ផ្លែស្វាយកែវរមៀតចាប់ផ្ដើមហក់ឡើងថ្លៃវិញហើយ

ផ្លែស្វាយកែវរមៀតចាប់ផ្ដើមហក់ឡើងថ្លៃវិញហើយ ក្រោយម្ចាស់ចម្ការជាច្រើនបោះបង់ការដាំស្វាយខុសរដូវ


អ្នកជំនាញអះអាងថា នៅអំឡុងពេលប្រមូលផលស្វាយកែវរមៀតខុសរដូវ នៅឆ្នាំនេះ ឃើញថា តម្លៃស្វាយកែវរមៀតបានហក់ឡើងវិញខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺឡើងខ្ពស់បំផុតដល់ ២ពាន់រៀលក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទស្វាយខៀវ និងតម្លៃដល់៣ពាន់៥រយរៀលក្នុងមួយគីឡូក្រាមសម្រាប់ស្វាយក្នុងកញ្ចប់។
ផ្លែស្វាយកែវរមៀតចាប់ផ្ដើមហក់ឡើងថ្លៃវិញហើយ ក្រោយម្ចាស់ចម្ការជាច្រើនបោះបង់ការដាំស្វាយខុសរដូវ
ដោយ

បើតាមអ្នកជំនាញ តម្លៃស្វាយកែវរមៀតខុសរដូវ មានតម្លៃឡើងថ្លៃខ្ពស់នេះ គឺ ដោយសារតែរដូវនេះ មិនសូវសម្បូរស្វាយនោះទេ ចំពេលដែលកសិករដែលជាម្ចាស់ចម្ការជាច្រើន ក៏បានបោះបង់ការដាំស្វាយខុសរដូវនេះ ព្រោះពួកគាត់ជួបប្រទះបញ្ហាថ្លៃដើមខ្ពស់ ដូចជាជីកសិកម្មឡើងថ្លៃជាដើម និងបារម្ភទីផ្សារស្វាយធ្លាក់ថ្លៃ ដូចកាលពីអំឡុងស្វាយដើមរដូវ។ ទោះយ៉ាងណា អគ្គនាយកដ្ឋានកសិកម្មក៏បានជំរុញឲ្យកសិករគិតគួរធ្វើដំណាំស្វាយខុសរដូវនេះ ដើម្បីអាចប្រមូលផលបានរាល់ខែសម្រាប់គាំទ្រដល់ការនាំចេញផងដែរ។

លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា ជាការពិត ស្វាយកែវរមៀតនៅឆ្នាំនេះ ហាក់ជួបនូវបញ្ហាជាច្រើនបណ្តាលមកពីកត្តាខាងក្រៅកន្លងមកនេះ ដូចជាបញ្ហាប្រឈមនឹងហានិភ័យដោយសារអាកាសធាតុប្រែប្រួលច្រើន បញ្ហាតម្លៃនៃការដឹកជញ្ជូនហក់ឡើងខ្ពស់ រួមផ្សំនឹងការចំណាយថ្លៃដើមនៃការប្រើប្រាស់ធាតុចូលខ្ពស់ ដូចជាតម្លៃជីកសិកម្មកើនឡើងជាដើម ដែលកត្តាទាំងនេះធ្វើឲ្យម្ចាស់ចំការធំៗជាច្រើនបានផ្អាកការដាំដុះស្វាយខុសរដូវក្នុងឆ្នាំនេះ។ ចំពោះរដូវកាលប្រមូលផលស្វាយខុសរដូវនៅឆ្នាំនេះ លោកឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅមានម្ចាស់ចំការមួយចំនួនតូចប៉ុណ្ណោះ ដែលនៅបន្តព្យាយាមដាំស្វាយខុសរដូវនេះ ដែលធ្វើឲ្យទិន្នផលហាក់មិនសូវសម្បូរច្រើន ហើយគួបផ្សំមានតម្រូវការច្រើនពីប្រទេសជិតខាងដូចជា វៀតណាម និង ថៃ ផងនោះ ក៏បានធ្វើឲ្យស្វាយមានតម្លៃខ្ពស់ជាងមុន។ លោក ឧកញ៉ា ហ៊ុន ឡាក់ អះអាងថា បច្ចុប្បន្នតម្លៃនៅចំការតែម្តង គឺស្វាយកែវរមៀតខៀវមានតម្លៃប្រមាណ ២ពាន់រៀលក្នុងមួយគីឡូក្រាម និងស្វាយខ្ចប់មានតម្លៃប្រមាណ ៣ពាន់៥រយរៀលក្នុងមួយគីឡូក្រាម។

លោកឧកញ៉ា ហ៊ុន ឡាក់ បន្ថែមថា ចំពោះផលិតកម្មផ្លែស្វាយឆ្នាំនេះមានការប្រែប្រួលខ្លាំង បើធៀបនឹងឆ្នាំមុន តួយ៉ាងចំពោះផ្លែស្វាយដែលមិនត្រូវស្តង់ដារ ដូចជាស្វាយដែលមានទំហំតូចៗ ឬមានការប្រឡាក់ជាដើមនោះ ក៏មិនសូវសម្បូរដែរ ដូចនេះហើយបានជារោងចក្រកែច្នៃដំណាប់ស្វាយក៏មិនទាន់អាចប្រមូលទិញស្វាយបានគ្រប់គ្រាន់យកនៅកែច្នៃបាននៅឡើយទេ។

បើតាម ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីពេលថ្មីៗ បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម ជាមួយវិស័យឯកជននឹងធ្វើពិពិធកម្មដំណាំស្វាយ ដើម្បីឲ្យអាចប្រមូលផលបានរាល់ខែ ពោលគឺការជំរុញឲ្យកសិករធ្វើដំណាំស្វាយខុសរដូវ ដោយកំណត់ពេលវេលាឲ្យបានច្បាស់លាស់ក្នុងការប្រមូលផល។ ឯកឧត្តម សង្កត់ធ្ងន់ថា ជាក់ស្តែង បច្ចុប្បន្នស្វាយមានតម្លៃឡើងថ្លៃវិញ ខណៈដែលមិនសូវមានស្វាយសម្រាប់នាំចេញនោះទេ។ ដូចនេះហើយ ជាយុទ្ធសាស្ត្រគួរព្យាយាមធ្វើស្វាយខុសរដូវឲ្យបានច្រើនជាអតិបរមា ដែលអាចគាំទ្រសម្រាប់ការផ្គត់ផ្គង់បានរាល់ខែ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ស្វាយកែវរមៀតនេះមានលក្ខណៈពិសេសដែលយើងអាចបញ្ជាឲ្យមានផ្លែផ្កានៅពេលណាក៏បាន ទៅតាមបច្ចេកទេស គ្រាន់តែនៅរដូវភ្លៀងអាចមានការលំបាកបន្តិច និងត្រូវការដើមទុនច្រើន និងនៅពេលដែលស្វាយចេញផ្កាហើយមានភ្លៀវធ្លាក់ខ្លាំងអាចនាំឲ្យទិន្នផលធ្លាក់ចុះ ប៉ុន្តែនេះ គឺជាជម្រើសតែមួយគត់ដែលកម្ពុជាអាចប្រកួតប្រជែងនឹងទីផ្សារស្វាយរបស់ប្រទេសដ៏ទៃបាន។

បើតាមរបាយការណ៍របស់ លោកឧកញ៉ា ហ៊ុន ឡាក់ ការនាំចេញផ្លែស្វាយស្រស់មានការថយចុះនៅ រយៈពេល៧ខែ ឆ្នាំ ២០២២នេះ ដោយកម្ពុជាបាននាំចេញស្វាយស្រស់ក្នុងបរិមាណជិត ១១ម៉ឺន៨ពាន់តោនក្នុងរយៈពេល៧ខែ បានធ្លាក់ចុះ ២៦% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជិត ៣៣ពាន់លានដុល្លារ កើនឡើងជាង ២១% នៅ៧ខែក្នុងឆ្នាំ២០២២

ព័ត៌មាន
នៅរយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយនឹងអន្តរជាតិ មានទំហំទឹកប្រាក់សរុបជិត ៣៣ពាន់លានដុល្លារអាមេរិក មានក…

ថៃគ្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបំពាក់បំប៉នយុវជនកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនឯកជនធំមួយ ពីថៃបានបង្ហាញពីគោលបំណងចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលយុវជនបច្ចេកវិទ្យា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ