វិស័យធនាគារ

តើការរៀបចំឥណទានឡើងវិញពិតជាអាចបង្កការរាំងស្ទះដល់អ្នកដែលត្រូវការខ្ចីលុយបន្ថែមមែនដែរ ឬទេ?


ការរៀបចំឥណទានឡើងវិញ គឺជាយន្តការមួយដែលត្រូវបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដើម្បីជួយសម្រួលបន្ទុកសងត្រឡប់របស់កូនកម្ចី ដែលជួបបញ្ហាលំហូរសាច់ប្រាក់ និងប្រាក់ចំណូលធ្លាក់ចុះ ហើយវាក៏ជាផ្នែកមួយជួយជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ។
វិស័យធនាគារ
ដោយ

ទោះជាបែបនេះក្តីមានអតិថិជនមួយចំនួនមានការបារម្ភថា ការរៀបចំឥណទានឡើងវិញនេះអាចធ្វើឱ្យពួកគេជួបលំបាកក្នុងការទទួលបានកម្ចីនៅពេលក្រោយ ដ្បិតព័ត៌មាននៃការរៀបចំឥណទានឡើងវិញនេះត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធរបស់ការិយាល័យឥណទាន (CBC) ។ តើការរៀបចំឥណទានឡើងវិញ ពិតជាអាចបង្កការរាំងស្ទះដល់អ្នកដែលត្រូវការទុនបន្ថែមមែនដែរ ឬទេ?

លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញមិនបានបង្កការរាំងស្ទះដល់អ្នកដែលត្រូវការទុនបន្ថែមនោះទេ បើទោះបីការរៀបចំឥណទានឡើងវិញនេះត្រូវបានកត់ត្រាទុកក្នុងប្រព័ន្ធរបស់ការិយាល័យឥណទាន ដើម្បីឱ្យគ្រឹះស្ថានធនាគារនានា មានឯកសារសម្រាប់ផ្ទៀងផ្ទាត់ក្នុងការផ្តល់កម្ចីជូនអតិថិនជនក៏ដោយ។ បើតាមថ្នាក់ដឹកនាំរូបនេះ ឯកសារព័ត៌មានរបស់អតិថិជនរៀបចំឥណទានឡើងវិញនឹងត្រូវរក្សាទុកក្នុងប្រព័ន្ធរបស់ CBC ត្រឹមតែរយៈពេល១២ខែប៉ុណ្ណោះ ហើយក្រោយពីរយៈពេល១២ខែ គឺឯកសារព័ត៌មានរបស់អតិថិជនដែលរៀបចំឥណទានឡើងវិញនឹងលែងមានតែម្ដង ខណៈការកត់ត្រាឯកសារព័ត៌មានរបស់អតិថិជន ក៏មិនមានន័យថា ជាការរៀបចំដាក់ពិន័យដល់អតិថិជននោះដែរ។

​ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទាំងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ បាន​អះអាងថា ព័ត៌មានពាក់ព័ន្ធនឹងការៀបចំឥណទានឡើងវិញរបស់អតិថិជន មិនមែនជាឧបសគ្គសម្រាប់អតិថិជនក្នុងការទទួលបានកម្ចីបន្ថែមពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនោះទេ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំទាំងពីររូបនេះ របាយការណ៍របស់ CBC គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដ្បិតថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានកត្តាវាយតម្លៃជាច្រើនទៀត ជាពិសេសពាក់ព័ន្ធនឹងលំហូរសាច់ប្រាក់របស់អតិថិជនតែម្តង។

​បើតាមការអះអាងរបស់លោកជំទាវ ជា សិរី ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនអាចធ្វើឡើងគ្រប់អតិថិជនទាំងអស់គ្នានោះទេ ពោលគឺអាចរៀបចំតែលើអតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ពិតប្រាកដតែប៉ុណ្ណោះ។

​សូមបញ្ជាក់ថា ការរៀបចំឥទានឡើងវិញ គឺជាគោលនយោបាយមួយដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញតាំងពីខែមីនា ឆ្នាំ២០២០មក ពោលគឺនៅពេលដែលកម្ពុជាទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីជួយសម្រាលបន្ទុកដល់អតិថិជន ដែលរងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលពីការឆ្លងរីករាលដាលនេះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


កម្ពុជា-ឡាវប្តេជ្ញាពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍

ថ្នាក់ដឹកនាំកម្ពុជា-ឡាវបានបង្ហាញការសាទរចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជា…

ធនាគារជាតិ បន្តក្រើនរំលឹកឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញ និងកុំប្រើប្រាស់កម្ចីក្រៅផ្លូវការ

ធនាគារជាតិនៃកម្ពុជា បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្តល់ប្រាក់កម្ចីតាមប្រព័ន្ធអនឡាញ និងជៀសវាងដាច់ខាតការប្រើប្រាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ