ក្នុងកិច្ចប្រជុំរវាងធនាគារអភិវឌ្ឍន៍ជនបទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ស្ដីអំពីកញ្ចប់ថវិកាកម្ចី និងការព្យារពេលសងត្រឡប់ប្រាក់កម្ចី កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា ដើម្បីជាការត្រៀមខ្លួនលើការទិញស្រូវសម្រាប់រដូវកាលបន្ទាប់ឆ្នាំ២០២០-២០២១ សហព័ន្ធ បានលើកជាសំណើដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឱ្យរក្សាទុកកញ្ចប់ថវិកាពិសេស ៥០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាលកម្ពុជាដែលនៅសល់ ក្រោយពីបានបញ្ចេញប្រើប្រាស់កាលពីកន្លងមក ទុកសម្រាប់ទិញស្រូវនារដូវប្រមូលផលជុំទីមួយនាពេលខាងមុខ ដូចជា ស្រូវក្រអូប ស្រូវសែនក្រអូបជាដើម។ លើសពីនេះ សហព័ន្ធស្រូវអង្ករ ក៏បានស្នើសុំបន្ថែមថវិកា ៣០ លានដុល្លារអាមេរិកទៀត សម្រាប់ការប្រមូលទិញស្រូវជុំទីពីរបន្ទាប់ ដូចជា ស្រូវក្រអូបប្រណិត: ស្រូវផ្ការំដួល រំដេង រមៀត សូម៉ាលី។
លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កញ្ចប់ថវិកា ដែលរាជរដ្ឋាភិបាលបានទម្លាក់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ៥០ លានដុល្លារអាមេរិក កាលពីពេលថ្មីៗនេះ គឺមិនទាន់ប្រើប្រាស់អស់នៅឡើយទេ ដោយសារតែ ថវិកានេះ បានទម្លាក់នៅចុងរដូវប្រមូលផល ខណៈដែលមានរោងម៉ាស៊ីនខ្លះ បានទិញស្រូវមុនរួចអស់ទៅហើយ។
ប៉ុន្ដែ សម្រាប់រដូវប្រមូផលនៅឆ្នាំ២០២០-២០២១ ខាងមុខនេះ លោក លន់ យ៉េង បញ្ជាក់ថា នឹងមានតម្រូវការទុន ពីធានាគារអភិវឌ្ឍន៍ជនបទកាន់តែច្រើន ព្រោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាឃ្លាំងស្ដុក មានពេលបានត្រៀមខ្លួនជាមុន ដើម្បីស្នើសុំទុនពីធនាគាររដ្ឋមួយនេះ។ ដូច្នេះហើយ ទើបសហព័ន្ធ ស្នើឲ្យមានការទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារអាមេរិកបន្ថែមទៀត។
បើតាម សហព័ន្ធទុន ៣០លានដុល្លារអាមេរិក បន្ថែមនេះ អាចនឹងផ្ដល់លទ្ធភាពឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ អាចបញ្ជាទិញស្រូវពីកសិករបានប្រមាណ ៣០ម៉ឺនតោនបន្ថែមទៀត។ ប៉ុន្ដែ បើសួរថា តើថវិកាប៉ុណ្ណេះ គ្រប់គ្រាន់ទេ? តំណាងសហព័ន្ធស្រូវអង្ករអះអាងថា មិនទាន់គ្រប់គ្រាន់នៅឡើយទេ។
លើសពីនេះទៀត ខាងសហព័ន្ធស្រូវអង្ករ ក៏បានស្នើបន្ថែមរយៈពេលបង្វិលសងប្រាក់កម្ចីពី ៦ខែទៅ១២ខែ ទៅកាន់ធនាគារអភិវឌ្ឍន៍ជនបទផងដែរ។ បើតាមការបញ្ជាក់របស់លោក លន់ យ៉េង ការស្នើពន្យារពេលសងប្រាក់កម្ចីនេះ គឺដោយសារតែ សមាជិករបស់សហព័ន្ធ ស្រូវអង្ករកម្ពុជា កំពុងប្រឈមនឹងបញ្ហាសកល Covid-19 ដោយហេតុផលអ្នកនាំចេញមួយចំនួនមានការពន្យារពេលទូទាត់ពីអ្នកបញ្ជាទិញរបស់ប្រទេសនាំចូល ដែលនាំឱ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមានការខកខាន និងរាំងស្ទះ។
លើបញ្ហាសំណើនេះឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានទទួលយកសំណើ ទាំងនេះ ទៅទៅសិក្សាបន្ដ និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។ ឯកឧត្តម កៅ ថាចក៏បានគូសបញ្ជាក់ដែរថា ការអនុវត្តកន្លងមកនេះ គឺធនាគារបានអនុគ្រោះជាពិសេសដល់វិស័យស្រូវអង្ករមួយចំនួនធំរួចមកហើយ។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា រំពឹងថា នឹងមានរហូតដល់ ៨០ម៉ឺនតោន ឬយ៉ាងហោចណាស់ ក៏មានកំណើនប្រចាំឆ្នាំ ២០%ដែរ។ ការរំពឹងបែបនេះ ដោយសារសហព័ន្ធ បានមើលឃើញពីសន្ទុះកំណើននៅរយៈពេលចុងក្រោយនេះ ពោលគឺ នៅ២ខែ ដើមឆ្នាំនេះ កម្ពុជាសម្រេចបានកំណើននាំចេញអង្ករជាង ២២% ដែលមានបរិមាណនាំចេញអង្ករសរុបជាង ១៣ម៉ឺន ៦ពាន់តោន។ ដោយឡែក កាលពីឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៦២ម៉ឺនតោន ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ២០១៨៕