តម្រូវការកម្លាំងពលកម្មពីកម្ពុជា

ក្រុមហ៊ុនយក្សថៃ CP មានតម្រូវការពលករពីកម្ពុជា២ពាន់នាក់បន្ថែមទៀត ដើម្បីធ្វើការនៅក្នុងប្រទេសថៃ


ក្រុមហ៊ុន CP ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ថៃ និងមានវិនិយោគជាច្រើននៅក្នុងវិស័យកសិកម្ម និងចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា ខាងក្រុមហ៊ុននេះ កំពុងមានតម្រូវការពលករពីកម្ពុជាប្រមាណ ២ពាន់នាក់បន្ថែមទៀត ខណៈដែលបច្ចុប្បន្នពលករខ្មែរដែលធ្វើការនៅក្នុងក្រុមហ៊ុន CP នៅក្នុងប្រទេសថៃ មានរហូតដល់ជាង១ម៉ឺននាក់ឯណោះ។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន CP នៅកម្ពុជា។
ក្រុមហ៊ុនយក្សថៃ CP មានតម្រូវការពលករពីកម្ពុជា២ពាន់នាក់បន្ថែមទៀត ដើម្បីធ្វើការនៅក្នុងប្រទេសថៃ (រូបភាព៖https://www.thaienquirer.com/)
ដោយ

ការលើកឡើងពីតម្រូវការ​ពលករពីកម្ពុជា​នេះ ត្រូវបានអះអាងឡើង ដោយ​លោក ព្រីដា ឈុនវង្ស (Preeda Chunwong) អគ្គនាយករង​ក្រុមហ៊ុន​ CP នៅកម្ពុជា ​បញ្ជាក់ប្រាប់​រដ្ឋមន្ត្រីក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈកម្ពុជា ឯកឧត្តម អ៊ិត សំហេង នៅថ្ងៃទី ២៨ ខែមេសា​ឆ្នាំ២០២២។

នៅក្នុងការជួបសម្តែងការគួរសមរវាងអគ្គនាយករងក្រុមហ៊ុន CP នៅកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទី២៨ ខែមេសា រដ្ឋមន្ត្រីក្រសួងការងារ បានកត់សម្គាល់ឃើញថា ការវិនិយោគរបស់ក្រុមហ៊ុន CP នៅកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច បង្កើតមុខរបរថ្មី ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា។ ហើយក្រុមហ៊ុនពីប្រទេសថៃមួយនេះ មិនត្រឹមតែចូលរួមនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជានោះទេ ក្រុមហ៊ុនក៏បានផ្តល់ការងារជូនដល់ពលករកម្ពុជាបានយ៉ាងច្រើនទាំងនៅក្នុងស្រុក និងផ្តល់ឱកាសការងារដល់ពលករកម្ពុជានៅក្នុងប្រទេសថៃថែមទៀតផងដែរ។

លោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុន CP នៅកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុន CP កម្ពុជា មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ២៦ឆ្នាំមកហើយ។ លោកបន្ថែមថា ក្រុមហ៊ុន CP នឹងធ្វើការបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា ដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនដូចគ្នាទៅនឹងក្រុមហ៊ុនដែរ។ ជាមួយគ្នានេះ អគ្គនាយករងក្រុមហ៊ុន CP នៅកម្ពុជា​រូបនេះ ក៏បានអះអាងទៀតថា ក្រុមហ៊ុនកំពុង​មានតម្រូវការ​​ពលករកម្ពុជា សម្រាប់ទៅធ្វើការ​នៅក្នុងក្រុមហ៊ុន CP នៅប្រទេសថៃប្រហែល២ពាន់នាក់បន្ថែមទៀត ខណៈ​បច្ចុប្បន្នក្រុមហ៊ុននេះ មានពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ ប្រមាណជាង១ម៉ឺននាក់រួចហើយ។

ពាក់ព័ន្ធនឹងការតម្រូវការ​កម្លាំងពលកម្មខ្មែរពីក្រុមហ៊ុន CP នេះដែរ ឯកឧត្តមអ៊ិត សំហេង បានឯកភាពចំពោះសំណើនេះ ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលប្រទេសយើងទាំងពីរបានធ្វើជាមួយគ្នាកន្លងមក។

សូមបញ្ជាក់ថា ក្រុមហ៊ុន CP មានអាជីវកម្មជាច្រើន ដែលកំពុងបណ្តាក់ទុនវិនិយោគ ចំនួន២១ប្រទេស​ទូទាំងពិភពលោក។ យ៉ាងណាមិញ សម្រាប់ទីផ្សារ​កម្ពុជា បើតាម​ការគូសបញ្ជាក់​ពីខាងក្រុមហ៊ុន CPបានឲ្យដឹងថា ក្រុមហ៊ុននេះ បានបញ្ជាទិញផលិតផលពីកសិករ​ចំនួន ៤សែនតោនក្នុងមួយឆ្នាំៗ សម្រាប់យកទៅកែច្នៃជាផលិតផលរបស់ក្រុមហ៊ុនផងដែរ៕

អត្ថបទ៖ សោម ស្រីពេជ្រ

None



អត្ថបទបន្ទាប់


បុរីឈ្នះពានរង្វាន់និងលក់ដាច់ជាងគេ ក្បែរផ្សារAEON3 ត្រៀមបើកគម្រោងទី២របស់ខ្លួន!

ជាមួយនឹងសមិទ្ធផល និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់ខ្លួនសម្រាប់គម្រោងទីមួយកន្លងមក បុរីឡាផាម បានចាប់ដៃគូសហការគ្នាសារជាថ្មីជា…

ម្រេចកំពតចាប់ផ្ដើមប្រមូលផលបាន១០% ខណៈទីផ្សារឆ្នាំហាក់ប្រសើរជាងឆ្នាំមុន

ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅត្រឹមរយៈពេល៣ខែដំបូងនៅឆ្នាំនេះ ការនាំចេញម្រេចកំពតសម្រេចបានជាង៨តោន ដែលភាគច្រើនបាននាំចេញទៅកាន់ទីផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ