វា​ជា​បណ្តុំ​នៃ​ទំនិញ​ដ៏​សម្បូរ​បែប មាន​គុណភាព សុវត្ថិភាព និង​អនាម័យ​ខ្ពស់​សម្រាប់​អ្នក​ប្រើ​ប្រាស់។»

ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) មាន​ប្រសាសន៍​ថា វត្តមាន​របស់​ក្រុមហ៊ុន​ ម៉ាក្រូ គឺ​បាន​ឆ្លុះ​បញ្ចាំង​​ពីសក្តានុពល​វិនិយោគ​របស់​កម្ពុជា ភាព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នៃ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដែល​កម្ពុជា​បាន​​និងកំពុង​ផ្តល់​ជូន​វិនិយោគិន និង​ការ​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​វិនិយោគិន​ថៃ​មក​លើ​កម្ពុជា ស្រប​ពេល​ដែល​កំណើន​ជីវភាព​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​តែ​មាន​ការ​កើន​ឡើង​ល្អ។

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្សារ ម៉ាក្រូ នា​ថ្ងៃទី១៧ ធ្នូ ២០១៧។ (ហេង ភារម្យ)

ឯកឧត្តម​បាន​បន្ថែម​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៩៤ ដល់ឆ្នាំ​២០១១ វិនិយោគិន​ថៃ​មក​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​តែ​ជិត ៤០​លាន​​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំៗ។ ប៉ុន្តែ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ ទំហំ​វិនិយោគ​របស់​ថៃ​នៅ​កម្ពុជា បាន​កើន​ឡើង​បី​ដង រហូត​ដល់​ទំហំ​ប្រមាណ ១២៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ផ្សារ​ ម៉ាក្រូ​ ដែល​បើក​ក្រោម​ស្លាក​ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ជា​សម្ព័ន្ធ​សហគ្រាស​ចម្រុះ​រវាង ក្រុមហ៊ុន Siam Makro Public Company Limited របស់​ថៃ និង​ក្រុមហ៊ុន LYP Group របស់​មហាសេដ្ឋី​កម្ពុជា អ្នក​ឧកញ៉ា លី យ៉ុងផាត់ គឺ​ជា​ផ្សារ​ស្តុក​លក់​ទំនិញ​បោះដុំ​រហូត​ដល់​ជាង ១​ម៉ឺន​មុខ​ ហើយ​ផ្សារ​នេះ ត្រូវ​គេ​មើល​ឃើញថា ​នឹង​ដើរតួ​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ម្ហូប​អាហារ​ដ៏​ធំ និង​សំខាន់​ជាង​គេ​មួយ សម្រាប់​វិស័យ​លក់​រាយ​នៅ​កម្ពុជា។

ទិដ្ឋភាព​ផ្សារ ម៉ាក្រូ នៅថ្ងៃ​ដំបូង​នៃ​ការ​បើក​លក់​ជា​ផ្លូវការ ថ្ងៃ​ទី១៧ ធ្នូ ២០១៧។

លោក​ជំទាវ ស៊ូចិន្តា អ៊ិតធីចារុគុល ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន ស្យាម ម៉ាក្រូ ដែល​កំពុង​បម្រើ​អតិថិជន ៣​លាន​នាក់ និង​មាន​ហាង​លក់​ទំនិញ​ប្រមាណ​ជាង ១០០ នៅ​ក្នុង​ប្រទេស​ថៃ​ បាន​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន​ម៉ាក្រូ​​បាន​ពួតដៃ​ជាមួយ​ក្រុមហ៊ុន​ដៃគូ និង​សហគមន៍ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

លោក​ជំទាវ​បាន​បន្ថែម​ថា ម៉ាក្រូ​នឹង​ផ្តល់​សេវាកម្ម​ជា​ពិសេស​ដល់​អតិថិជន ជា​ពិសេស អតិថិជន​លក់រាយ ដែល​​អា​ចទទួល​ការ​គ្រប់គ្រង​ប្រព័ន្ធ​លក់រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ងាយស្រួល​ដល់​អតិថិជន​លក់រាយ ដោយ​ជំរុញ​ឲ្យ​ពួកគាត់​ប្រកួត​ប្រជែង​ជាមួយ​ហាង​លក់​ទំនិញ​លក់​រាយ​ដែល​មាន​លក្ខណៈ​ទំនើប​បាន។

ផ្សារ​ម៉ាក្រូ​​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៥​ហិកតា ដែល​មាន​កម្ពស់​២​ជាន់ នៅ​ក្នុង​តំបន់​​អភិវឌ្ឍន៍​​ទីក្រុង​ពោងពាយ​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ នៅ​ក្បែរ​គ្នា​នឹង​ផ្សារ​ទំនើប​ AEON ទី២ របស់​ជប៉ុន ដែល​កំពុង​សាងសង់​ផង​ដែរ។ ផ្សារ​ទំនើប Makro មាន​ចំណត​រថយន្ត​​ដែល​អាច​ផ្ទុក​យានយន្ត​បាន​រហូត​ដល់​ជាង ៥០០​គ្រឿង​ឯណោះ។

ផ្សារ ម៉ាក្រូ លក់​បោះដុំ​ទំនិញ​ជាង ១ម៉ឺន​មុខ។ (ហេង ភារម្យ)

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ថ្ងៃ​នៃ​ការ​បើក​សម្ពោធ​ផ្សារ​ម៉ាក្រូ គេ​សង្កេត​ឃើញ​មាន​​អតិថិជន​និង​អ្នក​ចែកចាយ​បន្ត​ ទាំង​ផ្នែក​លក់​ដុំ និង​លក់រាយ​យ៉ាង​ច្រើន​កុះករ បាន​មក​សម្រុក​តម្រង់ជួរ​ក្នុង​ការ​ចូល​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ម៉ាក្រូ​នេះ ផងដែរ។ 

ជា​រៀងរាល់​ឆ្នាំ ថៃ​បាន​ធ្វើការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា តាមរយៈ​ការ​នាំចូល​ទំនិញ​ជា​ច្រើន​ប្រភេទ​មក​ដាក់​តាំង​លក់​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា ហើយ​តាម​ការ​សង្កេត​ ពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ថៃ ដោយ​បាន​អះអាង​ថា ផលិតផល​ថៃ​មាន​​គុណភាព​ល្អ​​និង​មាន​តម្លៃ​សមរម្យ​។ ហើយ​កម្ពុជា ​គឺ​​ជា​ទីផ្សារ​សំខាន់​សម្រាប់​ការ​នាំ​ចេញ​របស់​ថៃ។ 

នា​ពេល​កន្លង​មក ថ្នាក់​ដឹកនាំ​កំពូល​​នៃ​​ប្រទេស​​ទាំង​ពីរ​បាន​សម្រេច​ដាក់​ចេញ​នូវ​គោលដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​ថៃ​ឲ្យ​បាន​ដល់ ១៥​ពាន់​លាន​ដុល្លារ នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រាសឱសថ PPM ផ្តល់ពានដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

ព័ត៌មាន
និស្សិត៣ក្រុមមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលដណ្តើមបានជ័យលាភីរបស់ ពាន រង្វាន់គីណាល់ (Kinal Prize) ដែលជាការផ្តួចផ្តើមឡើងដោយស…

មូលនិធិ​ពី​ក្រៅ​ប្រទេស​មួយ កំពុង​សិក្សា​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់ SME

ព័ត៌មាន
មូលនិធិ​របស់​ប្រទេស​ហូឡង់ បាន​និង​កំពុង​សិក្សា​ក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SME) នៅ​កម្ពុជា ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ