លោក ឈាង លី អ្នកចិញ្ចឹមក្រពើម្នាក់នៅខេត្តកំពង់ធំ បានសម្រេចចិត្តលក់ក្រពើចេញក្នុងតម្លៃថោកដោយគ្មានទទួលបានប្រាក់ចំណេញជាបន្តបន្ទាប់ ក្រោយគ្មានឈ្មួញចុះទិញ និងការបញ្ជាទិញពីទីផ្សារបរទេសដូចពីមុន។
បើតាមការអះអាងរបស់អ្នកចិញ្ចឹមក្រពើរូបនេះ បច្ចុប្បន្នក្រពើមេមួយក្បាលអាចលក់បានក្នុងតម្លៃចម្លោះពី៤០ទៅ៥០ដុល្លារតែប៉ុណ្ណោះ ខណៈកាលពីមុនមេក្រពើមួយក្បាលអាចលក់ចេញក្នុងតម្លៃរហូតដល់ខ្ទង់ពាន់ដុល្លារឯណោះ។ សម្រាប់លោក ឈាង លី តម្លៃក្រពើបច្ចុប្បន្នពុំអាចយកទៅទិញចំណី ដើម្បីផ្គត់ផ្គង់ដល់ការចិញ្ចឹមបាននោះទេ។ កត្តានេះបានធ្វើឱ្យជោគវាសនានៃការបន្តមុខរបរចិញ្ចឹមក្រពើរបស់លោក លី ស្ថិតភាពមិនច្បាស់លាស់ ហើយលោកអះអាងថា លោកអាចនឹងបោះបង់ការចិញ្ចឹមនាពេលខាងមុខ ប្រសិនបើទីផ្សារក្រពើពុំមានភាពប្រសើរឡើង។
ពាក់ព័ន្ធរបរចិញ្ចឹមក្រពើនេះ លោក សំ ស្រឿន អ្នកចិញ្ចឹមក្រពើម្នាក់នៅខេត្តកំពង់ធំដែរនោះបានអះអាងថា លោកបានបង្ខំចិត្តលក់ក្រពើទាំងអស់ចេញទាំងខាតដើម ហើយបោះបង់ការចិញ្ចឹមតែម្តងកាលពីពេលថ្មីៗនេះ ដោយសារតែមិនអាចទ្រាំទ្រនឹងការខាត ព្រោះតម្លៃក្រពើធ្លាក់ថ្លៃខ្លាំងពេក។ បើតាមអ្នកចិញ្ចឹមក្រពើរូបនេះ ស្ថានភាពទីផ្សារសត្វក្រពើបច្ចុប្បន្នមិនអាចទ្រទ្រង់ដល់ដំណើរការចិញ្ចឹមបានឡើយ ដោយសារពិបាករកផលចំណេញ ហើយកត្តានេះចង់ឬ មិនចង់អ្នកចិញ្ចឹមសត្វក្រពើអាចនឹងបោះបង់ចោលការចិញ្ចឹមកាន់តែច្រើននាពេលខាងមុខ។
យោងតាមទិន្នន័យពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២៣ កសិដ្ឋាននានានៅកម្ពុជាចិញ្ចឹមក្រពើបានចំនួនជាង៣៣ម៉ឺនក្បាល មានការថយចុះជាង៥ម៉ឺន៨ពាន់ក្បាលស្មើនឹង១៥% បើធៀបនឹងឆ្នាំ២០២២។ បច្ចុប្បន្ននៅកម្ពុជា មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន២៦៨កន្លែងស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង៕
អត្ថបទ៖ បូ ដូឡា