ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់តាមបណ្តាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបានចំនួន៥៥ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូ ចំនួន១៨ បានប្រកបអាជីវកម្មមិនសុចរិតផ្នែកបរិមាណ និងគុណភាព។ ថ្នាក់ដឹកនាំរូបនេះបានអះអាងថា នៅក្នុងករណីទាំងនេះ ពុំមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបុគ្គលដែលបានប្រព្រឹត្យល្មើសនោះទេ ដោយគ្រាន់តែព្រមាន និងពិន័យអន្តរការទៅតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្រោយពីមានការចុះត្រួតពិនិត្យពីសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប.ដូចភ្លៀងរលឹមជាបន្តបន្ទាប់រួចមក បទល្មើសក្នុងវិស័យប្រេងឥន្ធនៈមានការថយចុះគួរកត់សម្គាល់ ដែលនេះបញ្ជាក់ឱ្យឃើញថា អគ្គនាយកដ្ឋាននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ រក្សាភាពត្រឹមត្រូវលើការប្រកួតប្រជែងក្នុងវិស័យប្រេងឥន្ធនៈ ក៏ដូចជាជួយគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
គួរបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យ និងអនុវត្តវិធានការវិន័យក្រោមរូបភាពធ្វើកិច្ចសន្យាណែនាំ និងពិន័យអន្តរការណ៍លើម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈយ៉ាងសស្រាក់សស្រាំក្នុងក្របខណ្ឌទូទាំងប្រទេស។ ប៉ុន្តែនៅតែសង្កេតឃើញថា សកម្មភាពលក់ប្រេងឥន្ធនៈបន្លំគុណភាព និងបរិមាណរបស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅតែបន្តកើតមានជាហូរហែ។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួនជិត១ពាន់៧រយកន្លែង ក្នុងនោះមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញបានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ មានការថយចុះ២០% បើធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ បូ ដូឡា