លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអិល បានឲ្យដឹងថា នេះជាការទទួលបានសិទ្ធិផ្តាច់មុខមួយដែលបានប្រកាសជាផ្លូវការលើកដំបូងបន្ថែមលើការសហការដែលមានស្រាប់ជាមួយនឹងដៃគូធនាគារផ្សេងទៀតសម្រាប់ការវាយតម្លៃអចលនទ្រព្យសម្រាប់ទីផ្សារកម្ពុជា រំពឹងថា កិច្ចព្រមព្រៀងនេះនឹងបង្កើនការលក់សេវាអចលនទ្រព្យច្រើនឡើងថែមទៀតជាមួយធនាគារ អ៊ឹមប៊ី។
លោកឧកញ៉ា ចេង ខេង បញ្ជាក់ថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ មានធនាគារប្រមាណ ៩០ភាគរយ បានប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យពីក្រុមហ៊ុន ស៊ីភីអិល មុននឹងធនាគារផ្តល់កម្ចីឲ្យអតិថិជនរបស់ខ្លួន ហើយក្នុងចំណោមធនាគារទំាងអស់នោះ មួយចំនួនធំបានផ្តល់សិទ្ធិផ្តាច់មុខដល់ ស៊ីភីអិល ពាក់ព័ន្ធនឹងសេវានេះដែរ គ្រាន់តែមិនបានប្រកាសជាសាធារណៈបែបនេះប៉ុណ្ណោះ។
លោកឧកញ៉ាបន្ថែមថា៖ «យើងមានធនាគារច្រើនណាស់បានពេញចិត្តនឹងសេវាកម្មរបស់យើង។ ព្រោះតែការផ្តល់សេវាកម្មលឿន មិនលំអៀង និងមិនពុករលួយ ទើបធ្វើឲ្យការវាយតម្លៃរបស់ក្រុមហ៊ុន ស៊ីភីអិល កើនឡើង ខណៈកន្លងមក ការវាយតម្លៃក្នុង១ខែ មានសមត្ថភាពត្រឹម ៣០០ប្រតិបត្តិការ ប៉ុន្តែ ឥឡូវនេះ ស៊ីភីអិល មានសមត្ថភាពអាចវាយតម្លៃអចលនទ្រព្យបាន៣០០០ ប្រតិបត្តិការ ក្នុង១ខែ។ នេះក៏ដោយសារតែមានក្រុមការងារល្អ និងបច្ចេកវិទ្យាជួយដែរ»។
លោក Trinh Duc Cuong នាយកប្រតិបត្តិធនាគារ អ៊ឹមប៊ី ថ្លែងថា យុទ្ធសាស្ត្រជាដៃគូសហប្រតិបត្តិការនេះ នឹងធ្វើឱ្យធនាគារ អ៊ឹមប៊ី និង ស៊ីភីអិល មានទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្តល់នូវព័ត៌មាននៃការវាយតម្លៃអចលនទ្រព្យ និងពង្រីកកេរ្តិ៍ឈ្មោះក្រុមហ៊ុនទាំងពីរ។
លោក Trinh Duc Cuong បញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបានបំពេញបន្ថែមទៅលើការលើកកម្ពស់ការវាយតម្លៃអចលនទ្រព្យ និងការធ្វើពាណិជ្ជកម្មជាបន្តបន្ទាប់ សំដៅលើកម្ចីឥណទានលំនៅដ្ឋាន កម្ចីទិញរថយន្ត និងកម្ចីសម្រាប់ការធ្វើអាជីវកម្មជាដើម។ ដូច្នេះ តាមរយៈកិច្ចសហការនេះរំពឹងថា ចំនួននៃការដាក់ពាក្យស្នើសុំឥណទានកើនឡើង ៥០ភាគរយ នៅត្រីមាសទី៤ ឆ្នាំនេះ។ ធនាគារ អ៊ឹមប៊ី កម្ពុជា បើកដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១៕